ជាតិ
សាច់បង្កកខុសច្បាប់១០តោនពីវៀតណាម និង៣តោន ខូចគុណភាព ត្រូវបានឃាត់ទុក និងកម្ទេចចោល
02, Nov 2023 , 11:58 am        
រូបភាព
សាច់បង្កកដែលសមត្ថកិច្ចជំនាញដកហូត។ រូបពី ក.ប.ប
សាច់បង្កកដែលសមត្ថកិច្ចជំនាញដកហូត។ រូបពី ក.ប.ប
ភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ចុះបង្ក្រាបការលួចនាំចូលនិងរក្សាទុក សាច់បង្កក១៣តោន នៅខេត្តត្បូងឃុំ និងរាជធានីភ្នំពេញ។ នេះបើតាមការចេញផ្សាយរបស់ ក.ប.ប។
 
មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយ ការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធខេត្តត្បូងឃ្មុំ បានរកឃើញ សាច់បង្កកចំនួន១០តោន បានលួចនាំចូលពីប្រទេសវៀតណាម តាមរយៈរថយន្តបង្កកសាច់។ ការចុះឆែកឆេរនេះ ធ្វើឡើងនៅស្រុកពញញាក្រែក កាលពីថ្ងៃទី៣០តុលា។ 
 
មន្ត្រីជំនាញ ក.ប.ប អះអាងថា សាច់បង្កតដែលនាំចូលសាច់បង្កកខុសច្បាប់១០នោះ មានសាច់ក្របី៨៥០០គីឡូក្រាម ឬ៨តោនកន្លះ ហើយសាច់ជ្រូក១៥០០គីឡូក្រាម។ ជាមួយគ្នានេះ មន្ត្រីជំនាញរកឃើញថា សាច់បង្កកទាំងនោះ រក្សាទុកក្នុងស៊ីតុណ្ហភាព -៥ ទៅ -៣អង្សាសេ ដែលស្របតាមលក្ខណៈបច្ចេកទេស និងអនុលោមភាព។ យ៉ាងណា មន្ត្រីជំនាញ នឹងអនុវត្តតាមនីតិវិធីច្បាប់បន្ត ដោយសារសាច់ទាំងនេះ នាំចូលដោយគ្មានច្បាប់អនុញ្ញាត។ 


 
មួយថ្ងៃក្រោយមក មន្រ្តីជំនាញ​ ក.ប.ប បានបន្តរកឃើញសាច់បង្កក ៣៥០០គីឡូក្រាមទៀត កាលពីថ្ងៃទី៣១ តុលា ក្រោយឆែកឆេរឃ្លាំងស្កុក និងចែកចាយមួយកន្លែងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណីនេះ អាជ្ញាធរសម្រេច ដកហូតសាច់បង្កកនោះ ដោយសារពិនិត្យឃើញថា សាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព។ ហើយមន្រ្តីជំនាញ ក៏សម្រេចយកសាច់បង្កកទាំងនោះ ទៅកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សម្រាមខណ្ឌដង្កោ។ រីឯម្ចាស់ទីតាំងនៃឃ្លាំងសាច់បង្កក ត្រូវបានសមត្ថកិច្ចនាំទៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕





Tag:
 សាច់បង្កក
© រក្សាសិទ្ធិដោយ thmeythmey.com