កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធបាល់ទាត់បូស្នី រងទណ្ឌកម្មពី UEFA ចំពោះបញ្ហាអុកឡុករបស់ហ្វូងអ្នកគាំទ្រ
27, Oct 2023 , 9:09 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ដាក់ទណ្ឌកម្មលើសហព័ន្ធកីឡាបាល់ទាត់ប្រទេសបូស្នី (NFSBIH) សម្រាប់ការរំខានពីសំណាក់ហ្វូងអ្នកគាំទ្រនៅក្នុងការប្រកួតវគ្គជម្រុះ Euro 2024 របស់ក្រុមជម្រើសជាតិបូស្នី។ នេះបើតាមការប្រកាសរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប នាថ្ងៃទី២៥ ខែតុលា។


ក្រុមប្រឹក្សាគ្រប់គ្រងក្រមសីលធម៌ និងវិន័យរបស់ UEFA បានដាក់ពិន័យជាប្រាក់ចំនួន ២១,០០០ដុល្លារ ទៅលើសហព័ន្ធបាល់ទាត់បូស្នី និងបញ្ជាឱ្យបិទផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេ សម្រាប់ការប្រកួតបន្ទាប់ក្នុងទឹកដី បន្ទាប់ពីអ្នកគាំទ្រប្រទេសមួយនេះ បានបង្កការអុកឡុក និងអាកប្បកិរិយារើសអើង អំឡុងពេលការប្រកួតជាមួយនឹងក្រុមព័រទុយហ្កាល់ កាលពីថ្ងៃទី១៧ ខែតុលា។ ជំនួបនោះ ព័រទុយហ្កាល់យកឈ្នះ ៥-០។
 
NFSBIH ក៏ត្រូវរងពិន័យជាប្រាក់បន្ថែម ២៦,០០០អឺរ៉ុ (២៩,០០០ដុល្លារ) សម្រាប់ការបិទច្រកចេញចូលសាធារណៈ ចេញចូលកីឡដ្ឋាន និងបានចោលរបស់របរវត្ថុផ្សេងៗចូលក្នុងទីលានប្រកួតផងដែរ។
 
UEFA ក៏បានដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសបូស្នី ដោយហាមឃាត់ការលក់សំបុត្រចូលទស្សនាសម្រាប់អ្នកគាំទ្រ នៅការប្រកួតបន្ទាប់ក្រៅទឹកដីរបស់ពួកគេ សម្រាប់ការចោលកាំជ្រូចភ្លើង និងកាំជ្រូចផ្ទុះក្នុងកីឡដ្ឋានអំឡុងក្រុមពួកគេនឹងត្រូវជួបក្រុមលិចស្តង់ស្តាញ កាលពីថ្ងៃទី១៣ ខែតុលា។ UEFA បន្ថែមការពិន័យទឹកប្រាក់ចំនួន ២១,០០០ដុល្លារបន្ថែមសម្រាប់រឿងនេះ៕
 

Tag:
 UEFA
© រក្សាសិទ្ធិដោយ thmeythmey.com