កីឡាអន្តរជាតិ
អន្តរជាតិ
អាវ Messi ទាំង៦ នៅ World Cup 2022 នឹងដាក់ដេញថ្លៃ ក្នុងតម្លៃអាចលើស ១០លានដុល្លារ​
21, Nov 2023 , 5:03 pm        
រូបភាព
អាវក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន ៦​ ដែលប្រធានក្រុម Lionel Messi បានពាក់អំឡុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា នឹងត្រូវដាក់ឱ្យដេញថ្លៃនៅក្នុងខែធ្នូ​ ដោយក្រុមហ៊ុនដេញថ្លៃដ៏ធំ Sotheby។ តម្លៃអាវទាំង៦របស់ ​Messi ត្រូវបានគេប៉ាន់ស្មានថាច្រើនជាង ១០លានដុល្លារ។


អាវទាំង​ ៦ ជាអាវសរុបពេញមួយព្រឹត្តិការណ៍ដែល Messi បានពាក់លេងការប្រកួតតាំងពីប្រកួតទល់នឹងក្រុមអារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក, ប៉ូឡូញ, អូស្ត្រាលី, ហូឡង់, ក្រូអាស៊ី និងបារាំង។ ក្រុមអាហ្សង់ទីនគ្រង់ជើងឯកពានរង្វាន់ World Cup 2022 ដោយយកឈ្នះលើបារាំងលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយការប្រកួតស្មើលទ្ធផល ៣-៣ ក្នុងកីឡដ្ឋាន Lusail ទីក្រុងដូហារ ប្រទេសកាតា។
 
បើតាមការអះអាងរបស់ក្រុមហ៊ុន Sotheby’s ប្រសិនបើអាវដាក់ដេញថ្លៃបានតម្លៃលើស ១០លានដុល្លារ នោះអាវរបស់ Messi នឹងក្លាយជាវត្ថុអនុស្សាវរីយ៍កីឡាដែលមានតម្លៃថ្លៃបំផុត មិនធ្លាប់មានការដាក់លក់ដេញថ្លៃពីមុនមក។
 
អាវរបស់កីឡាករ ដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មានលក់ដាច់ដោយឡែកនៅការដេញថ្លៃ គឺជាអាវរបស់របស់វិរៈបុរសកីឡាបាល់បោះលោក Michael Jordan ពាក់អំឡុងការប្រកួតវគ្គផ្តាច់ប្រ័ត្រពានរង្វាន់ NBA ជាមួយនឹងក្រុម Chicago Bulls ដែលលោកបានពាក់ក្នុងឆ្នាំ ១៩៩៨ ដែលដាក់ដេញថ្លៃលក់បានតម្លៃ ១០,១លានដុល្លារ កាលឆ្នាំ ២០២២។
 
​នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រុមហ៊ុន Sotheby បានដាក់ដេញថ្លៃលក់សម្ភារៈអនុស្សាវរីយ៍កីឡា បានយ៉ាងច្រើន ហើយដែលត្រូវបានគេចាត់ទុកថាការដេញថ្លៃវត្ថុដែលកីឡាករល្បីៗបានប្រើប្រាស់កំពុងមានភាពរីកចម្រើន។
 
ប្រាក់ដែលបានមកពីការដេញថ្លៃរបស់អាវ Messi នឹងត្រូវបែងចែកមួយផ្នែកបិរច្ចាគទៅគម្រោង UNICAS ដែលជាគំនិតផ្តួចផ្តើមជាមួយមន្ទីពេទ្យកុមារ Barcelona ដែលនឹងជួយដល់កុមារដែលមានជំងឺកម្រៗ។ 
 
អាវដែលនឹងត្រូវដាក់ដេញថ្លៃ នឹងបង្ហាញជាសាធារណៈ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ដើម្បីឱ្យមនុស្សចូលទស្សនា ក្នុងពេលដាក់ដេញថ្លៃជាផ្លូវការ៕

Tag:
 Lionel Messi
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com