FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ហាមលោក Rubiales ពីសកម្មភាពបាល់ទាត់ ៣ឆ្នាំ ចំពោះរឿងអាស្រូវថើប
31, Oct 2023 , 2:09 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់បម្រាមអតីតប្រធានបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ពីសកម្មភាពបាល់ទាត់រយៈពេល៣ឆ្នាំ ជុំវិញរឿងអាស្រូវនៃការថើបដោយបង្ខំលើបបូរមាត់ កីឡាការិនី Jenni Hermoso។


ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក កាលពីមុនមកក៏ធ្លាប់បានហាមឃាត់លោក Rubiales រយៈពេល ៩០ថ្ងៃពីសកម្មភាពបាល់ទាត់ ក្រោយពេលដែលលោកកំពុងជាប់ស្ថិតក្នុងរឿងអាស្រូវនៃការថើបដោយបង្ខំលើកីឡាការិនី Hermoso អំឡុងកម្មវិធីប្រគល់ពានរង្វាន់ World Cup 2023 ដល់ក្រុមនារីអេស្ប៉ាញ ក្នុងទីក្រុងសីដនីកាលពីខែកញ្ញា។
 
ពេលនេះ FIFA បាននិយាយថាលោក Rubiales នឹងត្រូវបានរងការហាមឃាត់ពីសកម្មភាពបាល់ទាត់សម្រាប់រយៈពេល ៣ឆ្នាំ។ 
 
«គណៈកម្មាធិការវិន័យរបស់ FIFA បានហាមប្រាមលោក Luis Rubiales ដែលជាអតីតប្រធានសមាគមបាល់ទាត់អេស្ប៉ាញ (RFEF) ពីរាល់សកម្មភាពដែលទាក់ទងនឹងកីឡាបាល់ទាត់ក្នុងកម្រិតជាតិ និងអន្តរជាតិរយៈពេល ៣ឆ្នាំ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នស្ថិតនៅក្នុងទីក្រុង Zurich ប្រទេសស្វ៊ីស។
 
FIFA ក៏បានអះអាងលោក Rubiales ត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តនេះកាលពីថ្ងៃទី៣០ ខែតុលា ហើយអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ មានពេល ១០ថ្ងៃ ដើម្បីស្នើសុំការសំរាលពីសំណាក់ FIFA ក៏ដូចជាការប្តឹងឧទ្ធរណ៍។
 
លើបញ្ហាការថើប កីឡាការិនី Hermoso បានបញ្ជាក់ថានោះ ឧបទ្ទវហេតុការថើបនោះបានធ្វើឱ្យនាងមានអារម្មណ៍ងាយរងគ្រោះនិងដូចជាជនរងគ្រោះនៃការវាយដំ ជាមួយនឹងសេចក្តីថ្លែងការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពណ៌នាពីរឿងរបស់នាង៕
 

Tag:
 FIFA
  Luiz Rubiales
© រក្សាសិទ្ធិដោយ thmeythmey.com