អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃចាត់ទុកMuay Thai ជាអាទិភាពផ្សព្វផ្សាញអំណាចស្រទន់ទៅបរទេស ដើម្បីពង្រីកកេរ្តិ៍ឈ្មោះ
09, Dec 2023 , 9:59 am        
រូបភាព
លោកនាយករដ្ឋមន្រ្តីសេដ្ឋា ថាវីស៊ីន បានជួបជាមួយកីឡាករ Sombat “Buakaw” Banchamek (ឆ្វេង) នៅវិមានរដ្ឋាភិបាល ក្នុងថ្ងៃទី៨ ខែធ្នូ។ រូបភាព X_Sretha Thavisin
លោកនាយករដ្ឋមន្រ្តីសេដ្ឋា ថាវីស៊ីន បានជួបជាមួយកីឡាករ Sombat “Buakaw” Banchamek (ឆ្វេង) នៅវិមានរដ្ឋាភិបាល ក្នុងថ្ងៃទី៨ ខែធ្នូ។ រូបភាព X_Sretha Thavisin
រដ្ឋាភិបាលថៃ គ្រោងផ្សព្វផ្សាយប្រដាល់ Muay Thai ជាផ្នែកមួយនៃអំណាចស្រទន់ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះប្រទេសទៅបរទេស។ បើតាមលោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ប្រដាល់ Muay Thai ជាអាទិភាពបំផុតនៃអំណាចស្រទន់។

 
ពីវិមានរដ្ឋាភិបាលថៃនៅថ្ងៃទី៨ ខែធ្នូ លោកនាយករដ្ឋមន្រ្តីសេដ្ឋា ថាវីស៊ីន បានជួបជាមួយកីឡាករ Sombat “Buakaw” Banchamek ដោយពិភាក្សាលើការដាក់ប្រដាល់ Muay Thai ជាផ្នែកមួយនៃអំណាចស្រទន់។ 
 
ក្នុងជំនួបនេះ លោកសេដ្ឋា បានចាត់ទុក Muay Thai ជាអាទិភាពបំផុតក្នុងការផ្សព្វផ្សាញអំណាចស្រទន់ ហើយរដ្ឋាភិបាល គ្រោងពង្រីកភាពល្បីល្បាយរបស់ Muay Thai ទៅក្រៅប្រទេសផងដែរ។ 
 
កន្លងមក គណៈកម្មាធិការយុទ្ធសាស្រ្តអំណាចស្រទន់ បានរើស ១១វិស័យសម្រាប់ជាអំណាចស្រទន់របស់ខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយទៅបរទេស ទាក់ទាញភ្ញៀវទេសចរ និងពង្រីកកេរ្តិ៍ឈ្មោះប្រទេសជាដើម។ ប្រដាល់ Muay Thai ក៏ស្ថិតក្នុងចំណោម អំណាចស្រទន់របស់ថៃដែរ។ 
 
ចំណែកលោក Pimol Srivikorn ទីប្រឹក្សានាយករដ្ឋមន្រ្តី និងទទួលខុសត្រូវផ្នែកកីឡានៃ គណៈកម្មាធិការយុទ្ធសាស្រ្តអំណាចស្រទន់ បានលើកឡើងថា លោកបានទាក់ទងជាមួយនាយកដ្ឋានផ្នែកជំនាញរួចហើយ ដើម្បីជួយបញ្ជូនអ្នកបង្វឹក Muay Thai ទៅបរទេស ដែលកំពុងមានតម្រូវការខ្ពស់។ 
 
ទន្ទឹមនេះ ថៃក៏កំពុងរៀបចំគម្រោងជាច្រើនផងដែរ សម្រាប់ថ្នាក់ប្រដាល់ Muay Thai នៅបរទេស និងផ្សព្វផ្សាយប្រដាល់របស់ខ្លួន។ ជុំវិញបញ្ហាខាងលើ លោក Pimol បានអះអាងថា ថ្នាក់រៀនទាំងនោះ អាចបង្រៀនដោយ កីឡាករ Buakaw។ មិនតែប៉ុណ្ណោះ គណៈកម្មាធិការយុទ្ធសាស្រ្តអំណាចស្រទន់ គ្រោងដាក់ Mauy Thai ជាមុខវិជ្ជាសិក្សាមួយនៅក្នុងសាលាផងដែរ។
 
សូមបញ្ជាក់ថា គណៈកម្មាធិការយុទ្ធសាស្រ្តអំណាចស្រទន់ ត្រូវបានបង្កើតឡើងក្នុងរដ្ឋបាលរបស់លោកសេដ្ឋា ក្នុងគោលបំណងបង្រៀនជំនាញ និងបង្កើតការងារដល់ប្រជាជនចំនួន ២០លាននាក់ ដែលរំពឹងថាអាចបង្កើតចំណូលបាន ១១២,៧៧ ពាន់លានដុល្លារ។ ថៃបានដាក់វិស័យចំនួន ១១ជាអំណាចស្រទន់របស់ខ្លួន ក្នុងនោះមានដូចជា ម៉ូត, សៀវភៅ, ភាពយន្ត និងរឿងភាគ, ពិធីប្រពៃណី, អាហារ, ការរៀបចំ, ភៀវទេសចរ, ល្បែង, តន្រ្តី, សិល្បៈ និងកីឡា៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com