កីឡាជាតិ
ជាតិ
ទោះពេលខ្លី និងខើចថវិកា អូមើត ប្តេជ្ញារៀបប្រកួតម៉ូតូទឹក ឱ្យកក្រើកនៅបុណ្យសមុទ្រ ខេត្តកែប
19, Nov 2023 , 11:39 am        
រូបភាព
ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នឹងរៀបចំនៅខេត្តកែប ពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែធ្នូ។ ក្រៅពីសកម្មភាពកីឡានានា និងមហោស្របម្ហូបអាហារ ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៣នេះ នឹងមានការរៀបចំកម្មវិធីប្រណាំងម៉ូតូទឹកដ៏ធំផងដែរ ដោយមានការចូលរួមពីក្រុមប្រណាំងអន្តរជាតិ។


ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំពីធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣  ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចណ៍»។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ពិធីនេះ ក៏មានវត្តមានចូលរួមពីសំណាក់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។
 
ដើម្បីឱ្យស្របតាមគោដៅ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ ផលិតផល កសិផល និងជីវចម្រុះដ៏សម្បូរបែបនាខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា ទៅកាន់ទេសចរជាតិ និងអន្តរជាតិ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នឹងរៀបចំការប្រណាំងទ្រង់ទ្រាយធំ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកែប។
  


កីឡាករជម្រើសជាតិកម្ពុជា សាលី អូមើត ដែលទើបកាន់តំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នឹងទទួលរ៉ាប់រងរៀបចំការប្រណាំងនេះ។ ក្រោយទទួលបានការរៀបចំពីសំណាក់លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ម្ចាស់មេដាយមាសម៉ូតូទឹក ស៊ីហ្គេម និងកីឡាអាស៊ី ប្តេជ្ញា ដំណើរការការប្រណាំងម៉ូតូទឹក ឱ្យកក្រើកនៅបុណ្យសមុទ្រខេត្តកែប​ ដោយមានការចូលរួមពីកីឡាករអន្តរជាតិផង បើទោះមានរយៈពេលខ្លីក្នុងការរៀបចំ។ ស្របពេលគ្នានេះ ម្ចាស់មេដាយមាសម៉ូតូទឹក បានដាក់សំណើរអញ្ជើញកីឡាករអន្តរជាតិឱ្យមកចូលរួមការប្រណាំងនេះបណ្តើរៗហើយដែរ។
 
អូមើត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) ថា ការរៀបចំការប្រណាំងម៉ូតូទឹកនៅខេត្តកែបមានការលំបាក ដ្បិត សហព័ន្ធទើបទម្លាក់ការងារនេះឱ្យខ្លួន ស្របពេលគៀកថ្ងៃបុណ្យ ហើយជាពិសេសថវិកាក៏មិនទាន់គ្រប់គ្រាន់។ ដោយសារសហព័ន្ធមិនទាន់មានឧបករណ៍ដើម្បីដំឡើងសម្រាប់រៀបចំការប្រកួតគ្រប់គ្រាន់ អូមើត បានស្នើទៅកាន់ក្លិបនៅថៃ ដែលខ្លួនប្រកបអាជីពសព្វថ្ងៃ ដើម្បីខ្ចីសមភារទាំងនោះមករៀបចំ។ អ្វីដែលជាឧបសគ្គទៀតនោះ នៅពេលខ្ចីបានហើយ នឹងមានការលំបាកបន្តបន្ទាប់ទៀតដូចជាត្រូវឆ្លងកាត់ច្រកព្រំដែន ថាតើគយនឹងអនុញ្ញាតឱ្យយកចូលមកក្នុងប្រទេសទាន់ពេលឬ អត់ ខណៈនៅសល់ជាង១០ថ្ងៃ។ 
 
«យើងត្រូវប្រើលុយដើម្បីជួលគេរៀបចំ។ សម្រាប់ខ្ញុំការរៀបចំនេះមានរយៈពេលខ្លីមែនទែន​ ដោយសារសហព័ន្ធទើបប្រគល់តួនាទីឱ្យ។ ហើយការរៀបចំនេះ ខាងសហព័ន្ធក៏បានទម្លាក់ថវិកាជិត១ម៉ឺនដុល្លារ ខណៈគម្រោងអាចចាយជិត៣ម៉ឺនដុល្លារ»។ នេះជាការរៀបរាប់របស់អូមើត។ យ៉ាងណាក៏ដោយ កីឡាករទើបឈ្នះមេដាយមាស ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក (Jet Ski World Series 2023) ជុំផ្ដាច់ព្រ័ត្រនៅសហរដ្ឋអាម៉េរិក នឹងចំណាយថវិកាខ្លួនឯងបន្ថែម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យកម្មវិធីប្រណាំងម៉ូតូទឹក លេចធ្លោនៅ បុណ្យសមុទ្រតាមបណ្តោយឆ្នេរកែបនេះ និងដើម្បីអបអរការឡើងកាន់តំណែងរបស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។
 
ពិធីបុណ្យសមុទ្រ បានរៀបចំ៩លើករួចមកហើយនៅខេត្តតំបន់ឆ្នេរទាំង៤ រួមមាន ព្រះសីហនុ កោះកុង កំពត និងកែប ក្នុងនោះលើកចុងក្រោយ ជុំទី៣ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឆ្នាំ២០២២។ ពិធីបុណ្យសមុទ្រ ដែលរៀបចំរៀងរាល់១ឆ្នាំម្តង បានធ្វើឡើងលើកដំបូងក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា ចូលជាសមាជិកក្លិបឆ្នេរសមុទ្រ ស្អាតបំផុតលើសកលលោក។ 
 
បើតាមលិខិតរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រ ចុះថ្ងៃទី៣ ខែវិច្ឆិកា ក្រៅពីសកម្មភាពកីឡានានា បុណ្យសមុទ្រលើកទី១០ដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ក៏មានកម្មវិធីកម្សាន្តច្រើនទៀត ដូចជាការសម្តែងសិល្បៈ ប្រគុំតន្ត្រី ពីក្រុមតារាចម្រៀងជាតិ អន្តរជាតិល្បីៗ ព្រមទាំងការបាញ់កាំជ្រួចផង។
 
លើសពីនេះ ក៏មានមហោស្របម្ហូបអាហារ ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ និងផលិតផលទូទៅជាច្រើនទៀត៕ 

Tag:
 បុណ្យសមុទ្រ
  សាលី អូមើត
© រក្សាសិទ្ធិដោយ thmeythmey.com