អន្តរជាតិ
កូនប្រុសប្រធានាធិបតីអាម៉េរិក អាចប្រឈមនឹងជាប់ពន្ធនាគារ ១៦ឆ្នាំ ក្រោយរងបទចោទ៩ករណី
08, Dec 2023 , 4:39 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) ជាមួយកូនប្រុស លោក Hunter Biden នៅក្នុងឆ្នាំ២០២២។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង) ជាមួយកូនប្រុស លោក Hunter Biden នៅក្នុងឆ្នាំ២០២២។ រូបភាព AFP
លោក Hunter Biden ដែលជាកូនប្រុសលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានរងបទចោទចំនួន ៩ករណី ពាក់ព័ន្ធនឹងការមិនបង់ពន្ធរបស់ក្រុមហ៊ុនលោក នៅថ្ងៃទី៧ ខែធ្នូ ដែលប្រឈមមុខជាប់ពន្ធនាគាររហូតដល់១៦ឆ្នាំឯណោះ។ ការស៊ើបអង្កេតលើលោក Hunter Biden ធ្វើឡើងមុនពេលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។
 
បន្ថែមពីលើបទចោទពាក់ព័ន្ធនឹងកាន់កាប់អាវុធនៅតុលាការរដ្ឋ Delaware  លោកHunter Biden ត្រូវបានរដ្ឋអាជ្ញាពិសេសចំនួន៩ករណីបន្ថែមទៀតពាក់ព័ន្ធនឹងការគេចវេសពីការបង់ពន្ធរបស់ក្រុមហ៊ុនលោក នៅរដ្ឋកាលីហ្វ័រនីញ៉ាវិញម្ដង។ បទចោទ ៣ករណី ជាបទល្មើសឧក្រិដ្ឋ និង៦ករណីទៀត ជាបទល្មើសមជ្ឈិម។ 
 
«លោក Hunter Biden បានចំណាយលុយរាប់លានដុល្លារលើបែបបទរស់នៅរបស់ខ្លួន ជាជាងការបង់ពន្ធ»។ លោក David Weiss រដ្ឋអាជ្ញាពិសេស និយាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៧ ខែធ្នូ។ បទចោទទាំង ៩នេះ គឺផ្អែកលើពន្ធប្រមាណ១,៤លានដុល្លារដែលកូនប្រុសលោកបៃឌិនមិនទាន់បានបង់ នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។ ចន្លោះឆ្នាំនោះ ជាពេល លោក Hunter Biden បានប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់ថ្នាំញៀន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
បើតាមរដ្ឋអាជ្ញាពិសេស កូនប្រុសលោកបៃឌិនដែលមានវ័យ៥៣ឆ្នាំរូបនេះ អាចនឹងជាប់ពន្ធនាគាររហូតដល់ ១៦ឆ្នាំឯណោះ ប្រសិនតុលាការរកឃើញកំហុស។ 
 
យ៉ាងណាមិញ មេធាវីចុងចោទ លោក Abbe Lowell បានការពារថា រដ្ឋអាជ្ញាពិសេសបាន កំពុងឱនក្បាលគោរពសម្ពាធរបស់បក្សសាធារណរដ្ឋ។ ត្រង់ចំណុចនេះ លោក Lowell យល់ថា ប្រសិនបើលោក Hunter គ្មានជាប់ឈ្មោះ បៃឌិននោះ បទចោទខាងលើ នឹងមិនត្រូវបន្តនីតិវិធីទៅមុខទៀតឡើយ។ មេធាវីចុងចោទរូបនេះ ទំនងចង់ទាញបទចោទលើលោក Hunter Biden ពាក់ព័ន្ធនឹងនយោបាយ ខណៈការបោះឆ្នោតប្រធានាធិបតី នឹងមកដល់នៅឆ្នាំ២០២៤។ 
 
តាមសំណេររបស់លោក Leo Wise  រដ្ឋអាជ្ញារដ្ឋដែលត្រូវបានចាត់តាងស៊ើបអង្កេតលើកូនប្រុសលោកបៃឌិនផងនោះ ព័ត៌មានលម្អិតរបស់លោក Hunter Biden ត្រូវបានចុះបញ្ជីទាំងអស់ ទាំងការរស់នៅ ការចំណាយ ថ្នាំ រថយន្ត ប៉ុន្តែលើកលែងតែរឿងបង់ពន្ធរបស់ក្រុមហ៊ុនរបស់លោក។ 
 
ការបន្ថែមបទចោទចំនួន ៩នេះ ធ្វើឡើងមុនពេលសភានឹងបោះឆ្នោតអនុញ្ញាតឱ្យបើកការស៊ើបអង្កេតលើលោក បៃឌិន ក្រោមបទចោទរំលោភអំណាច និងអំពើពុករលួយ ពាក់ព័ន្ធនឹងធុរកិច្ចគ្រួសាររបស់លោក។ ការស៊ើបអង្កេតនេះ ត្រូវបានប្រកាសដោយ ប្រធានសភាតំណាង លោក Kevin McCarthy នៅក្នុងខែកញ្ញា ទោះជាកន្លងមកមិនមានព័ស្តុតាងដែលលោកបៃឌិន បានរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ ក្នុងពេលមុនចូល ឬក្រោយចូលកាន់តំណែងជាប្រធានាធិបតីក៏ដោយ។ 
 
កាលនោះ លោក McCarthy បានបញ្ជាគណៈកម្មាធិការត្រួតពិនិត្យស៊ើបអង្កេតទៅក្នុងគ្រួសាររបស់លោកបៃឌិន ដោយមានការពិនិត្យលើធុរកិច្ចគ្រប់គ្រងដោយកូនប្រុសរបស់លោកបៃឌិនផង។ 
 
ស្របគ្នានេះ លោកដូណាល់ ត្រាំ ដែលជាបុគ្គលប្រជែងបេក្ខភាពប្រធានាធិបតីបក្សសាធារណរដ្ឋក្នុងឆ្នាំ២០២៤ ក៏រងបទចោទជាច្រើនផងដែរ ក្នុងនោះមាន រៀបចំផែនការផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ និងការផ្តល់ប្រាក់ទៅតារាអាសអាភាសជាដើម៕ 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com