សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រាក់យ៉េនចុះខ្សោយ បង្ខំឲ្យជប៉ុនកាត់បន្ថយផែនការចំណាយលើវិស័យការពារជាតិ
06, Nov 2023 , 10:42 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ជប៉ុនបានកាត់បន្ថយការចំណាយរបស់ខ្លួនលើវិស័យការពារជាតិ ដោយសារប្រាក់យ៉េនចុះខ្សោយ។ ទឹកប្រាក់ចំនួន ៤៣៥០០ពាន់លានយ៉េនដែលជាផែនការចំណាយសម្រាប់កងទ័ពកាលពីខែធ្នូឆ្នាំមុន បានបាត់បង់តម្លៃ ១០ភាគរយបើធៀបប្រាក់ដុល្លារនាពេលបច្ចុប្បន្ន​។
 
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters  ប្រាក់យ៉េនធ្លាក់ថ្លៃបានបង្ខំឱ្យជប៉ុនកាត់បន្ថយផែនការចំណាយលើវិស័យការពារជាតិរយៈពេល ៥ឆ្នាំ ដែលមានតម្លៃ ៤៣៥០០ពាន់លានយ៉េន (ជាង២៩០ពាន់លានដុល្លារ)។
 
ចាប់តាំងពីផែនការចំណាយសម្រាប់យោធាត្រូវបានប្រកាសកាលពីខែធ្នូឆ្នាំមុន ប្រាក់យ៉េនបានធ្លាក់ថ្លៃ១០ភាគរយបើធៀបនឹងប្រាក់ដុល្លារ ដែលបង្ខំឱ្យទីក្រុងតូក្យូកាត់បន្ថយផែនការលទ្ធកម្មការពារជាតិ ដែលពេលនោះគិតជាប្រាក់ដុល្លារមានប្រមាណ៣២០ពាន់លានដុល្លារ។
 
មន្ត្រីរដ្ឋាភិបាលជប៉ុនបានប្រាប់សារព័ត៌មាន Reuters ថា ជប៉ុននឹងចាប់ផ្តើមកាត់បន្ថយការទិញយន្តហោះចម្បាំងនៅឆ្នាំ២០២៤ ដែលជាឆ្នាំទីពីរនៃផែនការចំណាយខាងលើ ដោយសារតែប្រាក់យ៉េនចុះខ្សោយ។
 
អត្រាប្តូរប្រាក់ខ្ពស់បំផុតនៅជប៉ុនបានជួញដូរក្នុងតម្លៃពី១០៨យ៉េនក្នុង១ដុល្លារ ដែលជាអត្រាជួញដូរចុងក្រោយនៅរដូវក្តៅឆ្នាំ២០២១។  បច្ចុប្បន្នរូបិយប័ណ្ណនេះបានធ្លាក់ចុះក្នុងតម្លៃបង្ខំឱ្យជប៉ុនត្រូវចំណាយ ១៥១យ៉េនសម្រាប់ ១ដុល្លារអាម៉េរិក ។
 
ជាមួយនឹងការកាត់បន្ថយការចំណាយលើវិស័យការពារជាតិ ជប៉ុនបានសម្រេចចិត្តផ្តល់អាទិភាពលើការចំណាយលើអាវុធជួរមុខដែលផលិតដោយអាម៉េរិកនិងបំពាក់គុណភាពកម្រិតខ្ពស់ ដូចជាមីស៊ីលជាដើម។ ត្រង់នេះមានន័យថា ចំណាយតិចសម្រាប់យន្តហោះជំនួយ និងឧបករណ៍បន្ទាប់បន្សំ ដែលភាគច្រើនផលិតដោយក្រុមហ៊ុនជប៉ុន។
 
មន្ត្រីក្រសួងការពារជាតិជប៉ុន ធ្លាប់បានពិភាក្សាអំពីការបញ្ជាទិញសម្រាប់ឧទ្ធម្ភាគចក្រដឹកជញ្ជូន Chinook ភ្លោះ ៣៤គ្រឿងក្នុងតម្លៃប្រហែល១៥ពាន់លានយ៉េនក្នុងមួយគ្រឿង។ ប៉ុន្តែនៅក្នុងសំណើថវិកាការពារជាតិសម្រាប់ឆ្នាំដែលចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៤ ខាងមុខ ការបញ្ជាទិញនោះត្រូវបានកាត់បន្ថយពាក់កណ្តាលប្រមាណ១៧គ្រឿងទៅវិញ ដោយសារតែតម្លៃនៃយន្តហោះនីមួយៗបានកើនឡើងប្រហែល ៥ពាន់លានយ៉េនក្នុងមួយគ្រឿង ។ 
 
កន្លងមកកាលពីខែធ្នូ នាយករដ្ឋមន្រ្តីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ធ្លាប់បានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំទ្វេដង រហូតដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាវិធានការមួយក្នុងគោលបំណងធ្វើឱ្យជប៉ុនក្លាយជាប្រទេសចំណាយយោធាធំជាងគេទីបីរបស់ពិភពលោក ដែលត្រូវបានសមាជិកសភា និងអ្នកវិភាគចាត់ទុកថាមិនសមហេតុផលទាល់តែសោះ៕
 

Tag:
 ជប៉ុន
  ប្រាក់យ៉េន
  ប្រាក់ដុល្លារ​
© រក្សាសិទ្ធិដោយ thmeythmey.com