កីឡាអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីត មានភាគរយខ្ពស់រៀប World Cup 2034 ក្រោយគូប្រជែងអូស្ត្រាលីមិនដេញថ្លៃ
01, Nov 2023 , 9:39 am        
រូបភាព
ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងស្ថិតក្នុងភាគរយខ្ពស់បំផុតក្នុងការទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០៣៤ បន្ទាប់ពីអូស្ត្រាលីបានសម្រេចចិត្តមិនដេញថ្លៃរៀបចំព្រឹត្តិការណ៍នេះ។ ការនេះ ទំនងអារ៉ាប៊ីសាអូឌីតនឹងក្លាយជាប្រទេសទី៤ ស្ថិតក្នុងទ្វីបអាស៊ី និងទី២ ក្នុងតំបន់មជ្ឈិមបូព៌ា ដែលនឹងរៀបចំការប្រកួតបាល់ទាត់ពិភពលោក។


ស្ថាប័នគ្រប់គ្រងបាល់ទាត់អូស្ត្រាលី បានបញ្ជាក់ពីការសម្រេចចិត្តមិនដេញថ្លៃមុនរយៈពេលប៉ុន្មានម៉ោង មុនដល់ពេលកំណត់សម្រាប់ការប្រកាសប្រទេសដែលទទួលបានការចាប់អារម្មណ៍នៅក្នុងថ្ងៃទី៣១ ខែតុលា។ អារ៉ាប៊ីសាអូឌីត ជាប្រទេសតែមួយគត់ដែលបានដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034។
 
ប្រទេសអូស្ត្រាលីបានសម្រេចចិត្តមិនដេញថ្លៃសម្រាប់រៀបចំការប្រកួត World Cup ឆ្នាំ ២០៣៤ ក្រោយពេលដែលប្រទេសឥណ្ឌូណេស៊ី បានប្រកាសគាំទ្រដល់អារ៉ាប៊ីសាអូឌីតដេញថ្លៃរៀបចំ World Cup 2034 នេះ។ ប្រទេសឥណ្ឌូណេស៊ី កាលពីខែមុនធ្លាប់បានប្រកាសថា ខ្លួនបានជជែកជាមួយនឹងសហព័ន្ធបាល់ទាត់អូស្ត្រាលី សម្រាប់ការដាក់ការចាប់អារម្មណ៍ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ដោយរួមមានការចាប់អារម្មណ៍ពីសំណាក់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។
 
កាលពីថ្ងៃទី៩ ខែតុលា សហព័ន្ធបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសអំពីការឈានដល់ជំហានទី២ ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup របស់ខ្លួន។ បើតាមសម្តីរបស់ប្រធានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) លោក Yasser Al Misehal កាលថ្ងៃទី៩ ខែតុលា ៖ «កាលពីសប្តាហ៍មុន យើងបានប្រកាសពីមហិច្ឆតារបស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះជាផ្លូវការ និងបន្តដំណើរដើម្បីធ្វើឱ្យសុបិនរបស់ប្រជាជនយើងក្លាយជាការពិត។»។ 
 
គោលបំណងក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup របស់អារ៉ាប៊ីសាអូឌីត ត្រូវបានគេមើលឃើញថាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ បានមើលឃើញពីការរៀបចំយ៉ាងជោគជ័យរបស់ប្រទេសកាតា នៅក្នុងឆ្នាំ ២០២២ ហើយដែលការប្រកួតនោះប្រទេសអាហ្សង់ទីនជាអ្នកឈ្នះពានរង្វាន់។
 
កាលពីដើមខែតុលាសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ក៏បានប្រកាសយ៉ាងភ្ញាក់ផ្អើលអំពី ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣០ របស់ប្រទេសម៉ារ៉ុក មកពីទ្វីបអាហ្វ្រិក ប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់ស្ថិតក្នុងទ្វីបអឺរ៉ុប។ ប្រទេសអាហ្សង់ទីន, អ៊ុយរូហ្កាយ, ប៉ារ៉ាហ្កាយ នឹងរៀបចំការប្រកួតបើកឆាកចំនួន ៣ដំបូងនៃការប្រកួត ដើម្បីអបអរខួប ១០០ឆ្នាំ នៃការបង្កើតពានរង្វាន់បាល់ទាត់ពិភពលោក។
 
គួររំលឹកថាការប្រកួត World Cup ឆ្នាំ ២០២៦ នឹងត្រូវធ្វើឡើងនៅប្រទេសចំនួន ៣ ដែលបានសហការគ្នារួមមាន អាម៉េរិក, កាណាដា និងម៉ិកស៊ិក ហើយដែលជាការប្រកួតក្នុងកំណែរទម្រង់ការប្រកួតថ្មី ដែលមានក្រុមបន្ថែមពី ៣២ក្រុម ឡើងដល់ ៤៨ក្រុមលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ៕
 

Tag:
 World Cup 2034
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com