ជាតិ
បណ្ដេញវៀតណាម២៥៧នាក់ចេញពីកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ
08, Dec 2023 , 2:05 pm        
រូបភាព
ជនជាតិវៀតណាមជាង២០០នាក់​ ដែលសមត្ថកិច្ចត្រៀមបណ្ដេញចេញពីកម្ពុជា។ រូបពី GDI
ជនជាតិវៀតណាមជាង២០០នាក់​ ដែលសមត្ថកិច្ចត្រៀមបណ្ដេញចេញពីកម្ពុជា។ រូបពី GDI
ដោយ: ថ្មីៗ
Online Scamភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​សម្រេច​បណ្តេញ ជនជាតិវៀតណាម២៥៧នាក់ក្នុងនោះមានស្រី៥៦នាក់​ ចេញពីកម្ពុជា ដោយសារពួកគេជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងស្នាក់នៅខុសច្បាប់។
 
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាម​២៥៧នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១​ធ្នូ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្ស​ត្រខេត្តកណ្តាល។ ពួកគេទាំងនោះ ត្រូវបណ្ដេញចេញតាម តាមច្រកទ្វារអន្តរជាតិបាវិត​ដោយមានការសម្របសម្រួលនិងសហការរវាងសមត្ថកិច្ចកម្ពុជានិងវៀតណាម។ 
 
អគ្គនាយកដ្ឋានអន្តោប្រវេសន៍អះអាងថា ក្រុមជនជាតិ​វៀតណាមខាងលើបានប្រព្រឹត្តបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញនិងបទល្មើសអន្តោប្រវរសន៍ដោយធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ​ហើយប្រើប្រាស់ទិដ្ឋាការខុសគោលបំណង​ ពោលគឺប្រើទិដ្ឋាការទេសចរណ៍​ប៉ុន្តែបែរជាមកធ្វើការងារ។ ក្រៅពីនេះ ពួកគេខ្លះ ឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា។ 
 
កន្លងមក កម្ពុជាបានក្លាយជាប្រទេសរងគ្រោះដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ដែលនាំឱ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។ហេតុនេះ ទើបក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍
សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ​ ព្រមទាំងបទល្មើសអន្តោប្រវេសន៍​និងឧក្រិដ្ឋកម្មឆ្លងដែននានា​ ឱ្យកាន់តែមានប្រសិទ្ធភាព​៕
 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com