កីឡាអន្តរជាតិ
អន្តរជាតិ
ACL៖ Ronaldo ថាជារាត្រីអស្ចារ្យ ក្រោយស៊ុត ២គ្រាប់ជួយ​​ Al Nassr ឈ្នះ Al Duhail ទាំងប្រផិតប្រផើយ
25, Oct 2023 , 7:39 pm        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ២គ្រាប់នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើ Al Duhail លទ្ធផល ៤-៣ នៃជំនួបវគ្គចែកពូលពានរង្វាន់ AFC Champions League ក្នុងពូល E តំបន់ភាគខាងលិចទ្វីបអាស៊ី។ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បង្ហាញក្តីរីករាយ និងចាត់ទុក ជារាត្រីដ៏អស្ចារ្យសម្រាប់ខ្លួន និងក្រុមទាំងមូលសម្រាប់៣ពិន្ទុនេះ។


សម្រាប់ក្រុម Al Nassr គ្រាប់បាល់ដំបូងកើតឡើងដោយការស៊ុតបាល់ពីសំណាក់ខ្សែបម្រើ Anderson Talisca ក្នុងនាទី២៥ ហើយដែលជាការបញ្ជូនបាល់ពីសំណាក់ Cristiano Ronaldo។ គ្រាប់បាល់ទី២ ធ្វើបានដោយខ្សែប្រយុទ្ធ Sadio Mane ក្នុងវគ្គទីពីរនាទី៥៦ មុនពេលដែល Cristiano Ronaldo បញ្ចប់សំណាញ់ទី ២គ្រាប់នៅនាទី៦១ និងនៅនាទី៨១។ 
 
ជួយក្រុមឈ្នះការប្រកួត ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ រីករាយខ្លាំងចំពោះលទ្ធផល នឹងថាជារាត្រីដ៏អស្ចារ្យសម្រាប់ខ្លួន និងក្រុមទាំងមូល ព្រមទាំងសម្រាប់អ្នកគាំទ្រ។
 
«រាត្រីដ៏អស្ចារ្យនៅក្នុងទីក្រុងរីយ៉ាដ ៣ប្រកួតឈ្នះទាំង៣ ហើយនឹងក្លាយជាក្រុមឈរនៅកំពូលតារាង។ អបអរខួប ៦៨ឆ្នាំ ទៅកាន់ក្លិប Al Nassr Fc។»។ Ronaldo បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Instagram បែបនេះក្រោយជ័យជម្នះរបស់ក្រុមរួចមក។
 
Ronaldo រួមចំណែកជួយដល់ក្រុម Al Nassr យកឈ្នះការប្រកួត ៣លើកជាប់ៗគ្នានៅក្នុងពានរង្វាន់ AFC Champions League សម្រាប់ជំនួបវគ្គចែកពូលជើងទីមួយនេះ។ Al Nassr ក្រសោបបាន ៩ពិន្ទុពេញពីការប្រកួត ៣លើក ខណៈដែលការប្រកួតជើងទីពីរពួកគេនឹងស្វាគមន៍ក្រុមភ្ញៀវ Persepolis ដែលមកពីអ៊ីរ៉ង់។
 
ជាមួយ Al Nassr ប្រធានក្រុមព័រទុយហ្កាល់ បានរកឃើញទម្រង់លេងដ៏ល្អពូកែរបស់គេឡើងវិញ ហើយរូបគេតែងតែរកបានគ្រាប់បាល់ក្នុងការប្រកួតនានា។ Ronaldo ស៊ុតចូលទី១៤ ពីការបង្ហាញខ្លួន ១៣លើកសម្រាប់ Al Nassr រដូវកាលនេះ៕
 

Tag:
 Cristiano Ronaldo
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com