កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ សិង្ហបុរី-ថៃ, ហ្វីលីពីន-ឥណ្ឌូណេស៊ី សុទ្ធតែត្រូវការពិន្ទុដំបូងរៀងខ្លួន
21, Nov 2023 , 3:50 pm        
រូបភាព
ការប្រកួតវគ្គជម្រុះជុំទីពីរពានរង្វាន់ World Cup 2026 តំបន់អាស៊ី បានវិលត្រឡប់មកការប្រកួតនារាត្រីថ្ងៃទី២១ ខែវិច្ឆិកា ដោយក្នុងនោះក្រុមស្ថិតក្នុងតំបន់អាស៊ានចំនួន ៧ ក៏នឹងត្រូវឆ្លងកាត់ការប្រកួតប្រជែងរៀងៗខ្លួន ដើម្បីឱកាសកៅអីទៅកាន់វគ្គជម្រុះជុំទី៣ បន្តទៀត។ សិង្ហបុរី ទទួល ថៃ ខណៈដែលក្រុមហ្វីលីពីន ស្វាគមន៍ក្រុមឥណ្ឌូណេស៊ី ដើម្បីប្រជែងស្វែងរកពិន្ទុលើកដំបូងរៀងៗខ្លួន ស្របពេលវៀតណាម ត្រូវជួបក្រុមខ្លាំងអ៊ីរ៉ាក់ មីយ៉ាន់ម៉ា ទទួលកូរ៉េខាងជើង និងម៉ាឡេស៊ី ប៉ះឆាយន្នីសតាយប៉ិ។

កាលពីការប្រកួតជើងទីមួយ ថ្ងៃបើកឆាកជម្រុះ World Cup 2026 តំបន់អាស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ ក្រុមតំបន់អាស៊ីចំនួន ៧ មានតែវៀតណាម និងម៉ាឡេស៊ី ដែលឈ្នះការប្រកួត។ ថៃ, សិង្ហបុរី, ហ្វីលីពីន, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, សុទ្ធសឹងតែចាញ់ការប្រកួតដូចៗគ្នា។
 
ជំនួបពូល C ក្រុមម្ចាស់ផ្ទះសិង្ហបុរី ត្រូវស្វាគមន៍ក្រុមខ្លាំងក្នុងតំបន់អាស៊ានថៃ នៅក្នុងកីឡដ្ឋាន Singapore វេលាម៉ោង ៧យប់ ដើម្បីប្រជែងស្វែងរកពិន្ទុលើកដំបូង ដែលក្រុមទាំងពីរ សុទ្ធសឹងតែត្រូវការជាចាំបាច់ដូចគ្នា។ មុនប៉ះគ្នា សិង្ហបុរីចាញ់ក្រុមកូរ៉េខាងត្បូងលទ្ធផល ៥-០ ចំណែកថៃចាញ់ក្រុមចិនដល់ក្នុងផ្ទះលទ្ធផល ២-១ កាលពីសប្តាហ៍មុន។ ថៃ ជាក្រុមដែលមានការប្រកាសលើកទឹកចិត្តពីសំណាក់អ្នកចាត់ការក្រុមលោកស្រី Nualphan Lamsam ឬ Madam Pang ​សន្យាផ្តល់ប្រាក់លើកទឹកចិត្តកីឡាករម្នាក់ ៣លានបាត (៨៤,៤៥៩ដុល្លារ) ប្រសិនបើអាចប្រជែងឡើងទៅកាន់ជុំទី៣។ 
  


ខណៈដែលសិង្ហបុរី និងថៃ ត្រូវប្រជែងគ្នាដើម្បីស្វែងរកពិន្ទុលើកដំបូងរៀងៗខ្លួន ស្ថិតក្នុងពូល C ដូចគ្នានេះ ក្រុមចិន ក៏នឹងត្រូវស្វាគមន៍ក្រុមជើងខ្លាំងប្រចាំទ្វីបកូរ៉េខាងត្បូង ក្នុងកីឡដ្ឋាន Shenzhen នាវេលាម៉ោង ៧យប់ (ម៉ោងនៅកម្ពុជា)។ 
 
ដោយឡែកពូល F ហ្វីលីពីន ត្រូវបើកទ្វាកីឡដ្ឋាន Philippine Arena ស្វាគមន៍ក្រុមឥណ្ឌូណេស៊ី ដែលជាការប្រកួតប្រជែងដ៏ខ្លាំង ខណៈដែលក្រុមទាំងពីរកំពុងស្រែកឃ្លានពិន្ទុដូចៗគ្នា ក្រោយរងបរាជ័យពីការប្រកួតលើកទីមួយដូចគ្នា វេលាម៉ោង ៦ល្ងាច។ ការប្រកួតថ្ងៃទី១៦ ហ្វីលីពីនចាញ់ក្រុមវៀតណាម ២-០ ស្របពេលដែលក្រុមឥណ្ឌូណេស៊ី ត្រូវបានក្រុមអ៊ីរ៉ាក់លុត ៥-១។
ការប្រកួតក្នុងពូល F ដូចគ្នា​ វៀតណាម ក៏នឹងត្រូវប្រជែងជាមួយអ៊ីរ៉ាក់ ជាក្រុមខ្លាំងមួយស្ថិតក្នុងតំបន់អាស៊ី ដើម្បីបន្តប្រជែងតំណែងកំពូលតារាង។ 
 
ចំណែកមីយ៉ាន់ម៉ា នឹងត្រូវស្វាគមន៍ក្រុមកូរ៉េខាងជើង សម្រាប់ការប្រកួតលើកទីពីរនៃជើងទីមួយ នៅក្នុងការប្រកួតរបស់ពូល B វេលាម៉ោង ៤:៣០រសៀល។ ពូល B ដូចគ្នាជំនួបក្រុមខ្លាំង ស៊ីរី ត្រូវទទួលក្រុមជប៉ុន ដែលធ្លាប់បង្ហាញខ្លួននៅ World Cup 2022។
 
ម៉ាឡេស៊ីស្ថិតក្នុងពូល D ដែលឈ្នះការប្រកួតលើកទីមួយ ជើងទីមួយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ពួកគេនឹងត្រូវបន្តស្វែងរកពិន្ទុបន្ថែមទៀត ដោយត្រូវធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះឆាយនីតាយប៉ិ វេលាម៉ោង ៦ល្ងាច។ ចំណែកក្រុមកៀហ្ស៊ីស៊ីស្ថាន ក៏នឹងត្រូវស្វាគមន៍ក្រុមអូម៉ង់។
 
ខាងក្រោមនេះជារកប្រកួតរបស់ក្រុមដទៃផ្សេងទៀត វគ្គជម្រុះជុំទីពីរ World Cup 2026 តំបន់អាស៊ី ៖
 
ពូល A 
ឥណ្ឌា ទទួល កាតា ម៉ោង ៨:៣០យប់​ 
 
ពូល E 
ហុងកុង ទទួល តួកម៉េនីស្ថាន ម៉ោង ៧យប់
អ៊ូសបេគីស្ថាន ទទួល អ៊ីរ៉ង់ ម៉ោង ៨យប់
 
ពូល G 
ប៉ាគីស្ថាន ទទួល តាជីគីស្ថាន ម៉ោង ៤រសៀល
ហ្ស៊កដានី ទទួល អារ៉ាប៊ីសាអូឌីត ម៉ោង ១១យប់
 
ពូល H
ណេប៉ាល់ ទទួល យេម៉ែន ម៉ោង ៨:១៥យប់
បារែន ទទួល អេម៊ីរ៉ាត់អារ៉ាប់រួម ម៉ោង ៨:៤៥យប់
 
ពូល I 
បង់ក្លាដែស ទទួល លីបង់ ម៉ោង ៦:៤៥យប់
ប៉ាឡេស្ទីន ទទួល អូស្ត្រាលី ម៉ោង ៩យប់៕
 

Tag:
 World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com