អន្តរជាតិ
យោធាអុីស្រាអែល ហ៊ុមព័ទ្ធទីក្រុងកាហ្សាដើម្បីកម្ទេចក្រុមហាម៉ាស
03, Nov 2023 , 10:17 am        
រូបភាព
រូបភាពក​ម្លាំងការពារអ៊ីស្រាអែល
រូបភាពក​ម្លាំងការពារអ៊ីស្រាអែល
យោធាអ៊ីស្រាអែល នៅថ្ងៃទី២ ខែវិច្ឆិកា បានចាប់ផ្តើមឡោមព័ទ្ធទីក្រុងកាហ្សា ដែលជាទីក្រុងដ៏សំខាន់នៅក្នុងតំបន់ដើម្បីបោសសម្អាតក្រុមហាម៉ាស។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា កងទ័ពអ៊ីស្រាអែល កំពុងតែទទួលជោគជ័យ និងបន្តវាយប្រហារទៅមុខ។
 
គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស បានឈានចូលដល់ថ្ងៃទី២៧ហើយ ដោយយោធាអ៊ីស្រាអែល បានវាយប្រហារយ៉ាងខ្លាំងលើក្រុមហាម៉ាស ក្នុងតំបន់កាហ្សាតាមរយៈផ្លូវគោក និងអាកាស។ បន្ទាប់ពីប្រតិបត្តិការយោធាជាច្រើនថ្ងៃ ពេលនេះ យោធាអ៊ីស្រាអែលអះអាង កំពុងហ៊ុមព័ទ្ធទីក្រុងកាហ្សាហើយ។ ទីក្រុងកាហ្សា ជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់កាហ្សាភាគខាងជើង និងមានមនុស្សរស់នៅលើសពីកន្លះលាននាក់ នៅពេលកន្លងមក។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យយោធាអ៊ីស្រាអែល ឧត្តមនាវីទោ Daniel Hagari នៅថ្ងៃទី២ ខែវិច្ឆិកា កងទ័ពរបស់ខ្លួនបានឡោមព័ទ្ធទាំងស្រុងលើទីក្រុងកាហ្សា ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
«យើងកំពុងស្ថិតនៅចំណុចដ៏ខ្លាំងបំផុតនៃការប្រយុទ្ធ។ យើងមានជ័យជម្នះដ៏ល្អ និងបានឆ្លងផុតជាយក្រុងកាហ្សាហើយ»។ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានសង្កត់ធ្ងន់បែបនេះ នៅក្នុសេចក្តីថ្លែងការណ៍មួយដោយឡែក  ដោយបន្តថា កងកម្លាំងអ៊ីស្រាអែល កំពុងបន្តវាយប្រហារទៅមុខ។ 
 
ស្របគ្នានេះ ឧត្តមសេនីយ៍ត្រី Iddo Mizrahi ប្រមុខកម្លាំងវិស្វកម្មយោធាអ៊ីស្រាអែល បានអះអាងថា កងកម្លាំងរបស់ខ្លួន កំពុងតែប្រឈមមុខ និងដោះស្រាយជាមួយបញ្ហាមីន និងអន្ទាក់ ដែលត្រូវបានក្រុមហាម៉ាសពង្រាយក្នុងតំបន់កាហ្សា ក្នុងគោលបំណងទប់ស្កាត់ការវាយប្រហាររបស់អ៊ីស្រាអែល។ មន្រ្តីយោធារូបនេះ បានចាត់ទុកក្រុមហាម៉ាស បានត្រៀមខ្លួនយ៉ាងល្អក្នុងការតទល់នឹងអ៊ីស្រាអែល។ 
 
ខណៈអ៊ីស្រាអែលប្រកាសពីការវាយលុយលើតំបន់កាហ្សា ក្រុមហាម៉ាស នៅថ្ងៃទី២ ខែវិច្ឆិកាដដែល បានលើកឡើងថា កម្លាំងយោធាអ៊ីស្រាអែល បានបាត់បង់ជីវិតក្នុងចំនួនដ៏ខ្ពស់ ជាងការប្រកាសរបស់យោធាអ៊ីស្រាអែល។ បន្ថែមពីនេះ ក្រុមហាម៉ាស ក៏បានព្រមានសម្លាប់ទាហានអ៊ីស្រាអែលឱ្យបានកាន់តែច្រើនថែមទៀត។ 
 
កន្លងមក អ៊ីស្រាអែល បានអះអាងថា យោធារបស់ខ្លួន ចំនួន១៨នាក់ បានបាត់បង់ជីវិតក្នុងប្រតិបត្តិការតាមប្រមាញ់ក្រុមហាម៉ាសក្នុងតំបន់កាហ្សា។ 
 
ក្រុមហាម៉ាស មិនបានប្រយុទ្ធតទល់ជាមួយកម្លាំងអ៊ីស្រាអែលខ្លាំងពេកឡើយ ដោយបានត្រឹមតែលួចវាយឆ្មក់ ហើយគេចខ្លួនប៉ុណ្ណោះ។ ក្រុមហាម៉ាស បានរួមដៃជាមួយក្រុមឥស្លាមជីហាត (Jihad) ដើម្បីវាយប្រហារលើក្រុមអ៊ីស្រាអែល តាមរយៈផ្លូវក្រោមដី។ 
 
ចំណែកលោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅថ្ងៃទី២ ខែវិច្ឆិកា បានចាប់ផ្តើមបំពេញទស្សនកិច្ចជាលើកទីពីរទៅតំបន់មជ្ឈិមបូព៌ា ដើម្បីស្វះស្វែងរកការផ្តល់ជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា និងបទឈប់បាញ់ជាដើម។  មុននេះ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏បានស្នើឱ្យផ្អាកការប្រយុទ្ធគ្នា ក្នុងគោលបំណងអនុញ្ញាតឱ្យមានការនាំចូលជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សាផង។ យ៉ាងណាមិញ មេដឹកនាំអ៊ីស្រាអែល មិនទាន់បានឆ្លើយតបនឹងសំណើរបស់លោកបៃឌិននៅឡើយ។ 
 
សូមបញ្ជាក់ថា ក្នុងជម្លោះជិត១ខែនេះ ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់៩០៦១នាក់ បានបាត់បង់ជីវិត ខណៈប្រជាជននៅអ៊ីស្រាអែលប្រមាណ១៤០០នាក់ បានស្លាប់។ លើសពីនេះ មនុស្សជាច្រើនពាន់នាក់ផ្សេងទៀត បានរងរបួស និងភៀសខ្លួនរកកន្លែងសុវត្ថិភាព៕ 

Tag:
 អុីស្រាអែល
  ប៉ាឡេស្ទីន
  ហាម៉ាស
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com