កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូអាស៊ីជាក្រុមឈ្នះកៅអី Euro 2024 ចុងក្រោយ ចំណោម២០ក្រុម ពីវគ្គជម្រុះ
22, Nov 2023 , 3:09 pm        
រូបភាព
ក្រូអាស៊ី បានក្លាយជាក្រុមចុងក្រោយ បានកៅអីទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ ​Euro 2024  ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ក្រោយពួកគេឈ្នះអាមេនី​ ១​-០ ក្នុងការប្រកួតចុងក្រោយវគ្គជម្រុះ នាថ្ងៃទី២១ ខែវិច្ឆិកា។ ក្រោយបញ្ចប់វគ្គជម្រុះ គេរកឃើញក្រុម២១ រួមទាំងម្ចាស់ផ្ទះ ទៅកាន់ជុំចុងក្រោយឆ្នាំ២០២៤ ឯ១២ក្រុមទៀត ត្រូវប្រកួត play-off ដណ្តើមយក៣កៅអី ទៅបង្គ្រប់២៤ក្រុម។


លទ្ធផល ១-០ ដែលសម្រេចគ្រាប់បាល់ដោយ Ante Budimir  បានជួយឱ្យក្រូអាស៊ី រកបាន ៣ពិន្ទុបន្ថែម ដើម្បីរក្សាតំណែងលេខ ២ ពូល D ខណៈតួកគីឈរកំពូលតារាង។ វែលស៍ បញ្ចប់ចំណាត់ថ្នាក់លេខ៣ សល់កៅអី Play-offs។ អាមេនី​ និងលេតូនី ហាលអាវ។
 
ឈ្នះការប្រកួតធ្វើឱ្យក្រូអាស៊ី បន្តកំណត់ត្រាមិនធ្លាក់ត្រឹមជម្រុះរបស់ពួកគេសម្រាប់រាល់ការប្រកួតជើងឯកពានរង្វាន់អឺរ៉ុបចាប់តាំងពីឆ្នាំ ២០០៤ និងរាល់ការប្រកួតសំខាន់ៗចាប់តាំងពីឆ្នាំ ២០១០។
 
ក្រៅពីនេះ សម្រាប់ខ្សែបម្រើ Luka Modric ដែលមានវ័យ ៣៨ឆ្នាំ ក៏នឹងក្លាយជាកីឡាករវ័យចំណាស់មួយរូបលើពិភពលោក និងជាកីឡាករក្រុមក្រូអាស៊ី ដែលនឹងបង្ហាញខ្លួននៅក្នុងការប្រកួតធំៗលើកទី៩ លើពិភពលោក សម្រាប់អាជីពរបស់គេ។ ព្រឹត្តិការណ៍ ​Euro 2024 ក៏នឹងក្លាយជាព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុបលើកទី៥ សម្រាប់ខ្សែបម្រើវ័យ ៣៨ឆ្នាំ Luka Modric។
 
ការប្រកួតជម្រុះពានរង្វាន់ ​Euro 2024 វគ្គចែកពូលបានបញ្ចប់នៅត្រឹមរាត្រីឈានចូលដល់ថ្ងៃទី២២ ខែវិច្ឆិកា ដោយរកឃើញក្រុមសរុបចំនួន ២០ ចេញពី ១០ពូល ឈ្នះកៅអីការប្រកួតនៅប្រទេសអាល្លឺម៉ង់ ហើយក្រុមចំនួន១២ក្រុម ត្រូវប្រកួត play-off ដើម្បីដណ្តើម៣កៅអីដែលនៅសល់។ ចំណោម១២ក្រុមនេះ មាន៧ ជាក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ល្អ រួមមាន លុច​សំបួ អ៊ីស្រាអែល ហ្វាំងឡង់ ប៉ូឡូញ វែលស៍ អ៊ុយក្រែន និងក្រិក។ ដោយឡែក ៥ក្រុមទៀត ជាក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អកាលពីនៅ UEFA Nations League រួមមាន ហ្សកហ្ស៊ី អ៊ីស្តូនី កាហ្សាក់ស្ថាន អ៊ីស្លង់ និងប៊ូស្នី ។ 
 
ក្រុមទាំង ២០ ដែលបានជាប់ពីការប្រកួតជម្រុះវគ្គចែកពូល រួមមាន អង់គ្លេស, អាល់បានី, ហុងគ្រី, ស៊ែប៊ី, ដាណឺម៉ាក់,ស្លូវ៉េនី, រ៉ូម៉ានី, ស្វ៊ីស, ​ស្លូវ៉ាគី​, ​អាល្លឺម៉ង់ (ម្ចាស់ផ្ទះ), អូទ្រីស, បែលហ្ស៊ិក, បារាំង, ព័រទុយហ្កាល់, ស្កុតឡែន, អេស្ប៉ាញ, តួកគី, ហូឡង់, អ៊ីតាលី​, ក្រូអាស៊ី, សាធារណៈរដ្ឋឆែក៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com