កីឡាអន្តរជាតិ
អន្តរជាតិ
World Cup U17៖ ក្រុមអាស៊ី អ៊ូសបេគីស្ថាន ទម្លាក់អង់គ្លេស នៅវគ្គ១៦ក្រុម
23, Nov 2023 , 10:19 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស អាយុក្រោម ១៧ឆ្នាំ (U17) ធ្លាក់ចេញពី FIFA World Cup ឆ្នាំ២០២៣ ក្រោមថ្វីជើងក្រុមអាស៊ី អ៊ូសបេគីស្ថាន នៅវគ្គ១៦ក្រុមចុងក្រោយ។ អ៊ូសបេគីស្ថាន ត្រូវបន្តឡើងទៅជួបបារាំងនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។

នាជំនួបវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់កីឡាបាល់ទាត់ពិភពលោក U17 ដែលរៀបចំនៅប្រទេសឥណ្ឌូណេស៊ី លើកទី១៩ ក្រុមអ៊ូសបេគីស្ថាន បានយកឈ្នះម្ចាស់ជើងឯកឆ្នាំ២០១៧ អង់គ្លេសក្នុងលទ្ធផល ២-១។

Amirbek Saidov ជាអ្នករគ្រាប់បាល់នាំមុខឱ្យអ៊ូសបេគីស្ថាននៅនាទីទី៤ មុនពេល Joel Ndala សមាជិកក្រុម Manchester City តាមស្មើឱ្យអង់គ្លេសវិញនៅនាទី៣៦។ គ្រាប់បាល់ free-kick ដ៏ល្អរបស់ Lazizbek Mirzaev នៅនាទី៦៧​ គ្រប់គ្រាន់ដើម្បីជួយក្រុមអាស៊ី ឈ្នះក្រុមពីអឺរ៉ុប បន្តទៅវគ្គ៨ក្រុមចុងក្រោយ។
 
មុនជួបគ្នានៅវគ្គ១៦ក្រុមនេះ អង់គ្លេស ក្រោមការដឹកនាំរបស់លោក Greg Lincoln បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល C ស្របពេល អ៊ូសបេគីស្ថាន ដែលមានលោក Jamoliddin Rahmatullayev ជាគ្រូបង្វឹក ជាក្រុមទទួលបានចំណាត់ថ្នាក់លេខ៣ល្អបំផុតក្នុងពូល B នៃការប្រកួតវគ្គសន្សំពិន្ទុ។
 
នេះជាលទ្ធផល​​ខកចិត្ត​សម្រាប់​ក្រុម​យុវជនតោកំណាច ដែល​បង្ហាញខ្លួននៅ World Cup ​ជា​លើក​ដំបូង​ចាប់​តាំង​ពីពួកគេឈ្នះជើងឯកក្នុង​ឆ្នាំ ២០១៧ ក្រោម​ការ​ដឹកនាំ​របស់​លោក Steve Cooper ដែល​បច្ចុប្បន្ន​ជា​អ្នក​ចាត់​ការ​ក្រុម Nottingham Forest។ កាលនោះ U17 អង់គ្លេស ឈ្នះអេស្ប៉ាញ ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ។
 
 អ៊ូសបេគីស្ថាន នឹងត្រូវជួបបារាំងនៅវគ្គ៨ក្រុមចុងក្រោយ។ បារាំងបានទម្លាក់សេណេហ្គាល់ដោយបាល់ប៉េណាល់ទី ៥-៣។ ៦ក្រុមផ្សេងទៀតដែលឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ រួមមានម៉ាលី ត្រូវជួប ម៉ារ៉ុក, ម្ចាស់ការពារតំណែងជើងឯកប្រេស៊ីល ប៉ះ អាហ្សង់ទីន និង អេស្ប៉ាញ តតាំងអាល្លឺម៉ង់។
 
លទ្ធផលការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃជំនួប៦គូ៖
 
-ម៉ាលី ៥-០ ម៉ិកស៊ិក
-ម៉ារ៉ុក ១ (៤)-១(១) អ៊ីរ៉ង់ (កាត់ក្តីដោយទាត់ប៉េណាល់ទី)
-អេក្វាទ័រ ១-៣ ប្រេស៊ីល 
-អាហ្សង់ទីន ៥-០ វេណេស៊ុយអេឡា
-អេស្ប៉ាញ ២-១ ជប៉ុន 
-អាល្លឺម៉ង់ ៣-២ អាម៉េរិក៕

Tag:
 World Cup U17
© រក្សាសិទ្ធិដោយ thmeythmey.com