កីឡាអន្តរជាតិ
អន្តរជាតិ
លក់សំបុត្រអស់ ៧,២លានសន្លឹក! អ្នករៀបអូឡាំពិក Paris នឹងលក់បន្ថែម ៤សែនសន្លឹកទៀត
23, Nov 2023 , 7:39 pm        
រូបភាព
អ្នករៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នាថ្ងៃទី២២ ខែវិច្ឆិកា បាននិយាយខ្លួននឹងដាក់លក់សំបុត្រសម្រាប់ចូលទស្សនាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក ៤សែនសន្លឹកបន្ថែមទៀតនៅនៅចុងខែវិច្ឆិកា។ សំបុត្រសម្រាប់ទស្សនាការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លក់បានប្រមាណជាង​ ៧,២លានសន្លឹក រួចមកហើយ គិតមកដល់ពេលនេះ។


តាមគោលដៅរបស់អ្នករៀបចំ Paris 2024 ពួកគេរំពឹងថានឹងលក់បាន ១០លានសន្លឹក សម្រាប់ការប្រកួតព្រឹត្តិការកីឡាអូឡាំពិកដែលនឹងធ្វើឡើងពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៤ ខែសីហា នៅក្នុងឆ្នាំ ២០២៤។
 
«ខ្ញុំមិនដឹងទេថាគណៈកម្មាធិការរៀបចំផ្សេងទៀតបានលក់សំបុត្របានច្រើនដូច្នេះនោះទេ។ ការលក់សំបុត្រមកដល់ពេលនេះមានចំនួន ៧,២លានសន្លឹកហើយ»។ នេះបើតាមសម្តីរបស់លោក Michael Aloisio នាយកប្រតិបត្តិ Paris 2024 បាននិយាយប្រាប់អ្នកកាសែត។
 
ការប្រកួតព្រឹត្តិការណ៍ Paris 2024 ក៏ធ្លាប់ទទួលរងការរិះគន់ផងដែរចំពោះតម្លៃសំបុត្រមួយចំនួន តែយ៉ាងណាកាលពីថ្ងៃទី២៣ វិច្ឆិកា សំបុត្រមួយភាគបីនៃសំបុត្រដែលទើបបានបោះពុម្ភថ្មី និងមានតម្លៃក្រោម ៥០អឺរ៉ូនៅគ្រប់វិញ្ញាសារទាំងអស់ ក្រៅពីសំបុត្រដែលបូករួមនឹងការជិះទូកកម្សាន្ត។
 
បើតាមការបញ្ជាក់របស់នាយកប្រតិបត្តិដដែល សំបុត្រ ៣០,០០០សន្លឹក នឹងត្រូវដាក់លក់នៅថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់តែវិញ្ញាសារអត្តពលកម្ម ហើយសំបុត្រ ២៤,០០០សំបុត្រសម្រាប់កីឡាវាយកូនបាល់តិន្នីស។
 
យ៉ាងណាតម្លៃសំបុត្រសម្រាប់ថ្ងៃកម្មវិធីបើកផ្លូវការ ដែលជាពិធីបើកដំបូងគេធ្វើឡើងនៅក្រៅកីឡដ្ឋាន និងនៅតាមដងទន្លេសែន ទីក្រុងប៉ារីស មានតម្លៃប្រមាណចាប់ពី ៩០ ដល់ ២,៧០០អឺរ៉ូ។
 
ក្រៅពីសំបុត្រសម្រាប់ព្រឹត្តិការណ៍អូឡាំពិក អ្នករៀបចំក៏រំពឹងថានឹងអាចលក់សំបុត្រសម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកបានប្រមាណ ២,៨លានសន្លឹក ផងដែរនៅចុងបញ្ចប់នៃឆ្នាំ ២០២៣៕
 

Tag:
 អូឡាំពិក
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com