អន្តរជាតិ
នេប៉ាល់ ប្រាប់រុស្ស៊ីឱ្យឈប់រើសប្រជាជនខ្លួនចូលក្នុងយោធា ដើម្បីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន
05, Dec 2023 , 7:29 pm        
រូបភាព
ទាហាននេប៉ាល់។ រូបភាព Reuters
ទាហាននេប៉ាល់។ រូបភាព Reuters
រដ្ឋាភិបាលនេប៉ាល់ នៅថ្ងៃទី៤ ខែធ្នូ បានស្នើក្រុងមូស្គូឱ្យបញ្ឈប់រើសប្រជាជនខ្លួន ទៅបម្រើក្នុងយោធារុស្ស៊ី ដើម្បីធ្វើសង្រ្គាមអ៊ុយក្រែន ហើយត្រូវបញ្ជូនប្រជាជនខ្លួន ដែលកំពុងបម្រើការក្នុងយោធាឱ្យត្រលប់ទៅប្រទេសវិញ។ ការទទូចរបស់រដ្ឋាភិបាលកដ្ឋមណ្ឌូបែបនេះ ធ្វើឡើងក្រោយប្រជាជននេប៉ាល់ចំនួន ៦នាក់ បានបាត់បង់ជីវិតនៅក្នុងសង្រ្គាម។
 
កងទ័ពនេប៉ាល់ Gurkhas ត្រូវបានស្គាល់ថា ជាកងកម្លាំងដែលជំនាញប្រយុទ្ធខ្លាំង និងមានភាពក្លាហាន។ កន្លងមក នេប៉ាល់មានតែកិច្ចព្រមព្រៀងអនុញ្ញាតឱ្យប្រជាជនខ្លួនបម្រើការក្នុងជួរកងទ័ពរបស់អង់គ្លេស និងឥណ្ឌាប៉ុណ្ណោះ ក្រោយប្រទេសមួយនេះបានទទួលឯករាជ្យ និងដោយផ្អែកលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងបី។ យ៉ាងណាមិញ នេប៉ាល់មិនមានកិច្ចព្រមព្រៀងបែបនេះ ជាមួយរុស្ស៊ីឡើយ។ 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៤ ខែធ្នូ ក្រសួងការបរទេសនេប៉ាល់ បានអះអាងថា ប្រជាជនរបស់ខ្លួនចំនួន ៦នាក់ បានបាត់បង់ជីវិត ក្នុងពេលបម្រើក្នុងជួរកងទ័ពរុស្ស៊ី ក្នុងសង្រ្គាម។ យ៉ាងណាមិញ ក្រសួងការបរទេស មិនបានផ្តល់ព័ត៌មានលម្អិតឡើយ។ 
 
«រដ្ឋាភិបាលនេប៉ាល់ ស្នើរដ្ឋាភិបាលរុស្ស៊ីឱ្យបញ្ជូនសាកសពជនរងគ្រោះ និងផ្តល់សំណងដល់ក្រុមគ្រួសាររបស់ពួកគេ»។ នេប៉ាល់ បានសង្កត់ធ្ងន់បែបនេះ។ តាមរយៈសេចក្តីថ្លែងការណ៍ដដែល នេប៉ាល់បានចរចាការទូតជាមួយអ៊ុយក្រែន ដើម្បីដោះលែងប្រជាជននេប៉ាល់ ដែលត្រូវបានចាប់ខ្លួន ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ 
 
មិនតែប៉ុណ្ណោះ ប្រទេសដែលស្ថិតនៅច​ន្លោះរវាងចិន និងឥណ្ឌាមួយនេះ ក៏បានអំពាវនាវឱ្យប្រជាជនខ្លួន កុំចូលបម្រើក្នុងជួរកងទ័ពរបស់រុស្ស៊ីផងដែរ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Kathmandu Post អគ្គរដ្ឋទូតនេប៉ាល់ប្រចាំនៅក្រុងមូស្គូ បានអះអាងថា ប្រជាជនខ្លួនចន្លោះពី១៥០នាក់ ទៅ២០០នាក់ បានស៊ីឈ្នួលធ្វើសង្រ្គាមឱ្យយោធារុស្ស៊ី។ ដោយសារភាពក្លាហាន និងជំនាញរបស់កងទ័ពនេប៉ាល់ Gurkhas វាអាចជាហេតុផលមួយធ្វើឱ្យរុស្ស៊ីជួលពួកគេ។
 
សូមបញ្ជាក់ថា ប្រជាជននេប៉ាល់ជាច្រើនពាន់នាក់ កំពុងធ្វើការនៅបរទេស ដើម្បីរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ ក្នុងនោះមានដូចជាតំបន់មជ្ឈិមបូព៌ា, កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម៕

Tag:
 នេប៉ាល់
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com