អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ បង្ហាញគោលនយោបាយការទូតថ្មីដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍
22, Nov 2023 , 9:29 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ថ្លែងពីគោលនយោបាយការបរទេសសកម្ម នៅក្រសួងការបរទេស ក្នុងថ្ងៃទី២១ ខែវិច្ឆិកា។ រូបភាពវិមានរដ្ឋាភិបាលថៃ
លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ថ្លែងពីគោលនយោបាយការបរទេសសកម្ម នៅក្រសួងការបរទេស ក្នុងថ្ងៃទី២១ ខែវិច្ឆិកា។ រូបភាពវិមានរដ្ឋាភិបាលថៃ
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី២១ ខែវិច្ឆិកា បានបង្ហាញពី «គោលនយោបាយការបរទេសបុរេសកម្ម» ដែលតម្រូវឱ្យប្រេសិតថៃនៅបរទេសត្រូវដើរតួនាទីដ៏សំខាន់ និងប្តេជ្ញា ក្នុងការលើកតម្កើងពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍ និងអំណាចស្រទន់របស់ថៃ។
 
ក្នុងជំនួបជាមួយអគ្គរាជទូតថៃ, អគ្គកុងស៊ុល, និងមន្រ្តីលើកតម្កើងការវិនិយោគប្រចាំនៅស្ថានទូតថៃ នៅក្រសួងការបរទេស ក្នុងថ្ងៃទី២១ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តីសេដ្ឋា ថាវីស៊ីន បានថ្លែងពីគោលនយោបាយការបរទេសបែបបុរេសកម្ម។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានស្រង់សម្តីប្រមុខរដ្ឋាភិបាលថា ការទូតបែបនេះសំដៅលើការអនុវត្តការទូតបែបច្បាស់លាស់ ដើម្បីជួយជំរុញសេដ្ឋកិច្ច និងការពារផលប្រយោជន៍សាធារណៈប្រទេសខ្លួន។ 
 
ទន្ទឹមនេះ លោក Chai បានបន្តថា ក្រុមប្រទេសថៃ មានការទទួលខុសត្រូវដ៏សំខាន់ក្នុងការគាំទ្រកិច្ចខិតខំរដ្ឋាភិបាល ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ បើតាមលោក Chai ប្រមុខរដ្ឋាភិបាល បានស្នើឱ្យប្រេសិតថៃទាំងអស់ប្រកាន់យកវិធីសាស្រ្តអតិថិជនជាធំ (Customer-centric Approach)។
 
ក្នុងវិធីសាស្រ្តនេះ លោកសេដ្ឋា បានបែងចែកជាពីរចំណុច ដោយចំណុចទីមួយ ជំរុញឱ្យប្រេសិត និងមន្រ្តីថៃ ជួយគាំទ្រ និងអនុវត្តគោលនយោបាយឱ្យបានត្រឹមត្រូវ ដើម្បីកែលម្អសន្ទស្សន៍ការធ្វើធុរកិច្ចនៅថៃ និងពន្យឿនកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ 
 
កន្លងមក លោកសេដ្ឋា​ បានសរសើវៀតណាមពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយថែមទាំងប្តេជ្ញាតាមឱ្យទាន់ប្រទេសមួយនេះថែមទៀត។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលថៃ ក៏បានបញ្ជាក់ផងដែរថា ក្រុមប្រទេសថៃ នឹងត្រូវសហការធ្វើការរួមគ្នារវាងវិស័យសាធារណៈ និងឯកជន ដើម្បីសម្រេចបានកំណើរសេដ្ឋកិច្ច រួមទាំងទំនាក់ទំនងជាមួយអ្នកវិនិយោគបរទេស និងអ្នកវិនិយោគថៃនៅបរទេស។ 
 
ចំណែកចំណុចទីពីរ ជាការការពារកិតិ្តយស និងសេចក្តីថ្លៃថ្នូររបស់គ្រួសារ ប្រជាជន និងប្រទេសថៃនៅបរទេស។ 
 
កន្លងមក លោកសេដ្ឋា ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងនោះ បានដាក់ងារឱ្យខ្លួនឯងថា អ្នកលក់ផលិតផលលំដាប់ប្រទេស ហើយជួយលក់ផលិតផលថៃនៅទីផ្សារអន្តរជាតិ រួមទាំងទាក់ទាញអ្នកវិនិយោគមកក្នុងប្រទេសឱ្យបានកាន់តែច្រើន៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com