កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្ររិះគន់ EPL ដាក់ប្រកួត Wolves-Chelsea ចំថ្ងៃណូអែល
28, Oct 2023 , 10:10 pm        
រូបភាព
ការសម្រេចចិត្តរៀបចំការប្រកួតរវាង Chelsea ទល់នឹងម្ចាស់ផ្ទះ Wolverhampton Wanderers ពីសំណាក់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ​ចំថ្ងៃណូអែល (Christmas) កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្លិបស្ថិតក្នុងទីក្រុងឡុងដ៍។ អ្នកគាំទ្រក្រុមតោខៀវ នាថ្ងៃទី២៦ ខែតុលា បានចាត់ទុកថាការរៀបចំរបស់ EPL ជារឿងមិនអាចទទួលយកបាន។

ដំបូងឡើយកាលវិភាគនៃការប្រកួតរវាងក្រុមទាំងពីរក្នុងក្របខណ្ឌ EPL ត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី២៣ ខែធ្នូ ប៉ុន្តែការប្រកួតត្រូវបានលើកពេលទៅកាន់ថ្ងៃទី២៥ ខែធ្នូ វិញ។ ការសម្រេចចិត្តលើកពេលបែបនេះ ធ្វើឱ្យការប្រកួតក្នុងក្របខណ្ឌ EPL រវាងក្រុមទាំងពីរ នឹងក្លាយជាការប្រកួតលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៥ មក ដែលថ្ងៃបុណ្យណូអ៊ែល។ 
 
ក្រុមអ្នកគាំទ្រក្លិបតោខៀវ (CST) និយាយថា អ្នកគាំទ្ររបស់ក្លិបប្រឈមមុខនឹងបញ្ហាក្នុងការធ្វើដំណើរទៅកាន់ទឹកដីរបស់ក្លិប Wolves នៅចុងសប្តាហ៍នៃវិស្សមកាល ដែលចំថ្ងៃបុណ្យណូអ៊ែល។
 
«វាគឺជារឿងដែលមិនអាចទទួលយកបានដែលការប្រកួតរវាង Wolves ទល់ Chelsea ត្រូវបានលើកពេលទៅកាន់ថ្ងៃបុណ្យណូអ៊ែល។ មិនត្រឹមតែអាចនាំឱ្យមានបញ្ហាបុគ្គលិកនៅក្នុងទីក្រុង Molineux ប៉ុណ្ណោះទេ ប៉ុន្តែកាលវិភាគនៃការដឹកនាំជញ្ជូនថ្ងៃឈប់សម្រាកនឹងធ្វើឱ្យអ្នកគាំទ្រមានភាពលំបាកក្នុងការធ្វើដំណើរថែមទៀត។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកគាំទ្រក្លិប Chelsea (CST)។
 
ក្រុម CST បានអះអាងបន្ថែមថាខ្លួនបានស្នើសុំជួបប្រជុំជាមួយនឹងខាងស្ថាប័ន Premier League នៅថ្ងៃទី២៦ ខែតុលា ដើម្បីដោះស្រាយលើបញ្ហានេះ ហើយពួកគេសង្ឃឹមថានឹងជជែកជាមួយក្រុមអ្នកគាំទ្រក្លិប Wolves ក៏ដូចជាសមាគមអ្នកគាំទ្របាល់ទាត់ (FSA) ថែមទៀត។
 
បើតាមការបញ្ជាក់ពីសំណាក់សមាគម FSA ក្រុមអ្នកគាំទ្រ Chelsea នឹងត្រូវរៀបចំសំណើរទៅកាន់ Premier league ដើម្បីបង្ហាញអំពីបញ្ហា ដើម្បីអាចឱ្យខាង Premier League រៀបចំការសម្រេចចិត្តលើកាលវិភាគសារជាថ្មី។ សមាគម FSA ក៏បានចាត់ទុកការលើកថ្ងៃនៃការប្រកួតនេះថាជារឿងដ៏គួរភ្ញាក់ផ្អើល។
 
សម្រាប់អ្នកគាំទ្រក្រុម Wolves វិញបានចាត់ទុកការលើកកាលវិភាគប្រកួតនេះថាជារឿងដែលមិនគោរពដល់ក្រុមអ្នកគាំទ្ររបស់ក្រុមទាំងសងខាង៕

Tag:
 (Premier League
  Chelsea)
© រក្សាសិទ្ធិដោយ thmeythmey.com