កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វាំងឡង់នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ីទាំងអស់​ ដោយទុកតែមួយប៉ុណ្ណោះ ដើម្បីទប់ស្កាត់ជនភៀសខ្លួន
23, Nov 2023 , 4:28 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ហ្វាំងឡង់ នឹងបិទច្រកព្រំដែនទាំងអស់លើកលែងតែចំណុចឆ្លងកាត់ភាគខាងជើងបំផុតនៅតាមព្រំដែនរបស់ខ្លួន ជាមួយរុស្ស៊ី ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៤ ខែវិច្ឆិកា ក្នុងគោលបំណងបញ្ឈប់លំហូរ អ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសអឺរ៉ុប និងអាត្លង់ទិកខាងជើង (Nordic)។ នេះបើ តាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo នៅថ្ងៃទី២២ ខែវិច្ឆិកា។
 
ចាប់តាំងពីដើមខែវិច្ឆិកា មនុស្សជាង ៦០០នាក់ បានចូលទៅហ្វាំងឡង់ ដើម្បីទៅបណ្តាប្រទេសអឺរ៉ុប តាមរយៈរុស្ស៊ី ដោយគ្មានឯកសារធ្វើដំណើរត្រឹមត្រូវ។ ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួន ទីក្រុងហែលស៊ីនគី បានប្រកាសបិទច្រកព្រំដែនជាច្រើន ហើយបានចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្កូពីការបង្កឱ្យមានការធ្វើចំណាកស្រុក។ យ៉ាងណាមិញ វិមានក្រេមឡាំង បានបដិសេធការចោទប្រកាន់នេះ។
 
ហ្វាំងឡង់នឹងបិទច្រកព្រំដែនចំនួន៣ ក្នុងចំណោម ៤ ដែលនៅសេសសល់ ចាប់ពីពាក់កណ្តាល អធ្រាត្រនៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយបន្សល់ទុកតែច្រកឆ្លងកាត់ Raja-Jooseppi នៅតំបន់អាក់ទិកបើកឱ្ច្យបើក។ 
 
«​រដ្ឋាភិបាល​ថ្ងៃនេះ​ បាន​សម្រេច​បិទ​ស្ថានីយ​ព្រំដែន​បន្ថែម​ទៀត»។ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មួយបែបនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា ដោយបន្តថា Raja-Jooseppi គឺជាភាគខាងជើងបំផុត (ឆ្លងកាត់ព្រំដែន) ហើយវាទាមទារការខិតខំពិតប្រាកដដើម្បីទៅដល់ទីនោះ។ ទន្ទឹមនេះ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងព្យាយាមធ្វើវិសោធនកម្មច្បាប់ដែលរារាំងមិនឱ្យបិទព្រំដែនទាំងមូល។
 
យោងតាមអាជ្ញាធរអន្តោប្រវេសន៍ អ្នកស្វែងរកសិទ្ធិជ្រកកោនមកពីប្រទេសជាច្រើនរួមមាន យេម៉ែន អាហ្វហ្កានីស្ថាន កេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី និងស៊ីរី។
 
អ្នកនាំពាក្យម្នាក់បានថ្លែងថា ទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex គ្រោងនឹងដាក់ពង្រាយមន្ត្រី និងឧបករណ៍ទៅកាន់ហ្វាំងឡង់ឱ្យបានឆាប់នៅសប្តាហ៍ក្រោយ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ ទីក្រុងហែលស៊ីនគី។
 
ស្នងការអន្តោប្រវេសន៍សហភាពអឺរ៉ុបលោកស្រី Ylva Johansson នៅថ្ងៃទី២១ ខែវិច្ឆិកា បានបញ្ជាក់ថា ហ្វាំងឡង់បានស្នើសុំមន្ត្រី Frontex ចំនួន ៦០ នាក់បន្ថែមពីលើ មន្ត្រី ១០ នាក់ ដែលឈរជើងរួចហើយនៅតាមបណ្តោយព្រំដែន ១,៣៤០ គីឡូម៉ែត្រជាមួយរុស្ស៊ី។
 
នៅថ្ងៃដដែល អេស្តូនីបានចោទប្រកាន់រុស្ស៊ីថា បានជាប់ពាក់ព័ន្ធក្នុង «ប្រតិបត្តិការវាយប្រហារកូនកាត់» ដើម្បីនាំជនចំណាកស្រុកទៅកាន់ព្រំដែនរបស់ខ្លួន បន្ទាប់ពីជនចំណាកស្រុក ៧៥ នាក់ ដែលភាគច្រើន មកពីសូម៉ាលី និងស៊ីរី បានព្យាយាមចូលពីរុស្ស៊ីតាំងពីសប្តាហ៍មុន។ ប្រទេសនៅតំបន់បាល់ទិកមួយនេះបានបញ្ជាក់ថា ខ្លួនបានរៀបចំបិទច្រកព្រំដែន ប្រសិនបើសម្ពាធចំណាកស្រុកពីរុស្ស៊ីកើនឡើង ដើម្បីដោះស្រាយជាមួយជនចំណាកស្រុក ប្រសិនបើពួកគេព្យាយាមចូលក្រៅច្រកផ្លូវការ៕
 

Tag:
 ហ្វាំងឡង់
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com