កីឡាអន្តរជាតិ
អន្តរជាតិ
ថៃឈ្នះលើកដំបូង, ម៉ាឡេស៊ី ឈរកំពូលតារាង, ចំណែកក្រុមអាស៊ាន ៥ផ្សេងទៀតស្មើនិងចាញ់​
22, Nov 2023 , 10:29 am        
រូបភាព
ដូចទៅនឹងការប្រកួតលើកទីមួយ នៃជើងទីមួយវគ្គជម្រុះ​ជុំទីពីរ World Cup 2026 តំបន់អាស៊ី ក្រុមអាស៊ានចំនួន ៧ មានតែ ២ក្រុមប៉ុណ្ណោះដែលយកឈ្នះការប្រកួត ។ ចំណែកក្រុមចំនួន ៥ ផ្សេងទៀតត្រដាបត្រដួសពីការប្រកួតប្រជែង។


ក្រុមបាល់ទាត់ជម្រើសជាតិថៃរកបាន ៣ពិន្ទុលើកដំបូងរបស់ខ្លួនក្នុងពូល C ក្រោយយកឈ្នះលើក្រុមសិង្ហបុរីលទ្ធផល ៣-១ ក្នុងជំនួបវគ្គជម្រុះជុំទីពីរពានរង្វាន់ World Cup 2026 តំបន់អាស៊ី (AFC) នារាត្រីថ្ងៃទី២១ ខែវិច្ឆិកា។ ម៉ាឡេស៊ី ​បន្តឈ្នះការប្រកួតលើកទីពីរលើឆាយនីតាយប៉ិ ឡើងឈរកំពូលតារាងស្ថិតក្នុងពូល​ D ។ ចំណែកជំនួបរវាងហ្វីលីពីន និងឥណ្ឌូណេស៊ីស្មើគ្នា ហើយវៀតណាម និងមីយ៉ាន់ម៉ា ចាញ់ការប្រកួតដូចគ្នា។
 
ថៃ ក្នុងពូល C ដែលចាញ់ការប្រកួតលើកទីមួយ បានវិលត្រឡប់រកបាន ៣ពិន្ទុ របស់ខ្លួនលើកដំបូងនៅក្នុងវគ្គជម្រុះជុំទីពីរ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះសិង្ហបុរី ដែលស្ថិតក្នុងតំបន់អាស៊ានតែមួយលទ្ធផល ៣-១។ រកបាន ៣ពិន្ទុ ថៃឡើងឈរចំណាត់ថ្នាក់លេខ ២ ពីលើក្រុមចិន ដែលចាញ់ការប្រកួតក្រោមថ្វីជើងកូរ៉េខាងត្បូងលទ្ធផល ៣-០ នៅការប្រកួតទីពីរ។ 
  


ម៉ាឡេស៊ី រកបាន ៦ពិន្ទុ ពីការប្រកួត ២លើកដើម្បីឡើងឈរនៅកំពូលតារាងក្នុងពូល D ដោយបានយកឈ្នះការប្រកួតលើក្រុមឆាយនីតាយប៉ិលទ្ធផល ១-០ ក្រោយពេលប្រកួតយកឈ្នះលើក្រុមកៀហ្ស៊ីស៊ីស្ថាន កាលពីប្រកួតទីមួយ លទ្ធផល ៤-៣។ អូម៉ង់ដែលចាញ់កៀហ្ស៊ីស៊ីស្ថាន ១-០ ដូចគ្នាក្នុងពូល ​បន្តឈរនៅចំណាត់ថ្នាក់លេខ ២។
 
ក្រុមហ្វីលីពីន ដែលប្រជែងជាមួយនឹងឥណ្ឌូណេស៊ី បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយការប្រកួតលទ្ធផលស្មើ ១-១ ខណៈពេលដែលក្រុមវៀតណាមចាញ់ការប្រកួតក្រោមថ្វីជើងអ៊ីរ៉ាក់លទ្ធផល ១-០។ ហ្វីលីពីន បន្តនៅលេខ ៣ ឥណ្ឌូណេស៊ី បន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ខណៈដែលវៀតណាមនៅឈរលេខ ២ដដែល ដោយអ៊ីរ៉ាក់ជាក្រុមស្ថិតក្នុងកំពូលតារាង។
 
ដោយឡែកមីយ៉ាន់ម៉ា បន្តរងបរាជ័យក្រោមថ្វីជើងក្រុមកូរ៉េខាងជើងលទ្ធផល ៦-១។ ពួកគេធ្លាប់ចាញ់ការប្រកួតលើកទីមួយលទ្ធផល ៥-០ ក្រោមថ្វីជើងជប៉ុន ។ មីយ៉ាន់ម៉ា មកដល់ពេលនេះជាក្រុមអាស៊ានមួយ ត្រូវបានគូប្រកួតស៊ុតគ្រាប់បាល់បញ្ចូលទីលើស ១០គ្រាប់ហើយ។
 
ខាងក្រោមនេះជាការប្រកួតរបស់ក្រុមដទៃផ្សេងទៀតនៅវគ្គជម្រុះជុំទីពីរ World Cup 2026 តំបន់អាស៊ី៖
 
ពូល ​A 
ឥណ្ឌា ចាញ់ កាតា លទ្ធផល ៣-០។
ពូល B
ស៊ីរី ចាញ់ ជប៉ុន លទ្ធផល ៥-០។
ពូល E
ហុងកុង ស្មើ ២-២ តួកម៉េនីស្ថាន។
អ៊ូសបេគីស្ថាន ស្មើ ២-២ អ៊ីរ៉ង់។
 
ពូល G 
ប៉ាគីស្ថាន ចាញ់ តាជីគីស្ថាន លទ្ធផល ៦-១។
ហ្សក់ដានី ចាញ់ អារ៉ាប៊ីសាអូឌីត លទ្ធផល ២-០។
ពូល H
ណេប៉ាល់ ចាញ់ យេម៉ែន លទ្ធផល ២-០។
បារែន ចាញ់ អេម៊ីរ៉ាត់អារ៉ាប់រួម លទ្ធផល ២-០។
ពូល I
បង់ក្លាដែល ស្មើ ១-១ លីបង់។
ប៉ាឡេស្ទីន ចាញ់ អូស្ត្រាលី លទ្ធផល ១-០។
 

Tag:
 World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com