កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ជាកីឡាករដែលរកបាន ៤០គ្រាប់លឿនជាងគេបំផុតនៅ UCL
29, Nov 2023 , 5:59 pm        
រូបភាព
Erling Haaland កីឡាករខ្សែប្រយុទ្ធប្រចាំក្រុម Manchester City បានបំបែកកំណត់ត្រាថ្មីមួយបន្ថែម ដោយរូបគេក្លាយជាកីឡាករដែលស៊ុតរកបានគ្រាប់បាល់ ៤០គ្រាប់លឿនជាងគេបំផុតនៅក្នុងពានរង្វាន់ UEFA Champions League ក្រោយជួយរួមចំណែករកបាន ១គ្រាប់ក្នុងជ័យជម្នះរបស់ក្រុម ស្ថិតក្នុងប្រទេសអង់គ្លេសឈ្នះលើ RB Leipzig លទ្ធផល ៣-២ នារាត្រីចូលថ្ងៃទី២៩ ខែវិច្ឆិកា។


កីឡាករវ័យ ២៣ឆ្នាំ ស៊ុតគ្រាប់បាល់តាមពីក្រោយ ១គ្រាប់ នៅនាទី៥៤សម្រាប់ក្រុម Man City បន្ទាប់ពីត្រូវបានក្រុម RB Leipzig ស៊ុតនាំមុខ ២គ្រាប់មុននៅនាទី ១៣ និង ៣៣ ដោយកីឡាករ Lois Openda ទាំង ២គ្រាប់។ ២គ្រាប់វាយបកបន្ថែមដើម្បីយកឈ្នះធ្វើបានដោយកីឡាករ Phil Foden នាទី៧០ និង Julian Alvarez នៅនាទី៨៧។ ឈ្នះលើ Leipzig ធ្វើឱ្យការពារជើងឯក Man City រកបាន ១៥ពិន្ទុស្ថិតនៅកំពូលតារាង ហើយបានកក់កៅអីសម្រាប់វគ្គជម្រុះ ១៦ក្រុមរួចស្រេច ខណៈមានការប្រកួតក្នុងពូលនៅសល់ ១ប្រកួតចុងក្រោយ។
 
ស៊ុត ១គ្រាប់ក្នុងការប្រកួតនេះ ជាដង្ហើមជ័យជម្នះឡើងវិញសម្រាប់ Man City ពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិន័រវែស បានជួយឱ្យរូបគេបំបែកកំណត់ត្រាជាកីឡាករដែលស៊ុតបាល់ ៤០គ្រាប់ក្នុង Champions Leagea លឿនជាងគេបង្អស់ នៅត្រឹមការបង្ហាញខ្លួនត្រឹមតែ ៣៥ប្រកួត។ ចំណាតថ្នាក់លេខ ២ Ruud van Nistelrooy ធ្វើបាននៅការប្រកួតទី៤៥ ហើយលេខ ៣ Kylian Mbappe ធ្វើបាននៅការប្រកួតទី៥៩។
 
មិនត្រឹមតែប៉ុណ្ណោះ Haaland ក៏ជាកីឡាករវ័យក្មេងជាងគេដែលរកបាន ៤០គ្រាប់ ត្រឹមវ័យ ២៣ឆ្នាំ និង ១៣១ថ្ងៃ ខណៈដែលលេខ ២ Kylian Mbappe ស្ថិតធ្វើបានកំណត់ត្រានេះនៅត្រឹមវ័យ ២៣ឆ្នាំ ៣១៧ថ្ងៃ, លេខ ៣ Lionel Messi ធ្វើបានត្រឹមវ័យ ២៤ឆ្នាំ ១៣០ថ្ងៃ ។ ចំណែក Cristiano Ronaldo លេខ ៦ រកបាន ៤០គ្រាប់នៅវ័យ ២៧ឆ្នាំ និង ២៤១ថ្ងៃ។
៣ថ្ងៃមុនការប្រកួត UCL មកដល់ Haaland ក៏បានក្លាយជាកីឡាករដែលរកបាន ៥០គ្រាប់លឿនជាងគេបង្អស់នៅក្នុងក្របខណ្ឌ​ Premier League នៅក្នុងការប្រកួតស្មើ ១-១ ជាមួយនឹងក្រុម Liverpool។
 
បន្ទាប់ពីធ្វើបានកំណត់ត្រាដ៏អស្ចារ្យទាំងនេះ កីឡាករវ័យ ២៣ឆ្នាំ ទទួលបានកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកចាត់ការក្រុមលោក Pep Guardiola។ 
 
«សារជាថ្មីម្តងទៀតហើយ? តើខ្ញុំត្រូវប្រាប់អ្នកម្តងទៀតឬ? យើងស្រលាញ់គេខ្លាំងណាស់ មិនត្រឹមតែជាអ្នកគ្រាប់បាល់ដ៏ពូកែនោះទេ ប៉ុន្តែនៅមានរឿងជាច្រើនបន្ថែមទៀតដែលគេនឹងបង្ហាញ។»។ លោក Guardiola បាននិយាយទាក់ទងនឹង Haaland ក្រោយចប់ការប្រកួត៕

Tag:
 Erling Haaland
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com