កីឡាអន្តរជាតិ
អន្តរជាតិ
លុបចោលជំនួប Marseille-Lyon ក្រោយរថយន្តដឹកកីឡាករ ​Lyon រងការគប់ដុំថ្មពីអ្នកគាំទ្រ Marseille
30, Oct 2023 , 9:59 pm        
រូបភាព
ការប្រកួតរវាងក្រុម Olympique Marseille និង Olympique Lyonnais ក្នុងជំនួប Ligue 1 ត្រូវបានលុបចោល បន្ទាប់ពីរថយន្តក្រុងដឹកកីឡាកររបស់ក្រុម Lyon ត្រូវបានរងការវាយប្រហារដោយការកប់ដុំថ្មពីសំណាក់អ្នកគាំទ្រ Marseille។ ការវាយប្រហារនោះ បណ្តាលឱ្យគ្រូបង្វឹក Marseille លោក Fabio Grosso ជាគ្រូបង្វឹកបែកក្បាល ខណៈកីឡាករត្រូវចូលសំងំលាក់ខ្លួនក្នុងកីឡដ្ឋាន Stade Velodrome។


បើតាមវីដេអូឃ្លីបត្រូវបានផ្សាយដោយទូរទស្សន៍ Sky Italia បានបង្ហាញអំពីក្រុមអ្នកគាំទ្រគប់ដុំថ្មទៅលើរថយន្តក្រុងក្រុម Lyon ហើយការគប់ដុំថ្មនោះ បានធ្វើឱ្យបែកកញ្ចក់រថយន្តចំនួន ២​។ អំឡុងពេលរថយន្តបានចូលទៅដល់ក្នុងកីឡដ្ឋាន Stade Velodrome គេបានឃើញអំពីលោក Grosso បានកាន់កន្សែងបិទតាំងត្រង់មុខរបស់លោកខាងលើថ្ងាស់ ដោយលាយឡំដោយឈាម ហើយមានជំនួសការលោក ២នាក់ថែមទៀតបានដើរអមលោកចូលក្នុងកីឡដ្ឋានផងដែរ។
 
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី លោក Grosso បានរងរបួសរលាត់ស្បែកក្បាល និងប៉ះពាល់មុខរបស់គាត់។ យ៉ាងណាបើតាមការលើកឡើងរបស់ប្រធានក្លិប Lyon លោក John Textor លោកមានការខឹងសម្បាចំពោះក្រុមអ្នកគាំទ្រ។
  


«រូបគេមិនអាចនិយាយសន្ទនាបានឡើយ រូបគេមានបំណែកកញ្ចក់ស្ថិតនៅលើផ្ទៃមុខ។ ខ្ញុំពិតជាខឹងខ្លាំង កីឡាកររបស់យើង និងក្រុមគ្រូបង្វឹករបស់យើង អ្វីដែលគ្រប់គ្នារំពឹងទុកនោះ គឺបានត្រៀមខ្លួនសម្រាប់ទស្សនាការប្រកួតដែលគ្រប់គ្នាចង់មើលការប្រកួតនេះត្រូវបានលេង។»។ លោក John Textor បាននិយាយប្រាប់ទៅកាន់កាសែត Prime Video បែបនេះ។
 
ការប្រកួតត្រូវបានលុបចោល ហើយក្រុមអ្នកគាំទ្រដែលបានស្ថិតក្នុងកីឡដ្ឋានទន្ទឹងរង់ចាំការប្រកួតមកដល់ត្រូវបានស្នើសុំអធ្យាស្រ័យឱ្យចេញពីកីឡដ្ឋាន។ ទាក់ទងទៅនឹងបញ្ហាការគប់ដុំថ្ម ជនសង្ស័យចំនួន ៧នាក់ត្រូវបានចាប់ខ្លួននាថ្ងៃទី២៩ ខែតុលា។​
 
ការសម្រេចចិត្តលុបចោលការប្រកួតពីសំណាក់ស្ថាប័នលីគអាជីពបារាំង FPL ត្រូវបានទទួលស្គាល់ពីសំណាក់ក្រុមម្ចាស់ផ្ទះ Marseille ហើយការរៀបចំការប្រកួតឡើងវិញនឹងត្រូវធ្វើក្នុងពេលឆាប់ៗ។
 
ក្រៅពីលោក Grosso ដែលរងរបួសត្រង់មុខ ជំនួយការលោក Raffaele Longo ក៏ត្រូវបានរងរបួសពីការគប់ដុំថ្មនេះដែរ ដោយមានបញ្ហារបួសត្រង់ផ្ទៃមុខដូចគ្នា។ រថយន្តក្រុងដឹកអ្នកគាំទ្រចំនួន ៦ ក៏ត្រូវបានរងការវាយប្រហារផងដែរ៕
 

Tag:
 Ligue 1
  Marseille
  Lyon
© រក្សាសិទ្ធិដោយ thmeythmey.com