កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្នះ Ballon d’Or លើកទី៨! Messi ថា ដោយសារសំណាងបានលេងឱ្យក្រុមអាហ្សង់ទីន
31, Oct 2023 , 10:51 am        
រូបភាព
Lionel Messi ឈ្នះពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ជាកំណត់ត្រាលើកទី៨ ក្នុងអាជីព ដោយ ប្រជែងឈ្នះ Erling Haaland ខ្សែប្រយុទ្ធ Manchester City ដែលជាម្ចាស់ពានកីឡាករល្អប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។ Messi ចាត់ទុកការទទួលបាន Ballon d’Or ឆ្នាំ២០២៣ ដោយសារសំណាងបានលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន។


កីឡាកររបស់ក្រុម Inter Miami ដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or លើកចុងក្រោយបំផុតនៅក្នុងឆ្នាំ ២០២១ បានដើរតួរយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ នៅពេលដែលក្រុមអាហ្សង់ទីនបានបំបាក់ក្រុមជើងឯកឆ្នាំ ២០១៨ បារាំង នៅការប្រកួតផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២២ នៅប្រទេសកាតា។
 
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បច្ចុប្បន្នមានគម្លាតពានរង្វាន់ឯកត្តជន Ballon d’Or នេះចំនួន ៣ ដាច់ពីគូប្រជែង Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់ចំនួន ៥ នៅត្រឹមឆ្នាំ ២០១៧។ Messi បានឈរនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ សរុបចំនួន ១៤លើក ហើយរូបគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ សរុបចំនួន ៥លើក។
  


«ខ្ញុំមិនដែលស្រម៉ៃបានថាខ្ញុំទទួលបានអ្វីដែលមានពេលនេះនោះទេ។ គ្រប់យ៉ាងដែលខ្ញុំទទួល វាជាសំណាងដែលខ្ញុំបានលេងឱ្យក្រុមល្អបំផុតក្នុងពិភពលោក ដែលជាក្រុមល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយជាពិតជាល្អណាស់ដែលក្នុងការឈ្នះពានរង្វាន់បុគ្គលល្អទាំងនេះ។ ដើម្បីឈ្នះ Copa America ហើយបន្ទាប់មកឈ្នះ World Cup ដើម្បីសម្រេចបានវាអស្ចារ្យណាស់។ រាល់ពានរង្វាន់ Ballon d’Or ទាំងអស់នេះគឺពិតពិសេសសម្រាប់ហេតុផលផ្សេងៗ។»។ Messi បាននិយាយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់បែបនេះ។
 
សមិទ្ធិផលដែលរុញច្រាន Messi រហូតបានឈ្នះពានរង្វាន់លើកទី៨ ជាកំណត់ត្រានេះ ដោយរូបគេបានបង្ហាញខ្លួនយ៉ាងអស្ចារ្យសម្រាប់ក្រុមអាហ្សង់ទីន កាល World Cup 2022ដោយគេបានឈ្នះពានរង្វាន់នេះ រួមជាមួយនឹងការរកបានពានរង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍ Golden Ball និងស្បែកជើងប្រាក់ ក្រោយគេរកបាន ៧គ្រាប់ និងបញ្ជូន ៣គ្រាប់ក្នុងការប្រកួត។
 
ក្រៅពី World Cup ខ្សែប្រយុទ្ធប្រធានក្រុម Miami ក៏បានឈ្នះពានរង្វាន់ Ligue 1 ជាមួយនឹងក្លិប Paris Saint Germain មុនពេលចាកចេញផ្លាស់ទៅកាន់ទឹកដីអាម៉េរិក ដែលជាទីកន្លែងរូបគេបានជួយក្រុមស្ថិតក្នុង Major League Soccer ឈ្នះពានរង្វាន់លើកដំបូង Leagues Cup ដែលជាពានរង្វាន់ដំបូង។


 
បន្ទាប់ពី Messi មិត្តរួមក្រុមអាហ្សង់ទីនអ្នកចាំទី Emiliano Martinez បានយកឈ្នះកីឡាករ Lev Yashin ក្នុងនាមជាអ្នកចាំទីល្អបំផុតលើពិភពលោក។ 
 
Ballon d’Or សម្រាប់នារីវិញ គឺបានទីលើកីឡាការិនីខ្សែបម្រើ Aitana Bonmati របស់ក្រុម Barcelona ដដែល ដែលកីឡាការិនីរូបនេះធ្លាប់បានឈ្នះពានរង្វាន់នេះកាលពីឆ្នាំ ២០២២ រួចផងដែរ។
 
Haaland វ័យ ២៣ឆ្នាំ ជាគូប្រជែងរបស់ Messi បានខកខាននៅក្នុងការប្រជែងពានរង្វាន់ Ballon d’Or លើកដំបូងរបស់គេ​ បន្ទាប់ពីគេបានបង្ហាញខ្លួនបានយ៉ាងល្អកាលពីរដូវកាលមុនរកបាន​ ៥២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៥៣ប្រកួត សម្រាប់ក្រុម ​Manchester City។ Man City រដូវកាលមុនបានឈ្នះពានរង្វាន់ UEFA Champions League, Premier League និង FA Cup៕
 

Tag:
 Lionel Messi
  Ballon d’Or
© រក្សាសិទ្ធិដោយ thmeythmey.com