កីឡាជាតិ
ជាតិ
FFC បង្ហាញគំរូប្លង់កៅអីស្តាតអូឡាំពិកដ៏ស្រស់ស្អាតទាំង១០២ មុនចម្រាញ់យកស្នាដៃល្អបំផុត 08, Dec 2023 , 10:53 am
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្ហាញស្នាដៃរចនាបថប្លង់កៅអីថ្មីរបស់ពហុកីឡដ្ឋានជាតិអូឡាំពិកចំនួន១០២ប្លង់ផ្សេងគ្នា។ ស្នាដៃដែលសុទ្ធសឹងស្រស់ស្អាតទាំង១០២ ពីសាធារណៈជន ដែលចូលរួមរចនាប្លង់កៅអី ធ្វើឡើងដើម្បីជ្រើសយកស្នា១ដែលល្អបំផុត ដើម្បីយកធ្វើជាគំរូប្លង់ ផ្លាស់ប្តូរកៅអីកីឡដ្ឋានថ្មី ឱ្យស្របតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអាស៊ី (AFC)។
AFC និង FIFA តម្រូវឱ្យ FFC ដកកៅអីចាស់ដែលទើបបំពាក់អំឡុងស៊ីហ្គេម ហើយបញ្ចូលកៅអីដែលមានបង្អែកវិញ ដើម្បីអាចរៀបចំប្រកួតកម្រិតអន្តរជាតិ។ FFC ប្រកាសរកអ្នកចង់បញ្ចេញស្នាដៃ រចនាប្លង់កៅអីពហុកីឡដ្ឋានជាតិអូឡាំពិកនេះកាលពីសប្តាហ៍មុន ហើយនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់កម្ពុជា ក៏បានបង្ហាញស្នាដៃរចនារបស់អ្នកចូលរួមចំនួន១០២។
ក្នុងចំណោមស្នាដៃទាំង១០២នេះ FFC ត្រូវបន្តចម្រាញ់យក១០ស្នាដៃ Top10 ដែលមានរចនាមានសោភណភា និងអត្ថន័យល្អជាងគេ តាមរយៈការបោះឆ្នោតគាំទ្រលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្នាដៃណាមួយដែលទទួលបានការចុចចូលចិត្ត ច្រើនជាងគេ។
ស្នាដៃទាំង១០ ដែលត្រូវបានជ្រើសរើស នឹងបន្តទៅជុំទី២ ប្រជែងគ្នាបន្តទៀត ដើម្បីជ្រើសរើសយកស្នាដៃល្អជាងគេ ដើម្បី FFC យកទៅធ្វើជាគំរូផ្លាស់ប្តូរកីឡាកីឡដ្ឋានឡើងវិញ។
FFC ក៏បានជូនដំណឹងដល់ម្ចាស់ស្នាដៃទាំង១០២ ឱ្យពិនិត្យលើការរចនារបស់ខ្លួនឡើងវិញ ត្រង់ចំណុចពណ៌លើកៅអី។ FFC តម្រូវឱ្យអ្នករចនាប្រើប្រាស់តែបីពណ៌ប៉ុណ្ណោះលើកៅអីនីមួយ ក្នុងនោះមានពណ៌ស ខៀវ និងក្រហម។ ថ្ងៃផុតកំណត់ត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៩ ខែធ្នូ។
តាមលក្ខខណ្ឌរបស់ AFC និង FIFA ដើម្បីអាចឱ្យពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតអន្តរជាតិបាន តម្រូវឱ្យកីឡដ្ឋាននេះ មានកៅអីដែលមានបង្អែក ដោយរុះរើកៅអីដែលមានសព្វថ្ងៃចេញវិញ។ ដំណើរការបំពាក់កៅអីថ្មី FFC បានស្នើទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដើម្បីសុំកញ្ចប់ថវិកាឧបត្ថម្ភ។
កៅអីដែលគ្មានបង្អែកសព្វថ្ងៃ ត្រូវបានបំពាក់នៅមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ បើទោះកន្លងមក អាចទទួលរៀបចំស៊ីហ្គេមបាន និងការប្រកួតអន្តរជាតិមួយចំនួនក្តី នោះក៏ដោយសារ FFC ទទួលបានការអនុគ្រោះពី AFC ប៉ុណ្ណោះ។ បើមានកៅអីផ្អែក FFC មិនបាច់ស្នើសុំ AFC ទៀតឡើយ នៅពេលរៀបចំប្រកួតអន្តរជាតិ៕
Tag:
FFC
ពហុកីឡដ្ឋានជាតិអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com