កីឡាអន្តរជាតិ
អន្តរជាតិ
Messi, Haaland និង Mbappe មានប្រៀបសម្រាប់តំណែង Ballon d’Or ឆ្នាំ២០២៣
26, Oct 2023 , 9:29 pm        
រូបភាព
Lionel Messi រួមជាមួយ Erling Haaland និង Kylian Mbappe មានប្រៀបជាងគេ ចំណោមកីឡាករទាំង ៣០រូប ក្នុងការប្រជែងយកពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ឆ្នាំ២០២៣។


Lionel Messi នៅតែជាកីឡាករកំពូលមួយរូបដែលគេមិនអាចបំភ្លេចបាន ខណៈដែលខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ​ កំពុងសម្លឹងមើលការឈ្នះពានរង្វាន់ទី៨ របស់ខ្លួន ក្រោយបានឈ្នះពានរង្វាន់ World Cup 2022 ជាមួយអាហ្សង់ទីន ស្របពេលដែល Erling Haaland និង Kylian Mbappe ក៏រំពឹងថានឹងអាចឈ្នះពានរង្វាន់មួយនេះលើកដំបូងក្នុងអាជីព។ ការប្រកាសសម្រាប់អ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា។
 
ប្រធានក្រុមអាហ្សង់ទីន ជាកីឡាករដ៏អស្ចារ្យបំផុតមួយនៅលើពិភពបាល់ទាត់ ដោយរូបគេបានសម្រេចក្តីស្រមៃឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០២២ ដែលរូបគេបានទន្ទឹងរង់ចាំរយៈពេលជាងច្រើនឆ្នាំ។ ពានរង្វាន់ World Cup គឺពានរង្វាន់ចុងក្រោយដែលរូបគេបានស្វែងរកដើម្បីទីបង្គ្រប់កំណត់ត្រាក្នុងនាមជាកីឡាករដែលឈ្នះពានរង្វាន់ធំៗទាំងអស់លើពិភពលោក។ Messi បានទៅចូលរួមក្លិប Inter Miami កាលពីខែមិថុនា រូបគេក៏បានបង្ហាញទម្រង់លេងដ៏ខ្លាំងរបស់គេជួយ Inter Miami ឈ្នះពានរង្វាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រថែមទៀត បើទោះជារូបគេមានវ័យ ៣៦ឆ្នាំ ក៏ដោយក្តី។
 
Erling Haaland ជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ខ្លាំងពូកែរបស់ក្រុម Manchester City ដោយក្លិបមួយនេះដើរលើផ្លូវដ៏ត្រូវបំផុតដែលចុះកិច្ចសន្យាយកកីឡាករសញ្ជាតិន័រវែសមួយនេះ។ Haaland ជួយបង្កើនប្រវតិ្តសាស្ត្រដល់ក្លិបជាមួយការឈ្នះពានរង្វាន់ ៣ក្នុងមួយរដូវកាល កាលពីរដូវកាល ២០២២-២៣ ហើយដោយគេក៏រកបានគ្រាប់បាល់ច្រើនបំផុត ៦១គ្រាប់ ពីការបង្ហាញខ្លួន ៥៣លើក។ កំណត់ត្រាដ៏ធំសម្បើមទាំងនេះបានរុញច្រាន Haaland ក្នុងនាមជាកីឡាករដែលគួរតែឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣។
 
Kylian Mbappe ក៏នៅតែជាកីឡាករមួយរូបតែងតែមានវត្តមានក្នុងការប្រកួតប្រជែងពានរង្វាន់មួយនេះ ប៉ុន្តែបើមើលតាមការបង្ហាញរបស់គេរដូវកាលមុន ហាក់បីមិនអាចនឹងប្រជែងទល់នឹង Messi បានឡើយ ខណៈដែលមាន Haaland កំពុងតែធ្វើឱ្យកក្រើកនៅបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប។ តែយ៉ាងណាកំណត់ត្រានៃការឈ្នះ World Cup 2018 និងជួយ PSG ឈ្នះពានរង្វាន់ Ligue 1 ៥រដូវកាលជាប់គ្នា ធ្វើឱ្យរូបគេជាកីឡាករមួយរូបដែលមិនអាចមើលរំលងបាន។
 
Rodri ខ្សែបម្រើក្រុម Manchester City កាលពីរដូវកាលមុន គឺជាតួឯកដែលស៊ុតបាល់បញ្ចូលទីជួយដល់ក្រុមឈ្នះពានរង្វាន់ UEFA Champions League។ កីឡាកររូបនេះសំខាន់ខ្លាំងសម្រាប់ក្រុមរបស់លោក Pep Guardiola ប្រសិនបើគ្មានរូបគេនោះក្រុមនឹងជួបបញ្ហាក្នុងការប្រកួត មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេនៅពេលរូបគេបានវិលត្រឡប់ជួយក្រុមក្រោយការប្រកួតឱ្យក្រុមជម្រើសជាតិរួច រូបគេរួមចំណែកដល់ Man City យកឈ្នះលើ Brighton កាលពីសប្តាហ៍មុន។
 
Vinicius Junior របស់ក្រុម Real Madrid ក៏ជាកីឡាករមួយរូបស្ថិតក្នុងការប្រជែងពានរង្វាន់នេះផងដែរ ដោយគេត្រឹមតែវ័យ ២៣ឆ្នាំ តែគេរកបានគ្រាប់បាល់ ៦០គ្រាប់ហើយសម្រាប់ក្រុម Real Madrid។ កីឡាករសញ្ជាតិប្រេស៊ីលបានជួយដល់ក្រុមយក្សអេស្ប៉ាញឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០២១-២២ ជាមួយនឹងការស៊ុតគ្រាប់បាល់ ៤៤គ្រាប់ផងដែររាល់ការប្រកួតទាំងលីគ និង UCL។
 
Kevin De Bruyne ខ្សែបម្រើរបស់ Manchester City បច្ចុប្បន្នជាខ្សែបម្រើដ៏ខ្លាំងជាងគេបង្អស់ក្នុងពិភពបាល់ទាត់ ដោយរូបគេបានជួយដល់ក្រុមឈ្នះពានរង្វាន់ ៣ រដូវកាលមុន។ កាលពីឆ្នាំ ២០២២ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានស្ថិតក្នុងចំណាត់ថ្នាក់លេខ​៣ ក្នុងការប្រជែងពានរង្វាន់ Ballon d’Or នេះ៕
 

Tag:
 Ballon d’Or
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com