អន្តរជាតិ
លោកពូទីន ប្រកាសឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីនៅឆ្នាំ២០២៤ ដោយគ្មានដៃគូប្រជែងធំ
09, Dec 2023 , 1:59 pm        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៨ ខែធ្នូ បានប្រកាសចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤ ដោយគ្មានដៃគូប្រជែង ឬបក្សប្រឆាំងធំ។ ដៃគូប្រជែង លោក Alexei Navalny ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ។
 
បន្ទាប់ពីកាន់តំណែងជាប្រធានាធិបតីបាន ៤អាណត្តិ ចាប់តាំងពីឆ្នាំ២០០០ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសចូលរួមជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតី។ បើទោះមានវ័យ ៧១ឆ្នាំក៏ដោយ លោកពូទីន ត្រូវបានរំពឹងថា នឹងឈ្នះការបោះឆ្នោត ហើយអាចកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទី៥ ព្រោះគ្មានបក្សប្រឆាំង ឬដៃគូប្រជែងសំខាន់។ 
 
ការប្រកាសចូលរួមក្នុងការបោះឆ្នោតរបស់មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីពិធីផ្តល់ពានរង្វាន់ដល់កម្លាំងយោធា នៅវិមានក្រេមឡាំង។ បើតាមលោកពូទីន លោកបានគិតយ៉ាងយូរ និងលំបាក ពីតំណែងប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។ 
 
កន្លងមក បក្សនយោបាយចំនួន ៥ ត្រូវបានអនុញ្ញាតឱ្យដាក់បេក្ខជនប្រជាធិបតីរបស់ខ្លួនសម្រាប់ការបោះឆ្នោត ហើយបក្សទាំងនោះ សុទ្ធតែគាំទ្រការឈ្លានពានលើអ៊ុយក្រែន។ កន្លងមក ដៃគូប្រជែង និងជាអ្នកនយោបាយដ៏សកម្មមួយរូប លោក Alexei Navalny ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ ពីបទសកម្មភាពជ្រុលនិយម។ 
 
យ៉ាងណាមិញ អ្នកជំនាញ បានយល់ថា អ្នកអង្កេតការណ៍ឯករាជ្យ ទំនងអាចត្រូវបានហាមឃាត់ពីការឃ្លាំមើលក្នុងការបោះឆ្នោត។ នៅក្នុងខែវិច្ឆិកា លោកពូទីន បានពង្រឹងពីវិធានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដោយហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនពីការយកព័ត៌មាននៅក្នុងមណ្ឌលបោះឆ្នោត។
 
សូមបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខណៈអាណត្តិរបស់លោកពូទីន នឹងផុតនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com