FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA ថាបាល់ទាត់គ្មានកន្លែងសម្រាប់អំពើហិង្សាឡើយ​ ក្រោយជម្លោះរវាងប្រេស៊ីល-អាហ្សង់ទីន​
24, Nov 2023 , 11:43 am        
រូបភាព
លោក​ Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និយាយថានៅក្នុងពិភពបាល់ទាត់គឺគ្មានទីកន្លែងសម្រាប់អំពើហិង្សាឡើយ។ ការលើករបស់លោក Infantino  បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏អាក្រក់រវាងអ្នកគាំទ្រអាហ្សង់ទីន និងមន្ត្រីប៉ូលិសប្រេស៊ីល អំឡុងការប្រកួតអាហ្សង់ទីនឈ្នះលើប្រេស៊ីល ១-០ នៅវគ្គជម្រុះ FIFA World Cup។​


អំពើហិង្សាកើតឡើងរវាងអ្នកគាំទ្រក្រុមទាំងសងខាង អំឡុងពេលដែលកីឡាករក្រុមទាំងសងខាងកំពុងគោរពទង់ជាតិមុនការប្រកួត។ បន្ទាប់ពីជម្លោះរវាងអ្នកគាំទ្រ មន្ត្រីប៉ូលិសបានចូលមកហាមឃាត់ ប៉ុន្តែបែរជាបង្កអំពើហិង្សាបន្ថែមឡើងទល់ជាមួយនឹងក្រុមអ្នកគាំទ្រអាហ្សង់ទីន ក្នុងកីឡដ្ឋន Maracana ក្នុងទីក្រុងរីយ៉ូ។
 
រឿងហេតុបានដឹងឮដល់លោក Infantino ប្រធាន ​FIFA រហូតដល់មេសហព័ន្ធរូបនេះត្រូវដោះស្រាយបញ្ហាដែលទាក់ទង់នឹងបញ្ហាអំពើហិង្សាក្នុងពិភពបាល់ទាត់។
 
«មិនមានកន្លែងនៅក្នុងបាល់ទាត់សម្រាប់អំពើហិង្សាបែបនេះ នៅក្នុង ឬនៅក្រៅទីលាននោះទេ។ អ្នកលេង អ្នកគាំទ្រ ក្រុមកីឡាករ និងមន្ត្រីសមនឹងទទួលបានបរិយាកាសសុវត្ថិភាពក្នុងបាល់ទាត់។»។ លោក Infantino បាននិយាយបែបនេះ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម ​Instagram។
 
​កម្តៅនៃកំហឹងបានកើនឡើង ក្នុងកីឡដ្ឋាន Maracana ពេលក្រុមប្រេស៊ីល និងអាហ្សង់ទីន ច្រៀងចម្រៀងភ្លេងជាតិ មុនការប្រកួតចាប់ផ្តើម មន្ត្រីប៉ូលិសចូលហាមឃាត់ ដោយប្រើដំបងដៃដើម្បីបំបែកជម្លោះ តែបែរជាបង្កកំហឹងលើសដើម។
 
ពេលមានអំពើហិង្សារវាងមន្ត្រីប៉ូលិស និងអ្នកគាំទ្រអាហ្សង់ទីន ខ្សែប្រយុទ្ធ Lionel Messi រួមទាំងកីឡាករក្រុមអាហ្សង់ទីន និងក្រុមកីឡាករប្រេស៊ីល បានទៅហាមឃាត់ក្រុមប៉ូលិសឱ្យបញ្ចប់ហិង្សាដែលពួកគេបានយកដំបងវាយលើអ្នកគាំទ្រ។ អ្នកចាំទី Emi Martinez ពេលកើតហេតុរូបគេបានព្យាយាមលោតទៅទាញយកដំបងចេញពីដៃរបស់ប៉ូលិស​ដែលប្រុងយកដំបងវាយលើអ្នកគាំទ្រ។
 
យ៉ាងណាភ្លាមៗក្រុមកីឡាករអាហ្សង់ទីនបានវិលត្រឡប់ចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់វិញ ដើម្បីជាការបន្ថយកម្តៅនៃអំពើហិង្សាមុនពេលវិលមកការប្រកួតឡើងវិញ៕
 

Tag:
 ​Gianni Infantino
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com