កីឡាអន្តរជាតិ
អន្តរជាតិ
​កោសល្យវិច័យ៖ ប្រធានក្រុមបាលទាត់ថៃ ដែលរួចជីវិតពីរូងភ្នំ Tham Lunag ពិតជាស្លាប់ដោយធ្វើអត្តឃាត​ នៅអង់គ្លេស
30, Oct 2023 , 5:39 pm        
រូបភាព
Duangpetch Promthep (Dom ) ប្រធានក្រុមបាល់ទាត់ថៃ Wild Boars ដែលស្តិតក្នុងចំណោមក្មេងប្រុស ១២នាក់ ដែលរួចជីវិតពីក្នុងរូងភ្នំ Tham Luang កាលពីឆ្នាំ២០១៨ បានស្លាបនៅក្នុងសាលាបាល់ទាត់មួយក្នុងប្រទេសអង់គ្លេសកាលពីដើមឆ្នាំ ២០២៣។ តាមរយៈការធ្វើ​កោសល្យវិច័យ លោកសាស្រ្តាចារ្យ Catherine Mason អះអាងថា Dom ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯង។


Dom មានវ័យ ១៧ឆ្នាំ នៅពេលដែលរូបគេបានស្លាប់កាលពីថ្ងៃទី១៤​ ខែកុម្ភៈ។ កាលនោះការស្លាប់របស់ក្មេងប្រុស Dom ក៏ត្រូវបានបញ្ជាក់ពីសំណាក់មូលនិធិ Zico Foundation ដែលជួយគាំទ្រផ្តល់អាហាររូបករណ៍ដល់រូបគេបានទៅរៀននៅអង់គ្លេស ក៏ដូចជាខាងមហាវិទ្យាល័យ Brooke House ដែលស្ថិតនៅក្នុងទីក្រុង Leicester ផងដែរ។ 
 
បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស នាថ្ងៃទី២៨ ខែតុលា ក្រោយការសាកសួរអំពីការស្លាប់របស់ Dom លោកសាស្ត្រចារ្យ Catherine Mason ដែលជាអ្នកធ្វើកោសល្យវិច័យជាន់ខ្ពស់នៃទីក្រុង Leicester និងភាគខាងត្បូងទីក្រុង Leicestershire បានកត់ត្រាការសន្និដ្ឋាននៃការធ្វើអត្តឃាតនេះ។


 
«លោក Promthep មិនត្រូវបានគេស្គាល់ពីបញ្ហាសេវាសុខភាពផ្លូវចិត្តនោះទេ ហើយក៏មិនដឹងថាហេតុអ្វីបានជាគេប្រព្រឹត្តដូចដែលគេបានធ្វើដែរ។ វាមិនអាចត្រូវបានគេមើលឃើញទុកជាមុន ឬមានការរារាំងនោះទេ។ ការស៊ើប​អង្កេត​របស់ប៉ូលិសមិនបានរកឃើញភ័ស្តុតាង នៃការពាក់ព័ន្ធរបស់ភាគីទីបី ឬកាលៈទេសៈគួរឱ្យសង្ស័យនោះទេ។»។ នេះបើតាមការស្រង់សម្តីរបស់អ្នកធ្វើកោសល្យវិច័យជាន់ខ្ពស់របស់កាសែត BBC។
 
ក្រោយការស្លាប់របស់ Dom នៅក្នុងប្រទេសអង់គ្លេសកាលខែកុម្ភៈ សព្វរបស់គេក៏ត្រូវបានបញ្ជូនមកកាន់ទីក្រុងបាំងកក កាលពីខែមីនា ដែលដឹកនាំដោយលោក Kiatisuk Senamuang ប្រធានមូលនិធិ Zico Foundation និងជាអតីតគ្រូក្រុមជម្រើសជាតិថៃ។
 
រឿងរ៉ាវនៃក្រុម Wild Boars កាលពីឆ្នាំ ២០១៨ ក្មេងប្រុស ១២នាក់កាលនោះ ពួកគេមានអាយុត្រឹមចន្លោះ ១១ទៅ ១៦ឆ្នាំ ព្រមទាំងគ្រូបង្វឹកម្នាក់អាយុ ២៥ឆ្នាំ បាននាំគ្នាទៅលេងរូងភ្នំមួយ ដែលមានឈ្មោះថា Tham Luang ក្នុងស្រុក Mae Sai។ ក្រុមក្មេងប្រុស​ Wild Boars បានដើរលេងលុកលុយក្នុងរូងភ្នំ ចម្ងាយ ៧គីឡូម៉ែត្រ ដោយពួកគេមិនបានដឹងអំពីការធ្លាក់ភ្លៀងខ្លាំង បណ្តាលឱ្យទឹកលិចក្នុងរូងភ្នំឡើយ។ ក្មេងបុរស Duangpetch ឬ Dom កាលនោះរូបគេមានវ័យ ១៣ឆ្នាំ។
  


ខណៈពេលនោះពួកគេក៏បានមានបំណងចាកចេញ ក៏ប៉ុន្តែត្រូវបានទឹកចាប់ផ្តើមលិចចូលពេញរូងភ្នំ និងបានរារាំងច្រកផ្លូវចេញសម្រាប់ពួកគេ។ ដំណឹងនៃការបាត់ខ្លួន ជាប់ក្នុងរូងភ្នំរបស់ក្មេងប្រុសក្រុម Wild Boars ត្រូវបាផ្សព្វផ្សាយទូទាំងប្រទេសថៃ ដើម្បីបើកប្រតិបត្តិការជួយសង្គ្រោះ រហូតបេសសកម្មជួយសង្គ្រោះមួយនេះ បានរីកសុះសាយទូទាំងពិភពលោក និងទទួលបានជំនួយសង្គ្រោះពីសំណាក់អន្តរជាតិនានា។ 
 
ប្រតិបត្តិការជួយសង្គ្រោះជីវិតក្រុមបាល់ទាត់ Wild Boars មានមនុស្សចូលរួមប្រមាណជាង ១០,០០០នាក់ ពីសមត្ថកិច្ច និងអ្នកជំនាញថៃ រួមជាមួយជនបរទេស ក្នុងការជួយសង្គ្រោះក្រុមក្មេងប្រុសទាំងអស់នោះ រយៈពេល ១៧ថ្ងៃ នៃការរុករកនឹងសង្គ្រោះចេញបានសម្រេចពីរូងភ្នំ។ 
 
ក្រោយត្រូវបានសង្គ្រោះ សមាជិកក្រុម Wild Boars ដែលជាប់ក្នុងរូងភ្នំទាំងអស់ ត្រូវបានក្រុមបាល់ទាត់ធំៗលើពិភពលោក ជាពិសេសនៅប្រទេសអង់គ្លេស កោះហៅឱ្យទៅធ្វើទស្សនកិច្ច និងធ្វើកិច្ចសម្ភាសជាច្រើន អំពីការជម្នះរស់ក្នុងរូងភ្នំ រយៈពេលយូរបស់ពួកគេ ហើយរឿងរ៉ាវនៃការជួយសង្គ្រោះមួយនេះ បានក្លាយជាហេតុការណ៍ដ៏ល្បីខ្លាំងបំផុតនៅលើពិភពលោក៕
 

Tag:
 Football
© រក្សាសិទ្ធិដោយ thmeythmey.com