ជាតិ
អត្ថបទពាណិជ្ជកម្ម
PPCBank ដឹកនាំក្រុមគ្រូពេទ្យពីប្រទេសកូរ៉េខាងត្បូង ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទីជនបទ ដោយឥតគិតថ្លៃ
06, Nov 2023 , 4:59 pm        
រូបភាព
តាមរយៈកិច្ចសហការអន្តរជាតិដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខុមាលភាពសហគមន៍ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាបានជួយឲ្យប្រជាពលរដ្ឋខ្វះខាតចំនួន ៥៦៦នាក់ ក្នុងខេត្តកំពត កំពង់ស្ពឺ និងកណ្ដាលទទួលបានការពិនិត្យព្យាបាល និងថ្នាំពេទ្យដោយឥតគិតថ្លៃ។
 
សកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង និងរាជធានីភ្នំពេញធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី​៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការជួយគាំទ្រពីធនាគារ PPCBank និង Jeonbuk Bank និងមានការសម្របសម្រួលពីមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន។ 
 
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង ១១នាក់ ដែលធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូងដើម្បីសហការជាមួយមន្ទីរពេទ្យ PMC-Atomy ក្នុងរាជធានីភ្នំពេញសុទ្ធសឹងជាអ្នកឯកទេសផ្នែកជំងឺទូទៅ ចក្ខុ ទន្តសាស្រ្ត និងឱសថសាស្រ្ត ក្នុងការអាចផ្តល់សេវាពិនិត្យព្យាបាលជំងឺជាច្រើនមុខដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពរួមទាំងកុមារតូចៗផងដែរ។ គោលបំណងចម្បងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺដើម្បីរួមចំណែកទប់ស្កាត់ភាពពិការភ្នែកនៅកម្ពុជា និងការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញឲ្យបានល្អព្រមទាំងពិគ្រោះព្យាបាលជំងឺទូទៅជូនប្រជាពលដ្ឋពីវេជ្ជបណ្ឌិតដែលសុទ្ធតែមានជំនាញ និងបទពិសោធន៍រាប់ឆ្នាំ។
 


លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានគូសបញ្ជាក់អំពីបេសកកម្មមនុស្សធម៌ក្នុងការចុះជួយពិ​និត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងការរឹតចំណងមិត្តភាពបន្ថែមទៀតរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង។
 
លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អត្ថប្រយោជន៍ដ៏សំខាន់ដែលពលរដ្ឋទទួលបានគឺការពិនិត្យសុខភាពប្រកបដោយគុណភាពពីក្រុមវេជ្ជបណ្ឌិតជំនាញៗ ប៉ុន្តែព្រឹត្តិការណ៍នេះក៏ជាការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសកូរ៉េ និងកម្ពុជាផងដែរ។”
 
លោកបន្តទៀតថា៖ “នៅធនាគារ PPCBank គុណតម្លៃស្នូលរបស់យើង គឺការរួមគ្នាជួយដល់ប្រជាជនដែលត្រូវការជំនួយចាំបាច់។ ដើម្បីស​ម្រេចនូវគោលដៅខាងលើ ធនាគារ PPCBank នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយដល់សហគមន៍ដែលខ្វះខាតតាមរយៈការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ការឧបត្ថម្ភ និងការផ្តល់ជំនួយនៅក្នុងបុព្វហេតុសំខាន់នានា”។
 


ធនាគារ PPCBank ត្រូវបានទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការជួយដល់សហគមន៍ដែលជួបការលំបាក។ នៅក្នុងឆ្នាំនេះ PPCBank បានធ្វើសកម្មភាពនិងយុទ្ធនាការទំនួលខុសត្រូវសង្គមជាច្រើនដូចជាការនាំយកសម្ភារៈសិក្សាមួយចំនួនទៅចែកជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ។ 
 
បន្ថែមពីនេះ ធនាគារ PPCBank ក៏បានសហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) ក្រោមគម្រោង “គំហើញថ្មី ឆ្នាំ២០២៣” របស់ PPCBank ក្នុងការរៀបចំកម្មវិធីពិនិត្យវាស់ភ្នែក និងចែកជូនវ៉ែនតាដោយឥតគិតថ្លៃដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ នៅតាមតំបន់ជិតឆ្ងាយមួយចំនួនក្នុងប្រទេសកម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)
 














© រក្សាសិទ្ធិដោយ thmeythmey.com