កីឡាអន្តរជាតិ
អន្តរជាតិ
ចង់បំបែកកំណត់ត្រាឈ្នះ Ballon d’Or ៨សម័យរបស់ Messi ពិតជាពិបាក
31, Oct 2023 , 9:59 pm        
រូបភាព
Lionel Messi ជាកីឡាករខ្លាំងពូកែ និងអស្ចារ្យបំផុតលើលោក ដែលឈ្នះពានរង្វាន់គ្រប់យ៉ាង រួមទាំង Ballon d’Or លើកទី៨ ជាកំណត់ត្រាច្រើនបំផុតនៅក្នុងពិភពបាល់ទាត់។ គិតចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កំណត់ត្រាឈ្នះ  Ballon d’Or របស់ Messi នឹងពិបាកក្នុងការតាម និងបំបែកបំផុត។


​Messi បានជួយដឹកនាំក្រុមអាហ្សង់ទីនកាន់កាប់តំណែងជើងឯក World Cup 2022 នៅក្នុងប្រទេសកាតា ដែលជាការឈ្នះលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ ហើយក៏ជាពានរង្វាន់លើកទីបីសម្រាប់ប្រទេសអាហ្សង់ទីន។ ឈ្នះ World Cup កើតឡើងក្រោយពេលដែលកីឡាករវ័យ ៣៦ឆ្នាំ បានចេញពីក្រុម Barcelona ក្រោយរួមរស់រយៈពេល ២០ឆ្នាំ ទៅចូលរួមក្រុម Paris Saint Germain។ បច្ចុប្បន្ន Messi លេងឱ្យក្រុម Inter Miami របស់លីគ Major League Soccer។
 
តារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោកបន្តភាពអស្ចារ្យរបស់គេលើពិភពលោក មិនថាសម្រាប់ក្លិប ឬសម្រាប់ប្រទេសរបស់គេ ហើយកំណត់ត្រាពានរង្វាន់ Ballon d’Or ៨លើករបស់គេ បានក្លាយជាកំណត់ត្រាដែលកីឡាករដទៃពិបាកក្នុងការបំបែកខ្លាំងបំផុត។
 
មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលឡើយ នៅពេលដែល Messi ត្រូវបានជាប់ឈ្មោះជាម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករល្អបំផុតនៅលើពិភពលោកសម្រាប់រដូវកាល ២០២២-២៣។ ការជួយដល់ក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup 2022 ក្រោយរង់ចាំអស់ ៣៦ឆ្នាំ និងការឈ្នះពានរង្វាន់ជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ Golden Ball ហើយក្នុងនាមជាកីឡាករស៊ុតបាល់ចូលច្រើនជាងគេទីពីរថែមទៀត។
 
Messi ប្រជែងឈ្នះ Ballon d’Or បើទោះបីជាខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវែស Erling Haaland បានបង្ហាញវត្តនក្នុងភាពខ្លាំងមួយដោយបានជួយ ​Manchester City ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល ព្រមទាំងឈ្នះពានរង្វាន់កីឡាករល្អរបស់ស្ថាប័ន UEFA ក៏ដោយក្តី។ Haaland បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ ខ្សែប្រយុទ្ធកំពុងតែលេចធ្លោរូបនេះ នៅមានពេលវេលាដ៏ច្រើនបន្ថែមទៀតដើម្បីប្រជែងពានរង្វាន់ Ballon d’Or លើកដំបូងសម្រាប់អាជីពរបស់គេ ខណៈដែល Messi ឈ្នះពានរង្វាន់ Ballon d’Or លើកដំបូងក្នុងវ័យ ២២ឆ្នាំ។
 
Haaland នៅមានវ័យក្មេង និងមានពេលវេលាច្រើនក្នុងការប្រជែងពានរង្វាន់ Ballon d’Or លើកដំបូង ហើយនឹងឈ្នះជាបន្តបន្ទាប់សម្រាប់កំណត់ត្រា មិនតែប៉ុណ្ណោះ រូបគេក៏ត្រូវស្ថិតនៅក្លិបដ៏ខ្លាំងពូកែមួយផងដែរបើចង់ប្រជែង Ballon d’Or ជាបន្តបន្ទាប់ជាប់គ្នាដូច Messi ។ ចង់ឈ្នះពានរង្វាន់ ​Ballon d’Or មិនត្រឹមតែត្រូវបង្ហាញពីសមត្ថភាពខ្ពស់នៅត្រឹមក្លិបនោះទេ កីឡាករទាំងនោះក៏ត្រូវជួយដល់ក្លិបក្នុងការប្រជែងពានរង្វាន់ផ្សេងៗ មិនថាពានរង្វាន់ក្នុងលីគនោះទេ ជាពិសេសគឺពានរង្វាន់ Champions League ដែលជាពានរង្វាន់កំពូលក្នុងអឺរ៉ុបតែម្តង។ លើសពីនេះពួកគេក៏ត្រូវជួយដល់ក្រុមជម្រើសជាតិឱ្យខ្លាំងថែមទាំងដូចពេលពួកគេលេងនៅក្នុងក្លិប។
 
ចំណែក Cristiano Ronaldo វិញអាចនិយាយបានថារូបគេមានវ័យកាន់តែជ្រេណាស់ទៅហើយសម្រាប់ការប្រកួតប្រជែង ខណៈដែលឆ្នាំនេះក៏ជាលើកដំបូងដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់គ្មានឈ្មោះក្នុងបញ្ជីឈ្មោះ ៣០នាក់ចុងក្រោយសម្រាប់ Ballon d’Or 2023។ ដោយបច្ចុប្បន្នគេមានវ័យ ៣៨ឆ្នាំ ហើយឥឡូវក៏បានផ្លាស់ចេញពីតំបន់អឺរ៉ុបទៅលេងនៅក្លិបក្នុងប្រទេសទ្វីបអាស៊ីថែមទៀត។ កំណត់ត្រាពានរង្វាន់ Ballon d’Or ៥លើក​ របស់ Ronaldo ក៏ជាកំណត់ត្រាមួយដ៏ច្រើន ហើយក៏ពិបាកក្នុងការបំបែកសម្រាប់កីឡាករដទៃដូចគ្នាផងដែរ មិនត្រឹមតែប៉ុណ្ណោះតារាបាល់ទាត់ក្លិប Al Nassr រូបនេះក៏ពិបាកក្នុងការបំបែកកំណត់ត្រារបស់​ Messi បន្តទៀតដែរ។
 
កាលប៉ុន្មានរដូវកាលមុន Karim Benzema និង Luka Modric ក៏បានក្លាយជាកីឡាករដែលបានឈ្នះពាន Ballon d’Or នៅក្នុងរដ្ឋកាលដែល Messi និង Ronaldo តែងតែចែករំលែកគ្នាឈ្នះជាបន្តបន្ទាប់។ តែយ៉ាងណាកីឡាករទាំងពីរនេះក៏មានវ័យលើស ៣៥ឆ្នាំទៅហើយ ខណៈដែលអ្នកទាំង ២ បានឈ្នះ Ballon d’Or ម្នាក់មួយដូចគ្នា ហើយមិនអាចនឹងប្រជែងបន្តបានទៀតនោះទេ។
 
Mbappe ក៏ជាបេក្ខភាពមួយសម្រាប់ប្រជែងពានរង្វាន់ Ballon d’Or ហើយកីឡាកររូបនេះក៏កំពុងតែស្វែងរកការឈ្នះលើកដំបូងរបស់គេ ដូចទៅនឹង Haaland។ យ៉ាងណានៅក្នុងរដូវកាលថ្មីនេះ Mbappe ក៏ត្រូវតែធ្វើឱ្យបានល្អខ្លាំងដូចទៅនឹងរដូវកាលមុនៗ ដែលគេធ្លាប់បានបង្ហាញខ្លួនដ៏អស្ចារ្យ ប្រសិនបើគេចង់ប្រជែងពានរង្វាន់កីឡាករល្អមួយនេះ។ Mbappe ត្រឹមវ័យ ២៤ឆ្នាំ រូបគេក៏មានឱកាសច្រើនក្នុងការប្រជែងពានរង្វាន់ ហើយប្រសិនបើរូបគេចង់ធ្វើបានកំណត់ត្រា ឬបំបែកកំណត់ត្រារបស់ Messi រូបគេអាចនឹងត្រូវស្វែងរកក្លិបដែលសក័្កសមបំផុតសម្រាប់រូបគេក្នុងលេងដើម្បីប្រជែងស្ថិតនៅលំដាប់កំពូល ដូចដែល Messi បានលេងឱ្យ Barcelona និងអាហ្សង់ទីន ហើយ​ Ronaldo ជានិមិត្តរូបរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងលេងនៅក្លិប Real Madrid។
 
កីឡាករបច្ចុប្បន្នកំពុងតែលេចធ្លោខ្លាំងដូចជា Jude Bellingham របស់ Real Madrid និង Vinicius Jr ពួកគេកំពុងតែបង្ហាញសកម្មភាពដ៏ខ្លាំងសម្រាប់ក្លិបដែលពួកគេបានលេង ហើយក៏កំពុងតែទាមទារការចាប់អារម្មណ៍ខ្ពស់។ កីឡាករទាំងនេះនៅពេលអនាគតក៏នឹងក្លាយជាបេក្ខភាពប្រជែង Ballon d’Or ប៉ុន្តែការចង់ទៅឱ្យគៀកនឹងកំណត់ត្រារបស់ Messi គឺត្រូវការពេលវេលាវែងឆ្ងាយថែមទៀត។
 
ខណៈដែល Messi មាន ៨ពានរង្វាន់ Ronaldo មាន ៥ពានរង្វាន់ ហើយក៏កំពុងតែប្រកបអាជីពនៅក្លិបថ្មីបានយ៉ាងល្អ ហើយនឹងទាក់ទាញខ្លាំងថែមទៀតនោះ ឱកាសសម្រាប់កីឡាករទាំង ២ក្នុងការរកពានរង្វាន់បន្ថែមនៅតែមាន។ ប៉ុន្តែសម្រាប់កីឡាករមួយចំនួនដែលបានលេចធ្លោនៅក្នុងរដ្ឋកាលរបស់កីឡាករទាំងពីរនេះ​ រួមមាន Robert Lewandowski, Kevin De Bruyne, Rodri, Neymar Jr, និងកីឡាករមួយចំនួនទៀត ក៏រំពឹងថានឹងអាចឈ្នះពានរង្វាន់នេះលើកដំបូងក្នុងអាជីពរបស់ពួកគេរៀងៗខ្លួន៕

Tag:
 Lionel Messi
  Ballon d’Or
© រក្សាសិទ្ធិដោយ thmeythmey.com