កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ថា Man Utd កំពុងដើរផ្លូវត្រូវ ទោះប្រកួតមុនៗ ទទួលទ្ធផលមិនល្អ
01, Nov 2023 , 10:29 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ជឿជាក់ចំពោះកូនក្រុមរបស់លោកថាកំពុងតែដើរក្នុងផ្លូវត្រូវ បើទោះការប្រកួតកាលពីថ្ងៃទី២៩ ខែតុលា ចាញ់ក្រុមក្នុងទីក្រុងតែមួយ Manchester City លទ្ធផល ៣-០ ក្នុងជំនួបក្របខណ្ឌ Premier League។ ក្រុមបិសាចក្រហម នឹងត្រូវបន្តការប្រកួតប្រជែងការពារតំណែងឯក EFL Cup ជុំទី៤ ដោយត្រូវស្វាគមន៍ក្រុមជើងខ្លាំង Newcastle United រាត្រីថ្ងៃទី១ ខែវិច្ឆិកា​ វេលាម៉ោង ៣:១៥យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។


ជំនួបរវាងក្រុម Man United ទល់នឹងក្រុម Newcastle United ជុំទី៤​ ពានរង្វាន់ EFL Cup រដូវកាល ២០២៣-២៤ គឺជាជំនួបសងសឹងរបស់ក្រុមទាំងពីរ ក្រោយពេលដែលក្រុមទាំងសងខាងបានប៉ះគ្នានៅជំនួបវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំមុន នៅក្នុងកីឡដ្ឋាន Wembley ដោយកាលនោះបិសាចក្រហមយកឈ្នះដោយលទ្ធផល ២-០។
 
ការប្រកួតជំនួប EFL Cup សម្រាប់ក្រុមបិសាចក្រហម កើតឡើង ៣ថ្ងៃក្រោយពេលដែលក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag មួយនេះចាញ់ការប្រកួតនៅក្នុងជំនួបទីក្រុងតែមួយលទ្ធផល ៣-០ ក្រោមថ្វីជើងក្រុមមេឃខៀវ​ Manchester City។
 
ខណៈដែលក្លិប Man United រងបរាជ័យយ៉ាងអាម៉ាស់ដោយចាញ់ក្រុមមកពីទីក្រុងតែមួយ ហើយដែលជាការចាញ់លើកទី៥ ថែមទៀតក្នុងរដូវកាល ២០២៣-២៤​ ហើយក៏ជាការចាញ់លើកទី៧ រាល់ការប្រកួតទាំងអស់ កីឡាករបិសាចក្រហមមួយចំនួនកំពុងតែបន្តស្ថិតនៅក្នុងបញ្ជីរងរបួស ខណៈដែលម្ចាស់ក្លិបនាពេលបច្ចុប្បន្នហាក់មិនអើលពើក្នុងការជួយដល់លោក Ten Hag។ ក្លិបបិសាចក្រហមតែងតែរក្សាភាពស្ងាមស្ងាត់ ចំពោះការរិះគន់ ហើយគ្រូបង្វឹកសញ្ជាតិហូឡង់អះអាងថាលទ្ធផលនឹងមានប្រែប្រួល។
 
«គ្មានចំណុចណាដែលមានអារម្មណ៍សោកស្តាយចំពោះខ្លួនយើងឡើយ ខ្ញុំនៅតែបន្តជឿជាក់លើកីឡាកររបស់ខ្ញុំ។ នៅក្នុងក្រុមបិសាចក្រហម រាល់ការប្រកួតគឺតែងតែស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់ ជារៀងរាល់ថ្ងៃ គឺតែងតែមានសម្ពាធធ្លាក់លើគ្រប់គ្នា រួមទាំងក្លិប ប៉ុន្តែវាបានទាមទារស្តង់ដារ ការប្រកួតប្រជែងដែលយើងត្រូវប្រឈមមុខបន្តទៀត។ ខណៈដែលនេះមិនមែនជាការប្រកួតដ៏ល្អសម្រាប់ដើមរដូវកាល ប៉ុន្តែយើងរំពឹងថា យើងកំពុងតែស្ថិតនៅលើផ្លូវត្រូវ។ […]។ លោក Ten Hag បាននិយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតទល់នឹងក្រុម Newcastle United។
 
ក្រុមបិសាចក្រហមមិនដែលរងបរាជ័យដល់ ៨ប្រកួតឡើយ មុនពេលឆ្លងកាត់ការប្រកួតផុតខែវិច្ឆិកា អំឡុងឆ្នាំ ២០០១-០២។ Man United មិនធ្លាប់ចាញ់ដល់ ៨ប្រកួតឡើយនៅក្នុងការប្រកួត ១៥ប្រកួតដំបូងរបស់គេ ចាប់តាំងពីឆ្នាំ ១៩៧២-៧៣ មក៕
 
ការប្រកួតរបស់ក្រុមដទៃផ្សេងទៀតនៅក្នុងពានរង្វាន់ EFL Cup ជុំទី៤ ៖ 
West Ham United ទទួលក្រុម Arsenal
Bournemouth ទទួល Liverpool
Chelsea ទទួល Blackburn Rovers
Everton ទទួល Burnley
Ipswich Town ទទួល Fulham៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com