ជាតិ
ពន្យល់ពាក្យ
ក្បាលក្រពើ, ជ្រុលក្បាលក្រពើ, កន្ទុយក្រពើ មិនមានន័យពាក់ព័ន្ធនឹងសត្វក្រពើ ឡើយ 22, Jan 2024 , 7:29 am
× «ក្រពើ» ជាឈ្មោះសត្វទឹកមួយប្រភេទ មានជើង៤កន្ទុយវែង ជាសត្វសាហាវ, នៅលើគោកក៏បាន, តែច្រើននៅក្នុងទឹក មានត្រីនិងសាច់ជាចំណី។ វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានលើកយកពាក្យ «ក្បាលក្រពើ» មកពន្យល់ ហើយវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បន្ថែមសំនួនវោហារ «ជ្រុលក្បាលក្រពើ»។
«ក្បាលក្រពើ» យើងអាចគិតដល់ក្បាលរបស់សត្វក្រពើ ប៉ុន្តែពាក្យនេះ ជានាមសព្ទ ដែលសំដៅដល់ ប្រជុំចុងទូករទេះសម្រាប់ទ្រនឹម: ក្បាលក្រពើរទេះ។
រីឯ «ជ្រុលក្បាលក្រពើ» វិញ ជាសំនួនវោហារ ដែលមានន័យថា ជ្រុលដំណើរ, ហួសពេល។
«កន្ទុយក្រពើ» ជាឈ្មោះប្រទាលមួយប្រភេទមានសណ្ឋានប្រហែលនឹងកន្ទុយក្រពើ មានជ័ររអិលត្រជាក់ : ប្រទាលកន្ទុយក្រពើ៕
© រក្សាសិទ្ធិដោយ thmeythmey.com