អន្តរជាតិ
ក្លិប Juventus មិនចាប់អារម្មណ៍ចូលជាសមាជិកសមាគមបាល់ទាត់អឺរ៉ុប
08, Dec 2023 , 6:59 pm        
រូបភាព
ក្លិប Juventus របស់ប្រទេសអ៊ីតាលីមិនចាប់អារម្មណ៍ក្នុងការវិលត្រឡប់ចូលរួមជាមួយនឹងសមាគមបាល់ទាត់អឺរ៉ុប (ECA) វិញឡើយ។ នេះបើតាមការប្រកាសរបស់ក្លិបប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បន្ទាប់ពីប្រធាន ECA លោក Nassr Al-Khelaifi ដែលជាប្រធានក្លិប Paris Saint Germain ដែរនោះបានអះអាងថានឹងបើកផ្លូវសម្រាប់ការវិលត្រឡប់វិញរបស់ក្លិបជើងខ្លាំងអ៊ីតាលីក៏ដោយក្តី។


កាលពីថ្ងៃទី៧ ខែធ្នូ លោក Al-Khelaifi បានបញ្ជាក់ថាសមាគម ECA នឹងស្វាគមន៍ក្លិប Juventus ជានិច្ចសម្រាប់ការវិលត្រឡប់មកវិញ បន្ទាប់ពីក្លិបបានបង្ហាញជំហរថាពួកគេនឹងដើរចេញពីផែនការរបស់ពានរង្វាន់ European Super League។ 
 
សមាគម ECA ជាទីកន្លែងប្រមូលផ្តុំក្លិបបាល់ទាត់ជាង ៤៤០ក្រុម ទូទាំងទ្វីបអឺរ៉ុប ហើយក្លិបយក្សធំៗចំនួន ៩ ក្នុងចំណោមក្លិបទាំង ១២ ធ្លាប់បានស្ថិតក្នុងគម្រោងរបស់ European Super League ក៏ស្ថិតនៅជាសមាជិក ECA ផងដែរ។ ក្លិបដែលបានផ្តាច់ខ្លួនពីផែនការ ESL មាន Manchester United, Manchester City, Arsenal, Tottenham Hotspur, Liverpool, Chelsea, Atletico Madrid, AC Milan, Inter Milan។
 
យ៉ាងណាក្លិប Juventus បានអះអាងថាពួកគេមិនចាប់អារម្មណ៍ក្នុងការវិលត្រឡប់ចូលរួមជាមួយនឹង ECA វិញឡើយ។​
 
«Juventus FC មិនបានវាយតម្លៃអំពីលទ្ធភាពក្នុងការចូលរួមជាមួយ ECA ឡើងវិញនៅពេលនេះទេ។»។ នេះបើតាមប្រកាសក្លិបប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters។
Juventus កំពុងបង្ហាញជំហរចង់ចាកចេញពីផែនការ European Super League ដែលបច្ចុប្បន្នពួកគេកំពុងស្ថិតនៅជាមួយនឹងក្លិបយក្សអេស្ប៉ាញដូចជា Real Madrid និង Barcelona ដែលជាអ្នកផ្តើមគម្រោងក្នុងការបង្កើតពានរង្វាន់អឺរ៉ុបថ្មីមួយ។
 
លោក Al Khelaifi បាននិយាយប្រាប់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំរបស់គណៈគ្រប់គ្រង ECA ដូច្នេះថា ៖ «ប្រសិនបើពួកគេឈប់ធ្វើនូវអ្វីដែលពួកគេកំពុងព្យាយាមធ្វើ ហើយជាអ្វីដែលខ្ញុំគិតថាជាគម្រោងដ៏ឆ្គួតឡប់មួយនោះ ពួកគេតែងតែត្រូវបានស្វាគមន៍ជានិច្ច។»។
 
ប្រធានក្លិប PSG ក៏បានអះអាងទៀតថា លោកបានជជែកជាម្ចាស់ក្លិប Juventus ហើយក្លិបយក្សអ៊ីតាលី ចង់វិលត្រឡប់មកជាសមាជិក ECA។
លោក Al-Khelaifi ដែលជាប្រធានក្លិប PSG បានចូលកាន់កាប់តំណែងជាប្រធាន ECA ក្នុងឆ្នាំ ២០២១ បន្ទាប់ពីអតីតប្រធានក្រុម Juventus ក្លិប Andrea Agnelli ចុះចេញពីតំណែង ក្រោយពួកគេបានគាំទ្រដល់គម្រោងរបស់ European Super League៕

Tag:
 Juventus
  Nasser Al-Khelaifi
© រក្សាសិទ្ធិដោយ thmeythmey.com