កីឡាអន្តរជាតិ
អន្តរជាតិ
Manchester Derby ៖ Haaland ស៊ុត ២គ្រាប់ជួយ Man City ឈ្នះ Man Utd ៣-០
30, Oct 2023 , 12:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City រកបានគ្រាប់បាល់ពីរគ្រាប់ដំបូងរបស់គេនៅទឹកដី Old Trafford ខណៈដែលក្រុមរបស់គេបានយកឈ្នះ Manchester United ក្នុងលទ្ធផល ៣-០ នៃជំនួប Manchester Derby នាថ្ងៃទី២៩ ខែតុលា។


Man City រកបាន ៣គ្រាប់ជាចំណែករបស់ខ្សែប្រយុទ្ធពូកែរកគ្រាប់បាល់ Erling Haaland តាំងពីនាទី២៦ ខែវគ្គទីមួយដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ហើយរូបគេបានស៊ុតបាល់ទីពីរ នៅនាទី៤៩ ដើមវគ្គទីពីរ ហើយគ្រាប់ទីបីធ្វើបានដោយខ្សែប្រយុទ្ធ Phil Foden នាទី៨០។
 
ឈ្នះលើ Man Utd បានជួយរុញច្រានក្រុមរបស់លោក Pep Guardiola បន្តឡើងឈរនៅចំណាត់ថ្នាក់លេខ ៣ ដែលមាន ២៤ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត ១០លើក មាន ២ពិន្ទុពីក្រោមក្រុមកំពូលតារាង Tottenham Hotspur ត្រឹមតែ ២ពិន្ទុ។ Man Utd ដែលចាញ់ការប្រកួត ឆ្លងកាត់ ១០ប្រកួតនៅ Premier League ពួកគេរងបរាជ័យ ៥ប្រកួត មាន ១៥ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខ ៨។
 
ក្រុម Man Utd ចាញ់ការប្រកួត ៦លើក ពីចំណោម ៨ប្រកួតទល់នឹងក្រុម Man City ដោយក្នុងនោះគិតរួមទាំងការចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រលទ្ធផល ២-១ នៃពានរង្វាន់ FA Cup កាលរដូវកាលមុនថែមទៀត។
 
ចំណែក​ក្រុម Liverpool បានបំបាក់ក្រុម ​Nottingham Forest ដោយលទ្ធផល ៣-០ ក្នុងជំនួប Premier League នាកីឡដ្ឋាន Anfield។ គ្រាប់បាល់ពីខ្សែប្រយុទ្ធ Diogo Jota, Darwin Nunez និង Mohamed Salah បានជួយដល់ Liverpool បន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៤​ តំបន់កំពូលតារាងដោយមាន ២៣ពិន្ទុក្នុងដៃ។
 
ដោយឡែកក្រុម Everton ក្រសោបបាន ៣ពិន្ទុនៅក្រៅទឹកដីក្រោយពួកគេបានយកឈ្នះលើក្រុម West Ham United ក្នុងកីឡដ្ឋាន London។ គ្រាប់ជ័យជម្នះកើតឡើងដោយខ្សែប្រយុទ្ធ Dominic Calvert-Lewin ស៊ុតនៅនាទី៥១ ជួយរំកិល Everton ឱ្យស្ថិតនៅចំណាត់ថ្នាក់ ១៥ មាន ១០ពិន្ទុ ហើយមានគម្លាត ៥ពិន្ទុពីក្លិបស្ថិតនៅតំបន់បាតតារាង។
 
Aston Villa របស់លោក Unai Emery ក៏បានបន្តកំណត់ត្រាមិនដែលចាញ់សម្រាប់ការប្រកួតក្នុងទឹកដីរបស់ខ្លួនចំនួន ១២លើកជាប់គ្នា ហើយកំពុងតែប្រជែងចំណាត់ថ្នាក់កំពូលតារាង។ Villa រកបាន ២០គ្រាប់ពីការប្រកួត ៥លើកក្នុងទឹកដីរបស់ខ្លួនក្នុងរដូវកាលនេះ ហើយរកបាន ២២ពិន្ទុ ពីការប្រកួត ១០លើកក្នុងក្របខណ្ឌ Premier League។
 
ក្លិប Aston Villa ទន្ទឹងរង់ចាំការប្រកួតក្នុងទឹកដីមួយលើកទៀត ហើយត្រូវការជ័យជម្នះ ១លើកទៀត សម្រាប់ការតាមស្មើកំណត់ត្រាឈ្នះការប្រកួតក្នុងទឹកដី ១៣លើកជាប់គ្នាក្នុងកីឡដ្ឋាន Villa Park ចាប់តាំងពីឆ្នាំ ១៩៨៣។ ក្លិប Manchester City និង Atletico Madrid គឺជាក្លិបដែលស្ថិតក្នុងលីគកំពូលអឺរ៉ុបដែលមានកំណត់ត្រាឈ្នះការប្រកួតក្នុងទឹកដីវែងជាងគេ។
 
ក្រុម Brighton & Hove Albion ប្រកួតបានត្រឹមស្មើ ១-១ ទល់នឹងក្រុម ​Fulham ដែលជាលទ្ធផលមិនសមប្រកបសម្រាប់ក្រុមរបស់លោក Roberto de Zerbi ក្រោយការប្រកួតនៅក្នុងក្របខណ្ឌ Europa League ដែលកូនក្រុមលោកធ្វើបានល្អ៕
 

Tag:
 Manchester United
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com