ជាតិ
បាក់ឌុប
បេក្ខជនជិត១៤ម៉ឺននាក់ ចាប់ផ្តើមប្រឡងបាក់ឌុប
06, Nov 2023 , 7:58 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ បានចាប់ផ្តើមហើយ ដោយមានបេក្ខជនចំនួន ១៣៧ ៤១២ នាក់ចូលរួម ក្នុងនោះបេក្ខនារី ចំនួន៧៣ ២៧៨នាក់។ ក្នុងចំណោមទាំងអស់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤១ ៣៧៩នាក់ ស្មើនឹងប្រមាណ៣០,១ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣នាក់​ ស្មើនឹងប្រមាណ ៦៩,៩ភាគរយ។
 

​នៅព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុបនេះ ថ្នាក់វិទ្យាសាស្ត្រ មានមុខវិជ្ជា ប្រវត្តិវិទ្យា និងជីវវិទ្យា។ ចំណែកវិញ្ញាសាសម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដី និងបរិស្ថាន និងប្រវត្តិវិទ្យា។ រីឯនៅពេលរសៀល ថ្នាក់វិទ្យាសាស្ត្រ មានមុខវិជ្ជា គីមីវិទ្យា និងភាសាបរទេស។ ចំណែកវិញ្ញាសាសម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជាភូមិវិទ្យា និងភាសាបរទេស។
 
នៅក្នុងដំណើរការប្រឡងនេះដែរ មានស្ថាប័នចំនួន៦ ចូលរួម ដែលមានក្រសួងមហាផ្ទៃ ក្រសួងសុខាមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ការចូលរួមពីស្ថាប័នទាំងនេះ គឺក្នុងគោលបំណងរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមមណ្ឌលប្រឡង និងធានាសុខភាពសម្រាប់គណៈមេប្រយោគ អ្នកពាក់ព័ន្ធនានា និងបេក្ខជនប្រឡង។ 
 
សូមជម្រាបថា មណ្ឌលប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ មានចំនួន ២២៧ មណ្ឌល ត្រូវជា ៥៥៤៣បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៥មណ្ឌល ។ 
 
ការប្រកាសលទ្ធផលប្រឡង គ្រោងធ្វើឡើង នៅថ្ងៃទី២៨ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩វិច្ឆិកា សម្រាប់បណ្តាខេត្តផ្សេងទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com