លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន មិនបានជះឥទ្ធិពលអាក្រក់ ឬធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែវាបានផ្តល់មូលនិធិដ៏ច្រើនសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ បានធៀបបំណុលរបស់កម្ពុជា ជាមួយនឹងបំណុលរបស់ប្រទេសដទៃផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការនាំវិស័យឯកជន និងបណ្តាប្រទេសផ្សេងៗមកវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ជាការឆ្លើយតប មន្រ្តីកម្ពុជារូបនេះ បានអះអាងថា ក្រៅពីយន្តកាកសាង-ប្រតិបត្តិការ-ផ្ទេរ (BOT) និងកម្ចីពីវិស័យឯកជន កម្ពុជាក៏ទទួលបានមូលនិធិពីដៃគូអភិវឌ្ឍផ្សេងទៀតផងដែរ ដូចជា ជប៉ុន កូរ៉េខាងត្បូង ចិន ថៃ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីជាដើម។ លោក ស៊ុន ចាន់ថុល បានពន្យល់ថា កម្ពុជា មិនបានស្វះស្វែងរកប្រភពមូលនិធិ ត្រឹមតែចិននោះទេ ប៉ុន្តែកម្ពុជាស្វះស្វែងពីគ្រប់ទីកន្លែង។
បើតាមលោកស៊ុន ចាន់ថុល នៅពេលកម្ពុជាខ្ចីប្រាក់ ដោយបូករួមជាមួយនឹងការវិនិយោគលើវិស័យឯកជន វាមានក្តីបារម្ភជាច្រើនត្រូវបានលើកឡើងថា កម្ពុជាអាចខ្ចីប្រាក់ច្រើនពេក ហើយយល់ថា គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ប្រហែលជាអាចធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុល។
«ខ្ញុំយល់ឃើញផ្ទុយពីនោះ ព្រោះគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនបានធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែជាការពិត (ខ្សែក្រវាត់ និងផ្លូវ) បានជួយផ្តល់មូលនិធិដ៏ច្រើនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើង»។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ។
មិនតែប៉ុណ្ណោះ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា អត្រាបំណុលរបស់កម្ពុជា បើធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) គឺមានតិចជាង ៤០ភាគរយប៉ុណ្ណោះ ខណៈប្រទេសខ្លះមានអត្រាបំណុលរហូតដល់ ១០០ភាគរយឯណោះ ហើយប្រទេសផ្សេងទៀតមានរហូតដល់ ២០០ភាគរយ។ ត្រង់ចំណុចនេះ លោក ស៊ុន ចាន់ថុល កត់សម្គាល់ថា ដោយសារកម្ពុជាមានអត្រាបំណុលស្ថិតនៅក្រោម ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុប វាអាចអនុញ្ញាតឱ្យកម្ពុជា ខ្ចីបន្ថែមបាន។
ត្រង់ចំណុចនេះ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនចាយលុយខ្ចះខ្ចាយលើគម្រោងណាមួយ ដែលមិនបានផ្តល់ប្រយោជន៍សេដ្ឋកិច្ចត្រលប់មកវិញ ដែលយ៉ាងហោចណាស់មានចន្លោះពី១២ ទៅ ១៥ភាគរយនោះឡើយ។
តាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅពេលកន្លងមក គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាមានបំណុលសាធារណៈសរុប ១០,២៧ពាន់លានដុល្លារ ដោយក្នុងនោះកម្ពុជាបានជំពាក់ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោកជាដើម៕