ជាតិ
អន្តរជាតិ
ប្រមុខការទូតចិន ប្តេជ្ញាធ្វើការជាមួយកម្ពុជាបង្រ្កាបល្បែងតាមអនឡាញ និងក្រុមឧក្រិដ្ឋជន
08, Dec 2023 , 3:01 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា ចាប់ដៃជាមួយសមភាគីចិន លោក វ៉ាង យី នៅក្រុងប៉េកាំង ក្នុងថ្ងៃទី៧ ខែធ្នូ។ រូបភាព Xinhua
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា ចាប់ដៃជាមួយសមភាគីចិន លោក វ៉ាង យី នៅក្រុងប៉េកាំង ក្នុងថ្ងៃទី៧ ខែធ្នូ។ រូបភាព Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី៧ ខែធ្នូ បានប្រាប់សមភាគីកម្ពុជា លោក សុខ ចិន្តាសោភាថា រដ្ឋាភិបាលក្រុងភ្នំពេញ ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយក្រុងភ្នំពេញ លើការបង្រ្កាបល្បែងតាមអនឡាញ ឧក្រិដ្ឋកម្មឆ្លងព្រំដែន, លុបបំផុតក្រុមឧក្រិដ្ឋជន និងការពារស្ថិរភាពសម្រាប់ប្រទេសក្នុងតំបន់។
 
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា ក្នុងអំឡុងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅក្រុងប៉េកាំង ក្នុងថ្ងៃទី៧ ខែធ្នូ បានជួបជាមួយសមភាគីចិន លោកវ៉ាង យី។ ក្នុងនាមប្រទេសជាមិត្តដ៏ជិតស្និទ្ធ និងមានមិត្តភាពរឹងមាំ លោកវ៉ាង បានប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីបង្រ្កាបល្បែងអនឡាញ និងក្រុមឧក្រិដ្ឋជន ក្នុងគោលបំណងថែរក្សាស្ថិរភាព។ 
 
«លោកវ៉ាង បានលើកឡើងថា ចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា និងប្រទេសផ្សេងទៀត ដើម្បីបង្រ្កាបលើល្បែងអនឡាញ ឧក្រិដ្ឋកម្មឆ្លងព្រំដែន លុបបំបាត់ក្រុមឧក្រិដ្ឋជន និងការពារស្ថិរភាពសង្គម សម្រាប់ប្រទេសក្នុងតំបន់»។ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយបែបនេះ នៅថ្ងៃទី៨ ខែធ្នូ។ 
 
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍មួយចេញពីចុងខែសីហា បានបញ្ជាក់ថា មនុស្សចំនួន ១០ម៉ឺននាក់ អាចស្ថិតក្នុងស្ថានភាព ត្រូវបានចាប់បង្ខំ ដើម្បីបោកមនុស្សដទៃតាមប្រព័ន្ធអនឡាញ។ មិនតែប៉ុណ្ណោះ កន្លងមក សារព័ត៌មានជាច្រើនបានចុះផ្សាយពីភាពអវិជ្ជមាននៅកម្ពុជា ពាក់ព័ន្ធនឹងល្បែង និងការបោកបញ្ឆោតតាមអនឡាញ។ 
 
ដើម្បីដោះស្រាយភាពអវិជ្ជមានក្នុងប្រទេសបែបនេះ អាជ្ញាធរកម្ពុជា ធ្លាប់បានចាប់ខ្លួនមនុស្សជាច្រើនាក់ពាក់ព័ន្ធល្បែងតាមអនឡានខុសច្បាប់ និងក្រុមបោកបញ្ឆោត ដោយក្នុងនោះមានជនជាតិចិន និងជនជាតិផ្សេងទៀតផងដែរ។
 
មិនតែប៉ុណ្ណោះ លោកវ៉ាង ដែលជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តផងនោះ បានបន្តថា ស្របពេលស្ថានភាពពិភពលោកកំពុងមានការផ្លាស់ប្តូរ ចិន និងកម្ពុជា គួរតែរួបរួមគ្នា និងអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ 
 
ចំណែកលោក សុខ ចិន្តាសោភា បានតបថា ក្របខណ្ឌគំនិតផ្តួចផ្តើមផ្លូវលើខ្សែក្រវាត់ (BRI) បាននាំផលប្រយោជន៍ជាច្រើនមកដល់ប្រជាជនកម្ពុជា ហើយភាគីទាំងពីរ គួរធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងបណ្តាប្រទេសផ្សេង ដែលវាយប្រហារលើគំនិតផ្តើមនេះ។ 
 
សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៣ ចិន និងកម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ១០ពាន់លានដុល្លារ ដោយកើនឡើង ៤,៦ភាគរយ បើធៀបនឹងរយៈពេលដដែលនៅឆ្នាំមុន។ ក្នុងរយៈពេលដដែលនេះ ទំហំពាណិជ្ជកម្មកម្ពុជាសរុបមានចំនួន ៣៨,៦៦ ពាន់លានដុល្លារ៕
 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com