កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Barca, Man City, PSG បំបាក់ដៃគូរៀងៗខ្លួនដើម្បីឈរកំពូលតារាង
26, Oct 2023 , 2:39 pm        
រូបភាព
ការប្រកួតពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុប UEFA Champions League វគ្គចែកពូលជុំទី៣ នារាត្រីថ្ងៃទី២៥ ខែតុលា ក្រុមខ្លាំងៗមកពីលីគកំពូលចំនួន ៣ ប្រជែងឈ្នះការប្រកួតឡើងឈរកំពូលតារាងតាមពូលរៀងៗខ្លួន។ Barcelona យកឈ្នះក្រុម Shakhtar Donetsk លទ្ធផល ២-១ ទាំងលំបាក ខណៈពេលដែល Manchester City ឈ្នះ Young ក្នុងទឹកដី ៣-១ រីឯជើងខ្លាំងបារាំង Paris Saint Germain លត់ AC Milan ៣-០ ដើម្បីឡើងឈរកំពូលតារាងរៀងខ្លួន។


ជ័យជម្នះរបស់ Barca អរគុណទៅដល់គ្រាប់បាល់ដែលកើតចេញពីកីឡាករ Ferran Torres នៅនាទី២៨ និង Fermin Lopez នាទី៣៦ ក្នុងវគ្គទីមួយ ដើម្បីជួយដល់ក្រុមដែលដឹកនាំដោយលោក Xavi Hernandez ក្រសោបបាន ៣ពិន្ទុបន្ថែមសម្រាប់ជុំទី៣ ជើងទីមួយ ក្នុងពូល H។ Shakhtar Donetsk តាមបាន ១គ្រាប់មកវិញនៅនាទី៦២ ក្នុងវគ្គទីពីរ ដោយកីឡាករ Georgiy Sudakov។
 
ឆ្លងកាត់ ៣ប្រកួត Barca មិនដែលចាញ់ឡើយ ដោយរកបាន ៩ពិន្ទុពេញ ដើម្បីកាន់កាប់តំណែងកំពូលតារាង ឈរពីលើក្រុមលេខ ២ FC Porto មកពីព័រទុយហ្កាល់ ដែលបានប្រកួតយកឈ្នះលើក្រុម Royal Antwerp លទ្ធផល ៤-១ នៅជុំទី៣ នេះ។ Shakhtar Donetsk ឈរចំណាត់ថ្នាក់លេខ ៣ មាន៣ពិន្ទុ ខណៈដែលក្រុមបាតតារាងជា Royal Antwerp មិនដែលឈ្នះការប្រកួតសោះ។
  


Man City ក្រុមការពារជើងឯកក៏បន្តធ្វើបានល្អក្នុងដំណើរការប្រជែង UCL ដោយបានយកឈ្នះការប្រកួតលើក្រុម Young Boys លទ្ធផល ៣-១ ក្នុងទឹកដីកីឡដ្ឋាន Etihad របស់ខ្លួន ក្នុងជំនួបពូល G។ ក្រុម Man City បើទោះជាមួយរយៈចុងក្រោយមានបញ្ហាទម្រង់លេងបន្តិចបន្តួចក្នុងលីគក៏ដោយក្តីប៉ុន្តែពួកគេនៅតែត្រូវបានគេរំពឹងថានឹងអាចជាក្រុមមួយដែលពិបាកក្នុងការយកឈ្នះ សម្រាប់ក្រុមដទៃផ្សេងទៀតនៅក្នុង UCL។
 
ក្រុមដឹកនាំដោយលោក Pep Guardiola ក៏រកបាន ៩ពិន្ទុពេញពីការប្រកួតចំនួន ៣លើកដូចគ្នា ហើយក្រុមលេខ ២ RB Leipzig មាន ៦ពិន្ទុ ឈរពីលើក្រុម Young Boys លេខ៣ និងក្រុម FK Crvena Zvezda លេខ៤ ដែលមាន ១ពិន្ទុដូចគ្នា។
  


សម្រាប់ជំនួបពូល F ដែលជាពូលដ៏តានតឹងខ្លាំងពោរពេញដោយក្រុមខ្លាំងៗ PSG ជើងខ្លាំងរបស់បារាំង ធ្វើបានល្អខ្លាំង ដោយបានយកឈ្នះការប្រកួតលើក្រុមខ្លាំងមកពីអ៊ីតាលី AC Milan លទ្ធផល ៣-០។ ជ័យជម្នះដ៏ត្រជះត្រចង កើតចេញពីការសហការគ្នាបានយ៉ាងល្អរបស់តំបន់ខ្សែប្រយុទ្ធ ដោយកីឡាករ Kylian Mbappe ស៊ុតគ្រាប់ទីមួយ នៅនាទី៣២  ហើយចូលវគ្គទីពីរ កីឡាករ Kolo Muani ស៊ុតគ្រាប់ទីពីរ នាទី៥៣ និងគ្រាប់ទីបីដោយកីឡាករសញ្ជាតិកូរ៉េខាងត្បូង Lee Kang-in។ 
 
PSG ឈ្នះការប្រកួតឡើងឈរកំពូលតារាង ដែលមាន ៦ពិន្ទុក្នុងដៃ ខណៈដែល Borussia Dortmund បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Newcastle United លទ្ធផល ១-០ ដើម្បីឡើងឈរនៅចំណាត់ថ្នាក់លេខ ២ ដោយមាន ៤ពិន្ទុ។ ដ្បិតក្នុងនាមជាម្ចាស់ផ្ទះប៉ុន្តែ Newcastle បានធ្វើឱ្យរបូតឱកាសក្នុងរក្សាតំណែងលេខ ២ របស់ខ្លួន ចំណែក AC Milan ក្រុមចំណាត់ថ្នាក់កំពូលទាំង ៤ UCL រដូវកាលមុន ហាក់ជួបវិបត្តិក្នុងការប្រជែងនៅក្នុងពូលដ៏ខ្លាំងមួយនេះ៕

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com