កីឡាអន្តរជាតិ
អន្តរជាតិ
Sadio Mane គ្រោងទិញក្លិបបាល់ទាត់នៅបារាំង Bourges Foot 18
29, Oct 2023 , 10:10 pm        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ Sadio Mane កំពុងស្ថិតក្នុងដំណើរការទិញក្លិបមួយនៅបារាំងគឺក្លិប Bourges Foot 18 ដែលស្ថិតនៅលីគលំដាប់ទី៤។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍កីឡា ESPN នាថ្ងៃទី២៥ ខែតុលា។


កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានគេគិតថា កំពុងមានឆន្ទៈក្នុងការវិនិយោគក្នុងក្លិបបាល់ទាត់មួយទៀតសម្រាប់ពេលនេះ ហើយទំនាក់ទំនងរបស់គេជាមួយនឹងអតីតប្រធានក្លិប Bourges Foot 18 លោក Cheikh Sylla គឺជាចំណុចដែលជំរុញការចង់ទិញក្លិបមួយនេះ។ បើតាមការអះអាង ប្រសិនបើ Mane ទិញក្លិបនេះបានមែន លោក Sylla នឹងនៅតែជាប្រធានក្លិបដដែល។
 
បើតាមប្រភពបញ្ជាក់ប្រាប់ ESPN ខ្សែប្រយុទ្ធក្រុម Al Nassr  បានរួមចំណែកថវិកាមួយចំនួនដល់ក្លិបដើម្បីជួយពួកគេក្នុងការជ្រើសរើសកីឡាករអំឡុងទីផ្សារដោះដូររដូវកាលមុន។ ការប្រកាសលើសនេះគឺនឹងធ្វើឱ្យអតីតខ្សែប្រយុទ្ធក្រុម Liverpool និង Bayern Munich ក្លាយជាអ្នកវិនិយោគតែម្តង។
 
ការទិញរបស់ Mane ក៏ទទួលបានការគាំទ្រ និងយល់ព្រមពីអភិបាលក្រុងលោក Yann Galut ផងដែរ។
 
ក្លិបដែលមានទីតាំងចម្ងាយ ២៥០គីឡូម៉ែត្រពីទីក្រុងប៉ារីស មិនដែលបានឆ្លងកាត់ការប្រកួតមកកាន់លីគលំដាប់កំពូលៗឡើយ ជាក់ស្តែងសូម្បីតែលីគលំដាប់ទីពីរ។ ក្លិប Bourges បច្ចុប្បន្នស្ថិតក្នុងបាតតារាងពូល B នៃក្របខណ្ឌលីគជាតិ Championat National។
 
Mane ដែលគ្រោងទិញក្លិបនៅបារាំងជាកីឡាករស្ថិតក្នុងក្របខណ្ឌ Saudi Pro League ដោយលេងឱ្យក្រុម Al Nassr តាំងពីថ្ងៃទី១ ខែកញ្ញាមកម្ល៉េះ ក្រោយរូបគេចំណាយពេល ១ឆ្នាំ នៅ Bayern Munich ហើយធ្វើមិនបានល្អសោះ។ 
 
អំឡុងពេលរូបគេនៅក្លិប Liverpool គេជាកីឡាករជោគជ័យមួយរូប ដោយបានជួយក្រុមឈ្នះពានរង្វាន់ចំនួន ៦ ដោយរួមមាន Champions League ក្នុងឆ្នាំ ២០១៩ និង Premier League ក្នុងឆ្នាំ ២០២០៕

Tag:
 (Sadio Mane)
© រក្សាសិទ្ធិដោយ thmeythmey.com