កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ប្រេស៊ីល បន្តចាញ់អាហ្សង់ទីន និងជាបរាជ័យ៣លើកជាប់គ្នា
22, Nov 2023 , 11:09 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល បន្តចាញ់អាហ្សង់ទីន ១-០ ក្នុងការប្រកួតជម្រុះ FIFA World Cup តំបន់អាម៉េរិកឡាទីន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ។ នេះជបរាជ័យ៣លើកចុងក្រោយជាប់គ្នា ក្នុងចំណោម៦ប្រកួតរបស់ក្រុមសាំបា។


ក្នុងជំនួបវគ្គសន្សំពិន្ទុនៅកីឡដ្ឋាន Maracana ក្នុងក្រុងរីយ៉ូ រវាងម្ចាស់ផ្ទះប្រេស៊ីល ទល់អាហ្សង់ទីនត្រូវបានពន្យាពេលក្រោយមានអំពើហិង្សាកើតឡើងរវាងអ្នកគាំទ្រក្រុមទាំងពីរ។ ២៧នាទីក្រោយអន្តរាគមន៍ ទើបការប្រកូតចាប់ផ្តើមដំណើរការ។
 
ខ្សែការពារ Nicolas Otamendi បានតែតបាល់បញ្ចូលទីនៅនាទី៦៣ ដើម្បីជួយម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន រកបាន៣ពិន្ទុបន្ថែមពីក្រុមម្ចាស់ផ្ទះប្រេស៊ីល។ ជំនួបដ៏ក្តៅគគុកនេះ មានការប៉ះទង្គិចគ្នាលើទីលានរវាងកីឡាករដល់ទៅ៣៩លើកឯណោះ ស្របពេលកីឡាករប្រេស៊ីល Joelinton ដែលទើបប្តូរចូលបាន១០នាទី ទទួលបានកាតក្រហមនៅនាទី៨២។
  


តាមរយៈលទ្ធផលនេះ បានជួយអាហ្សង់ទីនរក្សាកំពូលតារាងនៃវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកតំបន់អាម៉េរិកឡាទីន ដោយរកបាន១៥ពិន្ទុ ពីការប្រកួត៦លើក។ ប្រេស៊ីល ដែលបរាជ័យ៣លើកជាប់គ្នាធ្លាក់ទៅលេខ៦ ដោយរកបានតែ៧ពិន្ទុប៉ុណ្ណោះ ស្ថិតនៅលើក្រុមត្រូវប្រកួត play-off ប៉ារ៉ាហ្គាយដែលនៅលេខ៧ តែ២ពិន្ទុ។
 
អ៊ុយរូហ្គាយ ឈរលេខ២ដដែល មាន១៣ពិន្ទុ ក្រោយបន្តឈ្នះ បូលីវី ៣-០។ អាក្វាទ័រ ឈ្នះស៊ីលី ១-០ ឡើងទៅលេខ៥ មាន៨ពិន្ទុ ស្របពេល កូឡុំប៊ីឈរលេខ៣ មាន១២ពិន្ទុ ក្រោយឈ្នះប៉ារ៉ាហ្គាយ ១-០។ ស៊ីលី បូលីវី និង ប៉េរូ ស្ថិតនៅតំបន់ត្រូវកាត់ចេញ៕



Tag:
 World Cup
  CONMEBOL
© រក្សាសិទ្ធិដោយ thmeythmey.com