ជាតិ
កម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការធ្វើពិពិធកម្មថាមពលកកើតឡើងវិញ
20, Nov 2023 , 8:12 pm        
រូបភាព
ដោយ: ថ្មីៗ
សប្តាហ៍ថាមពលស្អាត បានរៀបចំកិច្ចពិភាក្សាស្ដីពី«ការធ្វើពិពិធកម្មថាមពលកកើតឡើងវិញ និងអន្តរកាលថាមពលប្រកបដោយយុត្តិធម៌» នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ដោយមានការចូលរួមពីស្ថាប័ន អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត។


នៅក្នុងកិច្ចពិភាក្សានេះ អ្នកពាក់ព័ន្ធកត់សម្គាល់ឃើញថា ការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា មានកំណើនយ៉ាងឆាប់រហ័សប៉ុន្តែប្រភពថាមកកើតឡើងវិញភាគច្រើន គឺបានមកពីវារីអគ្គិសនី ដែលជាប្រភពថាមពលមិនទៀងទាត់។ មានន័យថា វាមិនតែងតែមានគ្រប់ពេល ឬមិនមាននិរន្តរភាព។ 
 
ទន្ទឹមនឹងនេះ បច្ចុប្បន្នកម្ពុជា កំពុងប្រឈមនឹងបញ្ហាជាច្រើនផ្នែកថាមពល រួមទាំងការបំពេញតម្រូវការថាមពលកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូសីល និងដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដើម្បីដោះស្រាយបញ្ហាទាំងប្រឈមទាំង ថា រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនចំណែកនៃថាមពលកកើតឡើងវិញនៅក្នុងប្រទេសឱ្យបានយ៉ាងហោច ៣៥ភាគរយ នៅឆ្នាំ២០៥០។ 
 
ជុំវិញដំណោះស្រាយនេះ អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា កត់សម្គាល់ថា នេះគឺឱកាសសម្រាប់កម្ពុជា ក្នុងការធ្វើពិពិធកម្មប្រភពថាមពលកកើតឡើងវិញ ដោយការវិនិយោគលើប្រភពថាមពលកកើតឡើងវិញផ្សេងទៀត ដូចជាពន្លឺព្រះអាទិត្យ និងខ្យល់។ ថាមពលព្រះអាទិត្យ និងខ្យល់ គឺជាប្រភពថាមពលបំពេញបន្ថែម សម្រាប់ការរួមបញ្ចូលទៅក្នុងបណ្តាញ អគ្គិសនីជាតិ។
 
 


នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា បានគូសបញ្ជាក់បន្ថែមថា ការធ្វើអន្តរកាលថាមពលកកើតឡើងវិញ  ក៏ត្រូវតែជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវមួយផងដែរ  ពោលគឺធានាថាប្រជាជនទាំងអស់ទទួលបានប្រយោជន៍ពីការធ្វើពិពិធកម្មថាមពល។ អ្នកស្រី ភាណ សោភ័ណ បន្ថែមថា៖ «ខ្ញុំជឿថា កម្ពុជាមានសក្តានុពលក្នុងការក្លាយជាប្រទេសនាំមុខគេខាងថាមពលកកើតឡើងវិញ។ ប្រទេសនេះមានធនធានថាមពលកកើតឡើងវិញយ៉ាងសម្បូរបែប ហើយរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការជួយដល់ការផ្លាស់ប្តូរ ទៅជាថាមពលកកើតឡើងវិញ»។
 
 លោកស្រី Ana Paula Assubuji នាយិកាប្រចាំប្រទេសអង្គការ Heinrich-Böll-Stiftung ក៏យល់ស្របដែរថា ការធ្វើអន្តរកាលថាមពលនេះ មិនត្រឹមតែរួមចំណែកដល់ការកំណើនសេដ្ឋកិច្ច សង្គមប៉ុន្តែវាក៏ការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុផងដែរ។ 
 
បើតាម លោកស្រី Ana Paula  កម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងទៀត កំពុងជួបប្រឈមនឹងការបញ្ហាការធ្វើអន្តរកាលថាមពលស្អាត និងការបង្កើនប្រភពថាមពលដែលមាននិរន្តរភាព។ បញ្ហាប្រឈមទាំងនោះ មានដូចជាការវិនិយោគក្នុងការវិស័យថាមពលកកើតឡើងវិញនៅមានកម្រិត និងបញ្ហាបច្ចេកទេសក៏ជារបាំងដែលរារាំងដល់ដំណើរការផ្ទេរការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ មកប្រើប្រាស់ថាមពលកកើតឡើងវិញ។ 
 


 
ដំណោះស្រាយបញ្ហានេះ គឺទាមទារឱ្យមានការបង្កើនការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងការប្តេជ្ញាចិត្តបន្ថែមទៀតពីរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមពីវិស័យឯកជន និងការបញ្ចូលសហគមន៍ដែលពាក់ព័ន្ធនៅក្នុងដំណាក់កាលនៃការធ្វើអន្តរកាលថាមពលកកើតឡើងវិញនេះដែរ។ យ៉ាងណាក៏ដោយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីភាគីពាក់ព័ន្ធ លោកស្រី Ana Paula Assubuji មានសុដ្ឋិនិយមថា កម្ពុជាមានឱកាសខ្ពស់នៅក្នុងការធ្វើអន្តរកាលថាមពលកកើតឡើងវិញ។






សូមជម្រាបថា កិច្ចពិភាក្សាស្ដីពី«ការធ្វើពិពិធកម្មថាមពលកកើតឡើងវិញ និងអន្តរកាលថាមពលប្រកបដោយយុត្តិធម៌» ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតរបស់ព្រឹត្តិការណ៍ថាមពលស្អាត ដែលកំពុងរៀបចំឡើងនៅកម្ពុជា ពីថ្ងៃទី១៦-២៣ វិច្ឆិកា។ សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ រៀបចំឡើងដោយ អង្គការ EnergyLab កម្ពុជា ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយសហស្ថាបនិក រួមមានរដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងទទួលបានមូលនិធិពីអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPPED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក(CzDA)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com