សេដ្ឋកិច្ចអន្តរជាតិ
អាស៊ាន
តើត្រូវការចំណូលប៉ុន្មានដើម្បីទិញបានផ្ទះនៅអាម៉េរិក?
19, Nov 2023 , 8:39 pm        
រូបភាព
ផ្ទះលក់នៅតំបន់  Maryland អាម៉េរិក ។ រូបភាព ៖ AFP
ផ្ទះលក់នៅតំបន់ Maryland អាម៉េរិក ។ រូបភាព ៖ AFP
បច្ចុប្បន្នការទិញផ្ទះបានក្លាយជាឧបសគ្គដ៏ធំផុតសម្រាប់ប្រជាជនអាម៉េរិក ដោយសារតែអត្រាការប្រាក់កម្ចីទិញផ្ទះនៅប្រទេសនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។   តម្លៃផ្ទះនៅតែបន្តកើនឡើងដោយសារតែការផ្គត់ផ្គង់លំនៅដ្ឋានមានតិចតួចប៉ុណ្ណោះ។
 
ប្រាក់ចំណូលជាមធ្យមសម្រាប់គ្រួសារដែលអាចទិញបានផ្ទះនៅអាម៉េរិកនាឆ្នាំនេះ ត្រូវមានចាប់ពី១០៧ពាន់ដុល្លារក្នុងមួយឆ្នាំ ខ្ពស់ជាងឆ្នាំមុនដែលត្រូវការ៨៨ពាន់ដុល្លារក្នុងមួយឆ្នាំ។  នេះបង្ហាញថា ការកើនឡើងតម្លៃផ្ទះនៅអាម៉េរិកកាន់តែគំរាមកំហែលដល់ប្រាក់ចំណូលរបស់ប្រជាជន។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមជាតិនៃអ្នកលក់អចលនទ្រព្យជាតិអាម៉េរិក (NAR)។
 
កំណើន២២ភាគរយនៃប្រាក់ចំណូលជាមធ្យមសម្រាប់អ្នកទិញផ្ទះ ជាការកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មាន។ ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារនៅអាម៉េរិកបច្ចុប្បន្នមាន៧៥ពាន់ដុល្លារក្នុងមួយឆ្នាំ គឺទាបជាងកម្រិតប្រាក់ចំណូលសម្រាប់ទិញផ្ទះក្នុងរបាយការណ៍ NAR ។
 
តម្លៃផ្ទះបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល២ទសវត្សរ៍ដល់ ៨ភាគរយសម្រាប់អ្នកទិញផ្ទះលើកដំបូង និង១៩ភាគរយសម្រាប់អ្នកទិញផ្ទះចាប់ពីលើកទីពីរទៅ។ មូលហេតុដោយសារអ្នកទិញចង់បង់រំលោះខ្ពស់ ដើម្បីទទួលបានសិទ្ធិទិញ ឬកាត់បន្ថយចំនួនកម្ចីទិញផ្ទះ។
 
ថ្វីបើរលកនៃការផ្គត់ផ្គង់លំនៅឋានធ្លាក់ចុះ តម្លៃផ្ទះខ្ពស់ និងអត្រាការប្រាក់ខ្ពស់ ក៏អត្រាចំនួនអ្នកទិញផ្ទះលើកដំបូងនៅអាម៉េរិកបានកើនឡើងនៅឆ្នាំនេះ។ អ្នកទិញផ្ទះលើកដំបូងមានចំនួន៣២ភាគរយនៃអតិថិជនទាំងអស់ កើនឡើងពី ២៦ភាគរយកាលពីឆ្នាំមុន។ 
 
របាយការណ៍របស់ NAR ក៏បានបង្ហាញថា ៧០ភាគរយនៃផ្ទះដែលបានទិញថ្មីៗនេះនៅអាម៉េរិក ជាគ្រួសារដែលគ្មានកូនក្រោមអាយុ ១៨ឆ្នាំ ដែលនេះជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន។ 
 
បើតាមរបាយការណ៍ប្រចាំត្រីមាសរបស់ NAR ច្រើនជាង ៨០ភាគរយនៃតំបន់ទីប្រជុំជនដែលមាន២២១កន្លែង មានតម្លៃផ្ទះកើនឡើងនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ បើធៀបគ្រាដូចគ្នាឆ្នាំមុន។ តម្លៃជាមធ្យមនៃផ្ទះប្រើប្រាស់រួចនៅអាម៉េរិកបានកើនឡើង ២,២ភាគរយក្នុងត្រីមាសទី៣ឆ្នាំនេះ ដល់៤០៦,៩ពាន់ដុល្លារ ធៀបនឹងតម្លៃ ៣៩៨ពាន់ដុល្លារក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២៕

Tag:
 អចលនទ្រព្យ
  ចំណូល
  អាម៉េរិក
  ផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com