ជាតិ
សេដ្ឋកិច្ច
កម្ពុជា បានជំនួយ៣,១លានដុល្លារបន្ថែម ពីនូវែលសេឡង់ ដើម្បីបោសសម្អាតមីន
07, Dec 2023 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
ប្រទេសនូវែលសេឡង់ ផ្តល់ជំនួយ៣,១លានដុល្លារអាម៉េរិកបន្ថែមដល់កម្ពុជា ដើម្បីអនុវត្តគម្រោងបោសសម្អាតមីនក្នុងដំណាក់កាលទី៤។ ជំនួយនេះ ត្រូវបានចុះហត្ថលេខា រវាងលោកស្រី Alissar Chaker ប្រធានUNDP ជាមួយលោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា ក្រោមវត្តមាន លោកលី ធុជ ប្រធានអាជ្ញាធរមីន នាថ្ងៃទី៦ធ្នូ។
 
គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤នេះ  ទទួលបានការសម្របសម្រួលពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។ លោក លី ធុជ បានបន្តរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា   បច្ចុប្បន្ន អាជ្ញាធរមីន កំពុងរៀបចំផែនការបោសសម្អាតមីននេះ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។  
 
សកម្មភាពបោសសម្អាតមីនរបស់កម្ពុជា ទទួលបានកោតសរសើរពីលោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា ក្នុងការបំពេញការងារយ៉ាងល្អលើកិច្ចសង្គ្រោះជនរងគ្រោះ   និងការបញ្ជ្រាបយេនឌ័រចូលក្នុងសកម្មភាពមីន។  លោក Jonathan Kings  បន្តសរសេរដូច្នេះ៖ «ដើម្បីសម្រេចបានគោលដៅរួម ការងារនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ក្តី ក៏កម្ពុជានៅមានកិច្ចការច្រើនទៀត ដែលត្រូវសម្រេចឱ្យបាននូវគោលដៅកម្ពុជាគ្មានមីន ឆ្នាំ២០២៥»។
 
គូរំឭកថា  កម្ពុជាទទួលបានហិរញ្ញប្បទាន លើកដំបូងចំនួន ៣,៨លានដុល្លារ ពីប្រទេសនូវែលសេឡង់ ដើម្បីអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ តាំងពីឆ្នាំ២០២១មក៕ 


សកម្មភាពមន្ត្រីជំនាញរបស់CMAC កំពុងរុករកគ្រាប់មីន។ រូវបថត៖ CMAC

 

Tag:
 មីន
© រក្សាសិទ្ធិដោយ thmeythmey.com