កីឡាអន្តរជាតិ
វីដេអូ
អន្តរជាតិ
ជាអ្នកស្នេហាវិស័យទូក លោក រ៉េន រតនៈ ប្រឹងប្រែងកៀរគរជំនួយជួយ «នាងតាវត្តីសែនមានជ័យ»
21, Nov 2023 , 11:39 am        
រូបភាព
ជាអ្នកស្រលាញ់ខ្លាំងលើវិស័យការប្រណាំងទូក និងចង់ថែរក្សាវប្បធម៌ប្រពៃណីកេរ្តិ៍ដូនតា លោក រ៉េន រតនៈ បានឆ្លៀតពីបំពេញការងារជាអ្នកសារព័ត៌មាន ដើម្បីប្រឹងប្រែងកៀរគរជំនួយជួយដល់ទូក ង ឈ្មោះ នាងតាវត្តីសែនមានជ័យ ស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។


អ្នកសារព័ត៌មានដែលមានស្រុកកំណើត ឃុំថ្មគរ ស្រុកល្វាឯម រូបនេះ តែងតែជួយជ្រោមជ្រែង ដល់ការសម្របសម្រួលស្មារតីសាមគ្គីភាពរវាងក្រុមកីឡាករចំណុះទូក ទាំងចាស់ទាំងក្មេង ។

ក្រៅពីការកៀរគរជំនួយនេះ លោក រ៉េន រតនៈ តែងតែចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីប្រកួតទូកក្នុងភូមិស្រុក និងការឧបត្ថម្ភទូក  សម្រាប់យកទៅប្រណាំង។ ថវិកា ឬជំនួយផ្សេងៗនេះ គឺ រតនៈ ទទួលបានពីសម្បុរសជន ដែលជាមិត្តភក្តិ មិត្តរួមការងារ និងថ្នាក់ដឹកនាំស្ថាប័ននានា។ ពិតហើយការកៀរគររកជំនួយនេះ វាមិនមែនជារឿងងាយស្រួលឡើយ។ ប៉ុន្តែដោយសារតែចិត្តស្រលាញ់វិស័យទូកនេះ ទើបជំរុញចិត្តឱ្យលោក រ៉េន រតនៈ សុខចិត្តចំណាយពេលផ្ទាល់ខ្លួន និងកិត្តិយសខ្លួន ដើម្បីស្វែងរកការឧបត្ថម្ភ ដល់ «នាងតាវត្តីសែនមានជ័យ»។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ រវាង លោក ជា យូគៀង នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក រ៉េន រតនៈ ដូចតទៅ៖


លោក រតនៈ បាននិយាយដូច្នេះ ៖​ «មនុស្សឥឡូវគេចាំតែចូលរួមជួយយើងទេ ថាតើយើងគណៈកម្មាធិការនិងចំណុះទូកនឹងយើងរួមគ្នាបានឬអត់ យើងមិនឈ្លោះគ្នា យើងលើកតម្កើងកិត្តិយសភូមិស្រុកយើង ដូនតាយើង អ្វីមិនអាចធ្វើបានក៏ត្រូវធ្វើបានដែរ។ ចំណុះទូកទាមទារមានការគ្រប់គ្រងចិត្តសាស្ត្រឱ្យបានល្អ ទូក ង និងមនុស្ស ង គឺខុសគ្នា បើយើងបង្រួបបង្រួមពួកគាត់បាន ចាញ់ក៏អស់ចិត្ត ឈ្នះក៏អស់ចិត្ត។»។
 
បច្ចុប្បន្នលោក រ៉េន រតនៈ ក៏ជាគណៈកម្មាធិការគ្រប់គ្រងទូកមួយរូបដែរ។ លោក រតនៈ ក៏ធ្លាប់ជាកីឡាករអុំទូក ង ឈ្មោះនាងតាវត្តីសែនមានជ័យ មួយរូប ចាប់តាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៩។ តែឥឡូវលោក មិនមែនជាកីឡាករអុំទូក ដូចកាលពីមុនឡើយ ប៉ុន្តែលោក រតនៈ នៅតែជាអ្នកសម្របសម្រួលយ៉ាងសំខានដល់ក្រុមចំណុះទូក ឱ្យស្រុះស្រួលចិត្ត អំឡុងពេលប្រណាំង។ 
  


ទៅលើបច្ចេកទេសក្នុងការគ្រប់គ្រងផ្នែកស្មារតី លោក រតនៈ បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា ក្រុមកីឡាករចំណុះទូក ទាមទារឱ្យមានការគ្រប់គ្រងចិត្តសាស្ត្រឱ្យបានល្អ ដើម្បីសម្រេចបានគោលដៅរួមមួយ។​ 
 
យុវជនខ្មែរជំនាន់ក្រោយរូបនេះ​ ក៏បានបង្ហាញអំពីស្មារតីក្នុងការថែរក្សាវប្បធម៌ប្រពៃណីទូក ង ឱ្យបានយូអង្វែង ព្រមទាំងការដាស់តឿនដល់យុវជនដទៃផ្សេងៗទៀត ឱ្យចូលរួមថែរក្សាទំនៀមទំលាប់តាមភូមិស្រុកពីរឿងរ៉ាវតូចៗជាមុន ដើម្បីអាចបង្កើតឱកាសចូលរួមថែរក្សាប្រពៃណី ។
 
ខណៈដែលកំពុងខិតជិតដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ទី ២៨ខែ វិច្ឆិកា ទូក ង ជាច្រើននៅទូទាំងប្រទេសកម្ពុជា កំពុងតែរៀបចំលក្ខណៈ និងការតុបតែងលម្អរ ព្រមតាំងការហ្វឹកហាត់ ដើម្បីចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍កីឡាប្រពៃណីដ៏ធំប្រចាំឆ្នាំ។ ​តួយ៉ាង ទូក ង ដែលមានឈ្មោះ នាងតាវត្តីសែនមានជ័យ ក៏កំពុងតែត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រលងប្រជែងនៅកម្រិតថ្នាក់ស្រុកល្វាឯម និងថ្នាក់ជាតិផងដែរ៕

Tag:
 បុណ្យអុំទូក
  រ៉េន រតនៈ
© រក្សាសិទ្ធិដោយ thmeythmey.com