កីឡាអន្តរជាតិ
អន្តរជាតិ
Onana អ្នកចាំទី Man Utd គាំទ្រ Garnacho ដែលប្រដូចខ្លួននឹងសត្វស្វាហ្គូរីឡាលើបណ្តាញសង្គម 27, Oct 2023 , 3:59 pm
× Andre Onana អ្នកចាំទីក្រុម Manchester United បង្ហាញការគាំទ្រដល់មិត្តរួមក្រុម Alejandro Garnacho ជុំវិញការបង្ហោះរូបនៅលើបណ្តាញសង្គម X ដោយដាក់រូបសត្វស្វាហ្គូរីឡាដំណាងឱ្យការសង្គ្រោះគ្រាប់បាល់ពិន័យ ១១ម៉ែត្រជាមួយនឹងអ្នកចាំទីសញ្ជាតិកាម៉េរូន។ ទោះ Onana មិនប្រកាន់ការដាក់រូបភាពសត្វស្វាហ្គូរីឡានោះ ប៉ុន្តែត្រូវបានគេចាត់ទុកថាប្រៀបបានជាការរើសអើង ស្របពេល Garnacho ត្រូវសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បើកការស៊ើបអង្កេត។
Garnacho កីឡាករវ័យ ១៩ឆ្នាំ សញ្ជាតិអាហ្សង់ទីន បានបង្ហោះរូបភាពដែលមានរូបគេឈរក្បែខ្សែការពារ Harry Maguire អបអរជាមួយនឹងអ្នកចាំទី Onana ក្រោយរូបគេបានសង្គ្រោះគ្រាប់បាល់ពិន័យ ១១ម៉ែត្រនៅចុងម៉ោង ក្នុងជំនួបពានរង្វាន់វគ្គជម្រុះ UEFA Champions League ទល់នឹងក្រុម FC Copenhagen កាលពីថ្ងៃទី២៤ ខែតុលា។
ការបង្ហោះនោះ Garnacho បានដាក់រូបភាពដែលបង្ហាញពីអារម្មណ៍ ឬ (Emoji) ដោយដាក់រូបសត្វស្វាហ្គូរីឡា (Gorilla) ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក រូបគេក៏បានលុបការបង្ហោះនោះចេញវិញ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ស្ថាប័ន FA បានទាក់ទងទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនសួរនាំចំពោះការបង្ហោះរូបភាពដោយមានរូបស្វាហ្គូរីឡា ដែលហាក់សំដៅទៅកាន់អ្នកចាំទី Onana។
ទោះបីជាយ៉ាងនេះក្តី Onana ក៏បានបង្ហោះនៅលើបណ្តាញសង្គម X គាំទ្រដល់ការបង្ហោះរបស់មិត្តរួមក្រុម ហើយថែមទាំងថាខ្សែប្រយុទ្ធគ្មានកំហុសចំពោះការបង្ហោះនោះឡើយ។ Onana បាននិយាយបែបនេះ ៖ « មនុស្សគ្រប់គ្នាមិនអាចជ្រើសរើសអ្វីដែលនឹងធ្វើឱ្យខ្ញុំគួរអាក់អន់ចិត្តឡើយ។ ខ្ញុំដឹងច្បាស់ថា Garnacho ចង់មានន័យយ៉ាងណា ដោយរូបភាពនោះគេចង់បង្ហាញពីថាមពល និងកម្លាំង ហើយរឿងរ៉ាវទាំងនេះមិនគួរបន្តមានរឿងវែងឆ្ងាយទៀតទេ។»។
អំឡុងការប្រកួតដែល Man United យកឈ្នះការប្រកួត Champions League ក្នុងពូល A ដោយយកឈ្នះលើក្រុម FC Copenhagen ដោយគ្រាប់បាល់ជ័យជម្នះ ១-០ ជាការតែតយ៉ាងល្អពីសំណាក់ខ្សែការពារ Harry Maguire។ Harry Maguire តែតបាល់បញ្ចូលទី១គ្រាប់ និង Onana សង្គ្រោះបាល់ពិន័យ ១១ម៉ែត្រចុងម៉ោង ជាតួឯកក្នុងការជួយនាំ ៣ពិន្ទុ លើកដំបូងក្នុងការប្រកួតពានរង្វាន់អឺរ៉ុប៕
Tag:
Andre Onana
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com