ជាតិ
World Vision ពង្រីកគម្រោង «មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ» ដល់ព្រះវិហារ
09, Nov 2023 , 7:39 pm        
រូបភាព
ការលើកកម្ពស់ចិញ្ចឹមកូនដោយទឹកដោះម្តាយ នៅតាមមណ្ឌលសុខភាព។
ការលើកកម្ពស់ចិញ្ចឹមកូនដោយទឹកដោះម្តាយ នៅតាមមណ្ឌលសុខភាព។
ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក (World Vision) បានពង្រីកគម្រោង «មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ» រហូតដល់៣៤កន្លែង នៅខេត្តសៀមរាប និងព្រះវិហារ។ គម្រោងនេះ នឹងជួយបណ្ដុះបណ្ដាលបុគ្គលិកមណ្ឌលសុខភាព ឱ្យមានចំណេះដឹង និងជំនាញបន្ថែមទៀត ក្នុងការអប់រំ និងគាំទ្រ ស្រ្តីជាម្ដាយឱ្យបំបៅកូនដោយទឹកដោះ។ ការបំបៅកូនដោយទឹកដោះម្ដាយ នឹងជួយឱ្យសុខុមាលភាពកុមារប្រសើរឡើង ជាពិសេស កាត់បន្ថយការឆ្លងជំងឺ និងមរណៈភាពរបស់កុមារ។


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការទស្សនៈពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា គម្រោង «មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ» មានរយៈពេល៣ឆ្នាំ ដែលគិតចាប់ពី២០២៣ ដល់២០២៦ ក្រោមការគាំទ្រពី Else Kröner-Fresenius-Stiftung (EKFS) តាមរយៈ អង្គការទស្សនៈពិភពលោក អាឡឺម៉ង់ បន្ទាប់ពីអនុវត្តសាកល្បងជោគជ័យ នៅមណ្ឌលសុខភាពចំនួន៨ នៅខេត្តសៀមរាប កាលពីឆ្នាំ២០២២-២០២៣។ 
 
តាមការវាយតម្លៃ ការពង្រីកវិសាលភាពថ្មីនេះ នឹងផ្តល់ផលវិជ្ជមានដល់ស្រ្តីមានផ្ទៃពោះជាង៥.៤ម៉ឺននាក់ ទារកប្រមាណ ១.៥ម៉ឺននាក់។ ទន្ទឹមនោះ បុគ្គលិកមណ្ឌលសុខភាពចំនួន១៣០ នាក់ នឹងទទួលបានការសាងសមត្ថភាពរបស់ ដើម្បីត្រួតពិនិត្យ និងតាមដានសេវា ដែលផ្តល់ដោយមណ្ឌលសុខភាពទាំង៣៤កន្លែង។ លើសពីនេះ គម្រោង ក៏នឹងប្រមូលផ្តុំ និងបណ្តុះបណ្តាល អ្នកប្រឹក្សាការបំបៅដោះកូន នៅកម្រិតសហគមន៍ ដើម្បីផ្ដល់ការអប់រំបន្ថែមដល់ម្តាយ និងសមាជិកគ្រួសារពួកគេ ពីផលសារៈប្រយោជន៍ នៃទឹកដោះម្តាយចំពោះទារក និងកុមារតូចៗ។
 
អត្រាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ នៅកម្ពុជា មានកម្រិតខ្ពស់បំផុត។ ក្នុងនោះ កុមារ ២២ភាគរយ មានកម្ពស់ទាបធៀបនឹងអាយុ (កេះក្រិន) និងកុមារ១០ភាគរយ មិនមានទម្ងន់គ្រប់គ្រាន់ធៀបនឹងកម្ពស់ (ស្គម ស្គាំង)។ ទាំងនេះ បណ្ដាលមកពីការផ្តល់អាហារមិនត្រឹមត្រូវ ទឹកកខ្វក់ កង្វះអនាម័យ ភាពក្រីក្រ ជាពិសេសកង្វះការអប់រំពីម្តាយ។  
 
លោកស្រី គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) បានលើកឡើងថា នៅកម្ពុជាមានតែពាក់កណ្ដាលនៃម្តាយទាំងអស់ ដែលបំបៅកូនដោយទឹកដោះតែមួយមុខគត់ក្នុងរយៈពេល៦ខែដំបូង ដូច្នេះហើយ វាជារឿងចាំបាច់ក្នុងការបង្កើនចំណេះដឹងក្នុងចំណោមស្រ្តីមានផ្ទៃពោះ និង ម្តាយក្រោយសម្រាល អំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល នឹងសហការជាមួយ អង្គការទស្សនៈពិភពលោក ដើម្បីធ្វើយ៉ាងណាឱ្យអត្រាបំបៅកូនដោយទឹកដោះនៅកម្ពុជា មានភាពប្រសើរឡើង។ 
 
ការបំបៅកូនដោយទឹកដោះម្តាយ គឺជាអាហារដ៏ ល្អបំផុតសម្រាប់ទារកទើបនឹងកើត និងទារក ហើយជួយការពារទារកប្រឆាំងនឹងជំងឺជាច្រើន។ កុមារដែលធំធាត់ដោយការបំបៅដោយទឹកដោះម្តាយ ទទួលបានពិន្ទុល្អក្នុងការធ្វើតេស្តបញ្ញា ហើយពួកគេមិនងាយប្រឈមនឹងជំងឺទឹកនោមផ្អែម ឬជំងឺឆ្លងផ្សេងៗទៀតនៅ ធំឡើង។  
 
លោកស្រី រ័ត្ននា បន្តថា ការគាំទ្រ ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាលដល់ បុគ្គលិកមណ្ឌលសុខភាពស្តីពីការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយ របស់អង្គការទស្សនៈពិភពលោក នៅពេលនេះ នឹងអាចឱ្យពួកគេផ្តល់ ចំណេះដឹង និងការអប់រំបន្តទៅដល់ស្រ្តីមានផ្ទៃពោះ និងម្តាយក្រោយសម្រាលកូន ជាពិសេសម្ដាយមានកូនដំបូង។ មិនតែប៉ុណ្ណោះ បុគ្គលិកមណ្ឌលសុខភាព ក៏មានតួរនាទីលើកទឹកចិត្តការបំបៅកូនដោយទឹកដោះម្តាយ ដែលផ្ដោតសំខាន់ ទៅលើទំនាក់ទំនង របៀបដាក់ ទីតាំងទារក និងការផ្ដល់អាហារបន្ថែមនៅពេលកុមារមានអាយុ ៦ខែ និងបន្តការបំបៅកូនដោយ ដោះម្តាយរហូតដល់កុមារមានអាយុ២ឆ្នាំ ដើម្បីបង្កើនសុខុមាលភាពរបស់កុមារ។
 
ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា បង្ហាញថា ទោះបីជា៩៩ភាគរយ នៃការសម្រាលកូន ត្រូវបានសម្រាលដោយអ្នកជំនាញ, ៦៨ភាគរយ សម្រាលកូនដោយគិលានុបដ្ឋាយិកា ឬឆ្មប, ២ភាគរយ សម្រាលកូនដោយជំនួយការឆ្មប និង ២៩ភាគរយ សម្រាលកូនដោយ វេជ្ជបណ្ឌិត។ ប៉ុន្តែមានតែ ៥៤ភាគរយ នៃទារកទើបនឹងកើតប៉ុណ្ណោះ ដែលទទួលបានការបំបៅដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីសម្រាល។ 
 
បើតាម លោកស្រី ក្រាណា ពូ សេល ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោក គ្រឹះស្ថានសុខាភិបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រម្តាយវ័យក្មេងឱ្យបំបៅកូនដោយទឹកដោះម្តាយ ដោយជោគជ័យ។ បុគ្គលិកមណ្ឌលសុខភាព នឹងទទួលបានវគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់ការអនុវត្តការបំបៅកូនដោយ ទឹកដោះម្តាយ និងទទួលបានការលើកទឹកចិត្តដើម្បីធ្វើឱ្យមណ្ឌលសុខភាពរបស់ពួកគេក្លាយជា «មន្ទីរពេទ្យស្រលាញ់ទារក» ហើយនឹងត្រូវបានត្រួតពិនិត្យដោយមន្ត្រីរបស់មន្ទីរសុខាភិបាលខេត្ត៕  

Tag:
 World Vision
  ទឹកដោះម្ដាយ
© រក្សាសិទ្ធិដោយ thmeythmey.com