កីឡាអន្តរជាតិ
អន្តរជាតិ
LeBron James ក្លាយជាកីឡាករបាល់បោះដំបូងនៅ NBA រកបាន៣៩០០០ពិន្ទុ
23, Nov 2023 , 11:59 am        
រូបភាព
LeBron James បានក្លាយជាកីឡាករបាល់បោះដំបូងគេដែលរកបាន ៣៩,០០០ ពិន្ទុនៅក្នុងការប្រកួតក្របខណ្ឌ NBA។ ពិន្ទុទី ៣៩,០០០ របស់កីឡាករអាម៉េរិក កើតឡើងក្នុងការប្រកួតដែល LA Lakers ឈ្នះ Utah Jazz ក្នុងជំនួបលីគរដូវកាលនេះ។


James រកបាន ១៧ពិន្ទុ ក្នុងជ័យជម្នះរបស់ LA Lakers លើគូប្រជែង Utah Jazz ក្នុងលទ្ធផលពិន្ទុ ១៣១-៩៩ ដើម្បីទទួលបានកៅអីវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
 
កីឡាករអន្តរជាតិអាម៉េរិក វ័យ ៣៨ឆ្នាំ បានវ៉ាដាច់អតីតជើងខ្លាំង Kareem Abdul-Jabbar វីរបុរស Lakers ដែលរកបាន ៣៨,៣៨៧ពិន្ទុ កាលពីខែកុម្ភៈ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីដាច់គេនៅ NBA។
 
«ខ្ញុំពិតជារីករាយ ដែលមានឱកាសដើម្បីបង្កើតកំណត់ត្រានេះ។ ពិតណាស់ មានកីឡាករល្អៗជាច្រើននៅក្នុងលីគនេះ ហើយពួកគេសុទ្ធតែជាអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យ ប៉ុន្តែខ្ញុំនៅតែអាចធ្វើវាបាន»។ នេះជាការលើកឡើងរបស់ James។
 
អ្នកលេងដែលមានតម្លៃបំផុតរបស់ NBA បួនសម័យបានស្វាគមន៍ហ្វូងមនុស្សនៅឯ Crypto.com Arena នៅពេលដែលសមិទ្ធផលរបស់គាត់ត្រូវបានប្រកាស។
 
ក្រៅពីជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ កីឡាករបាល់បោះដែលជាប់ជាកីឡាករមានតម្លៃបំផុតនៅ NBA ៤សម័យ ក៏ជាអ្នកបញ្ជូនបាល់​ ( Assists) ៩លើកជាកំណត់ត្រា ​ជាមួយការ​វាយបក៧លើក ស្របពេលមិត្តរួមក្រុមរបស់គេ កីឡាករ Anthony Davis សម្រេច​បាន២៦ពិន្ទុ ពីការវាយបកនោះ។
 
វគ្គ៨ក្រុមចុងក្រោយ ក្របខណ្ឌលីគបាល់បោះអាម៉េរិក NBA និងត្រូវធ្វើនៅថ្ងៃទី៤ និងទី ៥ ខែធ្នូ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ខែធ្នូ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៩ ខែធ្នូ ដែលធ្វើនៅទីលាននៅ Las Vegas​ សហរដ្ឋអាម៉េរិក។ ក្រុម Denver Nuggets អស់ឱកាសការពារតំណែងជើងឯករបស់ខ្លួនទៅហើយ៕

Tag:
 NBA
  LeBron James
© រក្សាសិទ្ធិដោយ thmeythmey.com