ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដាក់សម្ពោធជាផ្លូវការ នៃទីស្នាក់ការកណ្តាលថ្មី និងសាខាចំនួន២ ដែលត្រូវបានផ្លាស់ប្តូរទីតាំង
06, Dec 2023 , 11:19 am        
រូបភាព
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅនេះ ធនាគារ ស៊ីអាយអីមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នៃទីស្នាក់ការកណ្តាលថ្មី និងសាខាចំនួន២ ដែលត្រូវបានផ្លាស់ប្តូរទីតាំង ក្រោមអធិបតីភាពរបស់ Datuk Mohd Nasir Ahmad ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ CIMB និង CIMB Group រួមទាំងលោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB និងភ្ញៀវកិត្តិយស ដែលជាអតិថិជនរបស់ធនាគារ ប្រមាណ ១៥០នាក់ផងដែរ។
 
កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារ CIMB ដែលស្ថិតនៅផ្ទះលេខ៦០ លើមហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងព័ត៌មាន។ ហើយសាខាចំនួន២ ដែលត្រូវបានផ្លាស់ប្តូរទីតាំង គឺរួមមានសាខាផ្សារហេងលី ដែលប្តូរទៅសាខាស្ទឹងមានជ័យ និងសាខាក្រុងកំពង់ចាម ដែលប្តូរទៅទីតាំងថ្មី ក្នុងសង្កាត់កំពង់ចាមផងដែរ។
 
ក្នុងពិធីនោះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «ការសម្ពោធទីស្នាក់ការកណ្តាល និងជាពិសេសការផ្លាស់ប្តូរ ទៅទីតាំងកាន់តែសក្តិសមជាងមុន ក្នុងការបំពេញតម្រូវការរបស់អតិថិជន ជាលក្ខណៈបុគ្គល និងក្រុមហ៊ុន ដែលតម្រូវការទាំងនោះបានកើនឡើងជារៀងរាល់ថ្ងៃ។ ហើយសាខារបស់ធនាគារ CIMB គឺមិនត្រឹមតែសម្រាប់ធ្វើប្រតិបត្តិការធនាគារប៉ុណ្ណោះទេ តែថែមទាំងជាទីកន្លែង សម្រាប់ការពិគ្រោះប្រឹក្សា អំពីការធ្វើអាជីវកម្មរបស់អតិថិជន និងដើម្បីកសាងទំនាក់ទំនងយូរអង្វែងផងដែរ»។
 


ជាមួយគ្នានេះ លោក ប៊ុន យីន បានបញ្ជាក់ផងដែរថា៖ «ក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះ ធនាគារ CIMB មានមោទកភាព ដែលបានចូលរួមចំណែកក្នុងវិស័យធនាគារកម្ពុជា ដោយផ្តល់ជូនផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលបម្រើអតិថិជនជាចម្បង។ ហើយធនាគារ CIMB នឹងបន្តប្តេជ្ញាចិត្ត ក្នុងនាមជាដៃគូហិរញ្ញវត្ថុ ជាមួយអតិថិជន ដោយជួយឲ្យពួកគេសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាជួយរួមចំណែក ដល់ការអភិវឌ្ឍ នូវខឿនកំណើនសេដ្ឋកិច្ចជាតិផងដែរ»។
 
ថ្លែងក្នុងពិធីសម្ពោធនេះ Datuk Mohd Nasir Ahmad ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ CIMB និង CIMB Group បានកត់សម្គាល់ថា៖ «ធនាគារ CIMB ក្នុងប្រទេសកម្ពុជា សម្រេចបានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះ។ ហើយត្រឹមរយៈពេល ៥ឆ្នាំដំបូង នៃប្រតិបត្តិការធនាគារ យើងអាចសម្រេចបានប្រាក់ចំណេញ។ CIMB Group បន្តប្តេជ្ញាចិត្ត ក្នុងការជំរុញកំណើនរបស់ធនាគារ CIMB ក្នុងប្រទេសកម្ពុជា ស្របតាមកំណើនសេដ្ឋកិច្ចជាតិ។ ផែនការយុទ្ធសាស្រ្តរបស់យើងបន្ទាប់ គឺប្រែក្លាយធនាគារ CIMB ក្នុងសម័យឌីជីថល ដើម្បីបំពេញតម្រូវការ តាមការវិវឌ្ឍរបស់អតិថិជន»។
 


មិនតែប៉ុណ្ណោះ Datuk Mohd Nasir Ahmad បានបញ្ជាក់ដែរថា៖ «ភាពរីកមច្រើនរបស់ធនាគារ CIMB នឹងបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសយើងខ្ញុំនឹងជំរុញការអភិវឌ្ឍផ្នែកឌីជីថល។ ហើយធនាគារ CIMB សូមសម្តែងនូវការដឹងគុណ ចំពោះការជឿទុកចិត្ត និងជួយជ្រោមជ្រែងរបស់អតិថិជនទាំងអស់ ដែលជាកត្តាសម្រេចបានជោគជ័យ និងគោលដៅរបស់យើងទាំងអស់គ្នា»។
 
គួរបញ្ជាក់ផងដែរថា ធនាគារ CIMB គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ស៊ីអាយអិមប៊ី គ្រុប ដែលមានវត្តមានសាខា នៅក្នុងតំបន់អាស៊ាន។ ធនាគារ CIMB មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ សម្រាប់អតិថិជនបុគ្គល ម្ចាស់អាជីវកម្ម និងអតិថិជនក្រុមហ៊ុនជាដើម។ បច្ចុប្បន្ន ធនាគារ CIMB កំពុងបម្រើសេវាកម្ម ជូនអតិថិជន ជាមួយនឹងសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ក្រៅពីនាំយកផលិតផល និងសេវាកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងគុណប្រយោជន៍ ដល់អតិថិជន ធនាគារ CIMB ក៏បានកែលម្អ ធ្វើទំនើបកម្ម និងផ្លាស់ប្តូរទីតាំង នៅបណ្តាសាខាមួយចំនួន ដែលច្រើនជាងពាក់កណ្តាល នៃសាខាសរុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។


 
អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
 
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក ​និង​ចក្រភពអង់គ្លេស​។
 


ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​ 
 
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។
 
ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៤.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់៕
 
សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់
លោក ស្រេង ភារុណ
ប្រធាន​ ទីផ្សារ​ និងទំនាក់ទំនង
ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩
អ៊ីមែល៖ .kh
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com