ជាតិ
រថយន្ត
សម្តេច ហ៊ុន ម៉ាណែត លើកទឹកចិត្តការប្រើប្រាស់ EV តែក៏មិនបិទជម្រើសឡានជជុះនោះដែរ
30, Nov 2023 , 10:33 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីផលប្រយោជន៍សំខាន់ក្នុងកិច្ចការពារបរិស្ថានតាមរយៈការលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី (EV) ប៉ុន្តែសម្តេចមិនប្រើគោលការណ៍បង្ខិតបង្ខំនោះឡើយ ដោយផ្តល់អាទិភាពលើការសម្រេចរបស់ពលរដ្ឋគ្រប់រូប។


ថ្លែងក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនី បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលដោយសារប្រើម៉ូទ័រអគ្គិសនី ជាងការប្រើប្រាស់ម៉ូទ័រឥន្ធនៈ ហើយក៏ជាការផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ទៅជាការប្រើប្រាស់ថាមពលស្អាតវិញ។

ប្រមុខរដ្ឋាភិបាល បានអះអាងថា រដ្ឋខិតខំរកការផ្គត់ផ្គង់បច្ចេកវិទ្យាថ្មីៗ ប៉ុន្តែមិនបង្ខំពលរដ្ឋនោះឡើយ ដោយគោរពតាមគោលការណ៍ស្ម័គ្រចិត្ត។ សម្តេចបានរំលឹកថា មានការលើកយោបល់តាំងពីមុនពេលសម្តេចធ្វើនាយករដ្ឋមន្ត្រី ដោយស្នើឱ្យមានគោលការណ៍ហាមយកឡានជជុះចូល។

សម្រាប់សម្តេច ហ៊ុន ម៉ាណែត ការតម្រូវឱ្យទិញឡានថ្មីទាំងអស់ មិនអាចទៅរួចនោះឡើយ ព្រោះសម្តេចត្រូវតែបើកជម្រើសសម្រាប់ពលរដ្ឋ ដែលសមស្របទៅនឹងជីវភាពរបស់ពួកគាត់។ សម្តេចនាយករដ្ឋមន្ត្រី បានវាយតម្លៃថា បើពលរដ្ឋមានជីវភាពធូរធា ពួកគាត់ច្បាស់ជាទិញឡានល្អ ហើយក៏នឹងមើលឃើញពីតម្លៃនៃការប្រើប្រាស់រថយន្ត EV ផងដែរ។

ទាក់ទងនឹងយានយន្តអគ្គិសនី សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានណែនាំទៅលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឱ្យសាកល្បងគម្រោងគំរូជាមួយក្រុមម៉ូតូកង់៣ តាមគោលការណ៍ស្ម័គ្រចិត្ត។ «ពេលដែលពលរដ្ឋឃើញ យើងសាកល្បងជាមួយពលរដ្ឋស្ម័គ្រចិត្ត គាត់ធ្វើបាន អ្នកផ្សេងចូលដោយស្ម័គ្រចិត្ត នេះជាគោលការណ៍របស់រដ្ឋាភិបាល យើងមិនដែលបង្ខំពលរដ្ឋនោះទេ យើងខិតខំស្រាវជ្រាវនូវអ្វីដែលល្អជួយដល់ប្រជាពលរដ្ឋ ឱ្យគាត់ឃើញផល ហើយទទួលដោយស្ម័គ្រចិត្ត»។

បើតាមសម្តេចនាយករដ្ឋមន្ត្រី ការជំរុញការប្រើប្រាស់ EV គឺកម្ពុជាមានបុរេសកម្ម ដែលប្រមើលឃើញពីអនាគតនៃការប្រើប្រាស់បច្ចេកវិទ្យា តាមរយៈការរៀបចំផែនការអភិវឌ្ឍន៍មួយប្រកបដោយសង្គតិភាព ដូចជាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី និងបង្កើតទីតាំងបញ្ចូលអគ្គិសនីទាំងរដ្ឋ និងឯកជនដែលស្របតាមស្តង់ដាបច្ចេកទេស សុវត្ថិភាព ឱ្យបានច្រើនកន្លែងទូទាំងប្រទេសដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានឱ្យលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងនោះ មានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ផ្នែកយានយន្តអគ្គិសនី ដោយគិតគូជាកញ្ចប់លើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទីតាំងសាក និងតម្លៃ ជាដើម។

«កម្ពុជាទំនើបកម្មក៏មិនអន់ដែរ ឱ្យតែមានឱកាស»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត ដោយក្រើនរំលឹកបន្ថែមពីការពង្រឹងការទូតថាមពលបៃតងដើម្បីទាក់ទាញការគាំទ្រ និងការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគនានា៕



© រក្សាសិទ្ធិដោយ thmeythmey.com